ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុន |
ក្នុងសុន្ទរកថារបស់ខ្លួន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុន បានស្នើអាស៊ានឲ្យធ្វើការងារឈានទៅរកការបង្កើត ច្រករបៀងធ្វើដំណើរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរធុរកិច្ច ប្រកបដោយសុវត្ថិភាព និងជាបណ្ដើរៗ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ ។ លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ក្នុងភាពតានតឹងប្រឈមដាក់គ្នារវាងមហាអំណាច និងការដើរថយក្រោយពហុភាគីនិយម អាស៊ានមិនមានចំណាប់អារម្មណ៍ក្នុងការកាន់ជើងភាគីណាមួយទេ អាស៊ានត្រូវប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវស្មារតីឯកភាព និងមជ្ឈភាពអាស៊ាន ដើម្បីអនុវត្តន៍នូវគោលការណ៍ មាគ៌ាអាស៊ាន។ លោកបានបន្ថែមថា មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) នឹងមាននាយកប្រតិបត្តិថ្មីនៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់វៀតណាម ស្ដីពី មិត្តភាពរបស់ ARMAC ( FOA) ក្នុងគោលបំណង ដើម្បីកៀរគរការគាំទ្របន្ថែមទៀតដល់មជ្ឈមណ្ឌល៕