ក្រសួងនគរបាលកោតសរសើរក្រុមការងារបំពេញបេសកកម្មជួយសង្គ្រោះនៅទួរគី

Chia sẻ

(VOVWORLD) - ថ្នាក់ដឹកនាំក្រសួងនគរបាលបានរៀបចំពិធីទទួលស្វាគមន៍ និងពិធីកោតសរសើរ លើកទឹកចិត្តគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ។

ក្រសួងនគរបាលកោតសរសើរក្រុមការងារបំពេញបេសកកម្មជួយសង្គ្រោះនៅទួរគី - ảnh 1ក្រសួងនគរបាល ប្រគល់ប័ណ្ណសរសើរដល់កម្មាភិបាលនិងយុទ្ធជន ដែលចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនៅប្រទេសទួរគី (រូបថត៖ VOV)

បន្ទាប់ពីរយៈពេល១០ថ្ងៃចេញដំណើរទៅបំពេញបេសកកម្មជួយសង្គ្រោះគ្រោះមហន្តរាយរញ្ជួយដីនៅប្រទេសទួរគី រសៀលថ្ងៃទី ១៩ ខែកុម្ភៈ គណៈប្រតិភូនៃក្រសួងនគរបាលវៀតណាមបានបញ្ចប់ដោយជោគជ័យនូវបេសកកម្ម និងធ្វើមាតុភូមិនិវត្តន៍។ ថ្នាក់ដឹកនាំក្រសួងនគរបាលបានរៀបចំពិធីទទួលស្វាគមន៍ និងពិធីកោតសរសើរ លើកទឹកចិត្តគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ។

ក្រុមការងារបានជួយសង្គ្រោះអ្នករស់រានមានជីវិត ១ នាក់ពីតំបន់បាក់ស្រុត; ស្វែង រក យកសាកសពជនរងគ្រោះចំនួន ១៤ នាក់ចេញពីកន្លែងតំបន់គ្រោះថ្នាក់ ហើយប្រគល់ឱ្យអាជ្ញាធរសុខាភិបាលមូលដ្ឋាន។ ក្នុងពេលជាមួយគ្នានេះ បានផ្ទេរឧបករណ៍វេជ្ជសាស្ត្រជិត ២ តោន របស់ក្រសួងនគរបាលវៀតណាម ទៅកាន់ទីភ្នាក់ងារសម្របសម្រួលជាតិទួរគី និងទៅកាន់មន្ទីរសុខភាពទីក្រុង Adiyaman។ គណៈប្រតិភូបានចុះសួរសុខទុក្ខ ផ្តល់អំណោយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយគ្រោះរញ្ជួយដី រួមទាំងគ្រួសារវៀតណាមមួយចំនួនផងដែរ។ វរសេនីយ៍ត្រី Nguyen Van Can សមាជិកនៃក្រុមបេសកកម្មជួយសង្គ្រោះវៀតណាមបានចែក រំលែកថា៖ “នៅពេលធ្វើការជាមួយកងកម្លាំងសង្គ្រោះ មិត្តភក្តិអន្តរជាតិវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម ព្រោះយើងបាននាំយកឧបករណ៍ទំនើបៗ និងបម្រើការងារប្រកបដោយប្រសិទ្ធភាព លើការងារត្រួសត្រាយផ្លូវ ស្វែងរកជនរងគ្រោះ និងយកជនរងគ្រោះចេញទៅខាងក្រៅវិញ។ ក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិ កងកម្លាំងជួយសង្គ្រោះវៀតណាមបានបង្ហាញពីវិជ្ជាជីវៈ ការប្តេជ្ញាចិត្ត និងសមត្ថភាពក្នុងការងារជួយសង្គ្រោះ”។

តាងនាមឱ្យស្ថានទូតទួរគីប្រចាំនៅវៀតណាម លោកស្រី Devletsah Yayan ឯកអគ្គរដ្ឋទូតរងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលវៀតណាម ជាពិសេសក្រសួងនគរបាលវៀតណាមដែលបានបញ្ជូនក្រុមជួយសង្គ្រោះយ៉ាងឆាប់រហ័សទៅកាន់ប្រទេសទួរគី។ ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងនគរបាល បានប្រគល់ប័ណ្ណសរសើរជូនដល់កម្មាភិបាលនិងយុទ្ធជនចំនួន ២៤ រូប ដែលបានបំពេញល្អបេសកម្មជួយសង្គ្រោះ និងជំនួយមនុស្សធម៌នៅប្រទេសទួរគី៕

ប្រតិកម្មទៅវិញ