ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីស្ថានភាពទំនប់វារីអគ្គិសនី GERD របស់អេត្យូពី

Chia sẻ

(VOVWORLD) -  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំមួយនៅថ្ងៃទី ៨ ខែកក្កដាដើម្បីពិភាក្សាពីស្ថានភាពគម្រោងទំនប់វារីអគ្គិសនីដ៏ធំជាងគេលើទន្លេនីលរបស់ប្រទេសអេត្យូពី - Grand Ethiopian Renaissance Dam (GERD) ក្រោមចំណងជើងថា “សន្តិភាពនិងសន្តិសុខនៅទ្វីបអាហ្វ្រិក”។

បណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខបានផ្ញើសាររួមមួយអំពាវនាវឱ្យអេហ្ស៊ីប អេត្យូពី និង ស៊ូដង់ ជួបពិភាក្សាគ្នាក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការនិងសុច្ឆន្ទៈដើម្បីស្វែងរកដំណោះស្រាយដែលគាប់ចិត្តនិងអាចទទួលយកបានសម្រាប់ភាគីទាំងអស់។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីនិន្នាការ ដែលលំហូរអន្តរជាតិជាច្រើនកំពុងត្រូវបានធ្វើអាជីវកម្មដោយគ្មាននិរន្តរភាព និងមិនធានានូវផលប្រយោជន៍ស្របច្បាប់របស់ប្រទេសដទៃទៀត ជាពិសេសបណ្តាប្រទេសនៅខ្សែទឹកខាងក្រោម។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថាការប្រើប្រាស់ប្រភពទឹកសម្រាប់គោលបំណងអភិវឌ្ឍន៍គឺជាសិទ្ធិស្របច្បាប់ ប៉ុន្តែលោកក៏ចាត់ទុកថា ការប្រើប្រាស់ប្រភពទឹកអន្តរជាតិត្រូវតែស្របតាមច្បាប់អន្តរជាតិនិងការប្តេជ្ញាចិត្តរបស់ប្រទេសពាក់ព័ន្ធ ដោយផ្អែកលើការពេញចិត្តគ្នាទៅវិញទៅមក ធ្វើឱ្យសុខដុមនីយកម្មផលប្រយោជន៍នៃបណ្តាប្រទេសដែលទទួលផលពីទន្លេ ដើម្បីធានាប្រើប្រាស់ប្រកបដោយនិរន្តរភាពនិងការចែករំលែកធនធានទឹកប្រកបដោយសមធម៌។

ទាក់ទងនឹងគម្រោងទំនប់វារីអគ្គិសនីរបស់ប្រទេសអេត្យូពី លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវគោលបំណងថា បណ្តាប្រទេសនានាបន្តខិតខំប្រឹងប្រែងនិងលើកកម្ពស់លទ្ធផលដែលទទួលបាន ជាពិសេសក្នុងការអនុវត្តសេចក្តីប្រកាសអំពីរាល់គោលការណ៍សម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីនៃប្រទេសអេត្យូពី (DoPs 2015) ដែលរួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់។

លោកឯកអគ្គរដ្ឋទូតបានគាំទ្រតួនាទីនិងការទទួលខុសត្រូវរបស់សហភាពអាហ្រ្វិក ក្នុងការជំរុញការចរចារនិងសម្របសម្រួលបញ្ហាក្នុងតំបន់។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវដល់ភាគីនានាឱ្យជៀសវាងពីសកម្មភាពដែលអាចបង្កើនភាពតានតឹង និងប៉ះពាល់ដល់ឱកាសនៃការ ឈានទៅរកដំណោះស្រាយនៅក្នុងបញ្ហានេះ៕

ប្រតិកម្មទៅវិញ