ការរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរី៖ ចំនួនជនរងគ្រោះនៅតែបន្តកើនឡើង

Chia sẻ
(VOVWORLD) - ចំនួនជនរងគ្រោះក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៨ រិចទ័រ ដែលបានវាយប្រហារកាលពី ថ្ងៃទី ៦ ខែកុម្ភៈ នៅភាគខាងត្បូងប្រទេសទួរគី និងភាគពាយព្យនៃប្រទេសស៊ីរី នៅតែបន្តកើនឡើង។ នេះគឺជាការរញ្ជួយដីដ៏ខ្លាំងបំផុតមួយដែលបានវាយប្រហារប្រទេសទួរគីក្នុងរយៈពេលជាង ១០០ ឆ្នាំកន្លងមកនេះ។
ការរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរី៖ ចំនួនជនរងគ្រោះនៅតែបន្តកើនឡើង - ảnh 1ក្រុមអ្នកជួយសង្រ្គោះ និងអ្នកស្ម័គ្រចិត្តស្វែងរកជនរងគ្រោះ និងអ្នករស់រានមានជីវិតដែលជាប់គាំងក្រោយការរញ្ជួយដី។ (រូបថត៖ AFP/TTXVN)

គិតត្រឹមម៉ោង៩និង៣០នាទី ម៉ោង UTC ថ្ងៃទី ៧ ខែកុម្ភៈ ចំនួនអ្នកស្លាប់សរុបដោយសារការរញ្ជួយដីដែលកើតមាននៅទួរគីនិងស៊ីរីក្នុងថ្ងៃទី ៦ ខែកុម្ភៈបានកើនឡើងដល់ជាង ៥ ពាន់នាក់។ យោងតាមទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយទួរគី (AFAD) មនុស្សជាង ៣៤០០ នាក់បានស្លាប់ និងជិត ២ម៉ឺន៥រយ នាក់បានរងរបួស; អគារយ៉ាងហោចណាស់ជិត ៥.៨០០ ត្រូវបានបំផ្លាញបន្ទាប់ពីការរញ្ជួយដី។ ក្រុមជួយសង្គ្រោះកំពុងស្វែងរកជាបន្ទាន់អ្នកនៅរស់រានមានជីវិតជាបន្ទាន់ក្នុងអាកាសធាតុត្រជាក់ខ្លាំង។

កាលពីម្សិលមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា បុគ្គលិករបស់អង្គការសហប្រជាជាតិបានមានវត្តមាននៅប្រទេសទួរគី និងស៊ីរី ដើម្បីវាយតម្លៃតម្រូវការ និងជួយឧបត្ថម្ភក្រោយការរញ្ជួយដី។ លោក Guterres បានសង្កត់ធ្ងន់ថា សង្ឃឹមសហគមន៍អន្តរជាតិអាចជួយដល់គ្រួសាររាប់ពាន់គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយរញ្ជួយដី ដែលពួកគេភាគច្រើនត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។

ក្នុងពេលជាមួយគ្នានោះ អង្គការសុខភាពពិភពលោក (WHO) ក៏កំពុងបង្កើនការដាក់ពង្រាយបុគ្គលិកពេទ្យនៅក្នុងទីក្រុង Gaziantep ភាគខាងត្បូង។ WHO ក៏មានការព្រួយបារម្ភផងដែរថា ស៊ីរីដែលកំពុងជួបវិបត្តិមនុស្សធម៌រយៈពេលជាច្រើនឆ្នាំ ហើយវិបត្តិសេដ្ឋកិច្ច និងការរីករាលដាលនៃជំងឺអាសន្នរោគអាចមិនមានធនធានគ្រប់គ្រាន់សម្រាប់ដោះស្រាយបន្ទាប់ពីគ្រោះរញ្ជួយដីនេះ។

កាលពីម្សិលមិញផងដែរ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក Filippo Grandi បាននិយាយថា ទីភ្នាក់ងារនេះត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អ្នកដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយរញ្ជួយដី។
ការរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរី៖ ចំនួនជនរងគ្រោះនៅតែបន្តកើនឡើង - ảnh 2កម្លាំងជួយសង្គ្រោះស្វែងរកជនរងគ្រោះក្រោមគំនរបាក់បែកនៃអគារបាក់រលំក្នុងក្រុង Adana ប្រទេសតួកគី។ (ប្រភព៖ AP)

អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg បានបញ្ជាក់ថា សម្ព័ន្ធមិត្តនៅក្នុងប្លុកកំពុងធ្វើការដើម្បីឧបត្ថម្ភទួរគី។ ក្នុងពេលជាមួយគ្នានោះ ចក្រភពអង់គ្លេសបានបញ្ជាក់ថា ខ្លួននឹងបញ្ជូនអ្នកជំនាញការស្វែងរក និងជួយសង្គ្រោះ និងក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ទៅកាន់ទួរគី។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីម្សិលមិញថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយចាំបាច់ទាំងអស់ដល់ប្រទេសទួរគី និងស៊ីរី ដើម្បីដោះស្រាយផលវិបាកនៃការរញ្ជួយដី។ ទន្ទឹមនឹងនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទូរស័ព្ទជាមួយសមភាគីស៊ីរី លោក Bashar al-Assad ហើយបានសន្យាថា នឹងបញ្ជូនក្រុមជួយសង្គ្រោះ រួមទាំងជំនួយទៅកាន់ប្រទេសមជ្ឈិមបូព៌ា។

យោងតាមក្រសួងការបរទេសវៀតណាម គិតត្រឹមរសៀលម្សិលមិញ មិនទាន់មានរបាយការណ៍អំពីពលរដ្ឋវៀតណាម ដែលរងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរីទេ។ ក្រសួងការបរទេសបានបញ្ជាណែនាំឱ្យស្ថានទូតវៀតណាមប្រចាំនៅទួរគី និងស្ថានទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់ (ទទួលបន្ទុកស៊ីរី) ទាក់ទងអាជ្ញាធរមូលដ្ឋាន និងសហគមន៍វៀតណាម ដើម្បីស្វែងរកព័ត៌មាន និងត្រៀមចាត់វិធានការការពារប្រជាពលរដ្ឋ ក្នុងករណីពលរដ្ឋវៀតណាមជួបគ្រោះថ្នាក់ដើម្បីទទួលបានជំនួយក្នុងករណីចាំបាច់ ប្រជាពលរដ្ឋអាចទាក់ទងទៅខ្សែទូរស័ព្ទទាន់ហេតុការណ៍ការពារពលរដ្ឋ៖ - ស្ថានទូតវៀតណាមប្រចាំប្រទេសទួរគី៖ +៩០ ៥៤៥ ៧៨៥៨៥៤៨ - ស្ថានទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់ (ទទួលបន្ទុកស៊ីរី): +៩៨៩ ៣០៦ ៤៥៩៨៦៥ - មជ្ឈមណ្ឌលទូរស័ព្ទការពារប្រជាពលរដ្ឋ ៖ +៨៤.៩៨១ ៨៨៤៨៤៨៤៕

ប្រតិកម្មទៅវិញ