នាថ្ងៃទី ៣១ ខែមករា ក្រុមអ្នកជំនាញអន្តរជាតិមកពីអង្គការសុខភាពពិភពលោក (WHO) ដែលមានភារកិច្ចរកឱ្យឃើញអំពីដើមប្រភពនៃជំងឺ COVID-19 បានទៅដក់ផ្សារមួយក្នុងទីក្រុងវូហាន (Wuhan) នៃប្រទេសចិន ដែលជាកន្លែងមួយដែលត្រូវបានរកឃើញករណីឆ្លងវីរុស SARS-CoV-2 ដំបូងបង្អស់នៅប្រទេសនេះកាលពីមួយឆ្នាំមុន។ ក្រុមការងារនេះបានទៅកាន់ផ្សារលក់គ្រឿងសមុទ្រ Huanan - ជាទីកន្លែងដែលនៅតែត្រូវបានគេបិទចាប់តាំងពីខែមករាឆ្នាំ ២០២០ និងដាក់កំហិតហាមមិនអនុញ្ញាតឲ្យប្រជាជនក្នុងស្រុកចេញចូលផងដែរ។
មុននោះនៅថ្ងៃទី ៣០ ខែមករា ក្រុមអ្នកជំនាញបានទៅកាន់មន្ទីរពេទ្យ Jinyintan ក្នុងទីក្រុង Wuhan ដែលជាកន្លែងកំពុងព្យាបាលអ្នកជម្ងឺដំបូងឆ្លងវីរុស SARS-CoV-2។ តាមផែនការ ក្រុមការងារគ្រោងនឹងធ្វើការស៊ើបអង្កេត ដែលមានរយៈពេលច្រើនសប្តាហ៍ ដើម្បីបញ្ជាក់ពីរបៀបឆ្លងវីរុស SARS-CoV-2 ផងដែរ៕