ជាក់ស្តែង ក្នុងរយៈពេលពីរទសវត្សរ៍កន្លងទៅ ការកើនឡើងកម្ពស់ទឹកសមុទ្របានបង្កើនហានិភ័យនៃទឹកជំនន់សម្រាប់ប្រជាជន ១៤លាននាក់នៅឆ្នេរសមុទ្រ ហើយហានិភ័យនេះត្រូវបានរំពឹងថានឹងកើនឡើងជិត ៥ ដងនៅឆ្នាំ ២១០០ ដែលប៉ះពាល់ដល់ប្រជាជនជិត ៧៣ លាននាក់។
កម្លាំងជួយសង្គ្រោះបានជម្លៀសកុមារចេញពីតំបន់ជន់លិចក្នុងទីក្រុង Catarman ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN |
UNDP សហការជាមួយមន្ទីរពិសោធន៍ផលប៉ះពាល់អាកាសធាតុ (CIL) បានបោះពុម្ពទិន្នន័យខាងលើតាមរយៈវេទិកា Human Climate Horizons ។ ឧបករណ៍នេះ ផ្តល់ផែនទីលម្អិតអំពីហានិភ័យនៃទឹកជំនន់ ដោយគូសសញ្ញាសំគាល់ តំបន់ដែលផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធមានហានិភ័យខ្ពស់បំផុតពីការកើនឡើងនៃកម្រិតទឹកសមុទ្រ។
គួរកត់សម្គាល់ថា តំបន់នៅអាមេរិកឡាទីន អាហ្រ្វិក និងអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរនៃទឹកជំនន់ជាញឹកញាប់។ ប្រការនេះអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍របស់មនុស្សជាតិ ជាពិសេសនៅតំបន់ដីទាបក្នុងប្រទេសកោះតូចៗដែលកំពុងអភិវឌ្ឍន៍។
នៅក្រោមសេណារីយ៉ូនៃការឡើងកំដៅភពផែនដីដ៏ធ្ងន់ធ្ងរបំផុត ផ្ទៃដីនៅឆ្នេរសមុទ្រប្រហែល ១៦០.០០០ គីឡូម៉ែត្រការ៉េ អាចស្ថិតនៅក្រោមនីវ៉ូទឹកសមុទ្រ នៅឆ្នាំ ២១០០។ សេណារីយ៉ូនេះនឹងប៉ះពាល់ដល់ទីក្រុងឆ្នេរសមុទ្រធំៗក្នុងប្រទេសដូចជាអេក្វាឌ័រ ឥណ្ឌា និងវៀតណាម។ UNDP ព្រមានថា បើគ្មានប្រព័ន្ធទំនប់ប្រកបដោយប្រសិទ្ធភាពទេ ទីក្រុងធំៗមួយចំនួននៅទូទាំងពិភពលោកអាចមើលឃើញច្រើនជាង ៥% នៃផ្ទៃដីរបស់ពួកគេលិចលង់ដោយទឹកជំនន់នៅចុងសតវត្សន៍នេះ៕