គណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែន នៅក្នុងកិច្ចចរចានៅតំបន់ Gomel ប្រទេសបេឡារុស ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ (រូបថត៖ THX/TTXVN) |
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសកាលពីថ្ងៃទី ១២ ខែមីនាថា ដំណើរការចរចារដើម្បីដោះស្រាយវិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលតាំងពីមុនបានប្រព្រឹត្តិទៅដោយផ្ទាល់នៅបេឡារុស្ស បានផ្ទេរទៅតាមទម្រង់អនឡាញវិញ។ នៅថ្ងៃទី១២ ខែមីនា នេះដែរ បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេលជិត ២ម៉ោង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz បានយល់ព្រម បន្តទំនាក់ទំនងលើបញ្ហាអ៊ុយក្រែន នារយៈពេលខាងមុខ។
សេចក្តីប្រកាសព័ត៌មានរបស់វិមានក្រឹមឡាំងបានឲ្យដឹងថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ប្រធានាធិបតី រុស្ស៊ី លោក Putin បានជូនដំណឹងដល់មេដឹកនាំទាំងពីរ បារាំង និងអាល្លឺម៉ង់ អំពីស្ថានភាពមនុស្សធម៌ជាក់ស្តែងនៅក្នុងតំបន់ដែលរុស្ស៊ីបានដាក់ពង្រាយប្រតិបត្តិការយោធាពិសេសនៅ Donbass ភាគខាងកើតប្រទេសអ៊ុយក្រែន។ លោកបានលើកច្បាស់ថា កងកម្លាំងសន្តិសុខអ៊ុយក្រែនបានបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើច្បាប់មនុស្សធម៌អន្តរជាតិ ដូចជាការចាប់ចំណាប់ខ្មាំង និងប្រើប្រាស់ជនស៊ីវិលជាខែលរបាំង ការដាក់អាវុធធុនធ្ងន់នៅតាមតំបន់លំនៅដ្ឋាន នៅជិតមន្ទីរពេទ្យ សាលារៀន សាលាមត្តេយ្យ...។ លើសពីនេះទៅទៀត ការជម្លៀសជនស៊ីវិលតាមរយៈច្រករបៀងមនុស្សធម៌ដែលរុស្ស៊ីបើកចេញ ក៏ត្រូវបានរារាំងផងដែរ។ លោកប្រធានាធិបតី Putin បានអំពាវនាវដល់លោកប្រធានាធិបតី Macron និងនាយករដ្ឋមន្ត្រី Scholz ដាស់តឿនអាជ្ញាធរអ៊ុយក្រែន ឱ្យបញ្ឈប់អំពើឧក្រិដ្ឋកម្មបែបនេះ។
មេដឹកនាំនៃប្រទេសទាំងបីក៏បានពិចារណាលើបញ្ហាមួយចំនួន ទាក់ទងនឹងកិច្ចព្រមព្រៀងស្តីពីការអនុវត្តតម្រូវការរបស់រុស្ស៊ី ហើយបានយល់ព្រមបន្តទំនាក់ទំនងលើបញ្ហាអ៊ុយក្រែន។
ទន្ទឹមនឹងនោះ កាលពីថ្ងៃទី១២ ខែមីនា ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា អាមេរិកបានត្រៀមខ្លួនជាស្រេច ធ្វើកិច្ចចរចាការទូតជាមួយរុស្ស៊ី ដើម្បីជំរុញដំណើរការសន្តិភាពនៅអ៊ុយក្រែន ប្រសិនបើក្រុងគៀវ ចាត់ទុកថាប្រការនេះមានប្រយោជន៍៕