សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ Facebook សម្តេច) |
កាលពីថ្ងៃទី២៦ ខែតុលា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺ កូវីដ ១៩ ចំនួន ២០ម៉ឺនដូស ដល់រដ្ឋាភិបាល និងប្រជាជន វៀតណាម ហើយបានប្រគល់ឲ្យលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ តំណាងសម្ដេច តេជោ ហ៊ុន សែន ប្រគល់ចំនួនវ៉ាក់សាំងនេះជូនភាគីវៀតណាម។ ពិធីប្រគល់វ៉ាក់សាំងខាងលើ គម្រោងនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៩ តុលា នៅច្រកទ្វារអន្តរជាតិ Bavet-Moc Bai។
ភាគីកម្ពុជាបានបញ្ជាក់ថា ការប្រគល់ជូននូវវ៉ាក់សាំងទាំងនេះដល់វៀតណាម មានគោលបំណងចូលរួមចំណែកជួយប្រជាជនវៀតណាមយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ដែលកំពុងមានការវិវឌ្ឍយ៉ាងស្មុគ្រស្មាញសព្វថ្ងៃនេះ។ សកម្មភាពនេះក៏បង្ហាញពីការចែករំលែករវាងប្រទេសជិតខាងទាំងពីរ ក៏ដូចជាការយកចិត្តទុកដាក់ផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះសុខភាព និងសុភមង្គលរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ។
សូមគូសបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ហើយមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញក្នុងប្រទេសនីមួយៗ រហូតមកដល់ពេលនេះ កម្ពុជានិងវៀតណាម បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ស្បៀងអាហារ និងបរិក្ខារពេទ្យជាច្រើនទៅវិញទៅមក ពីថ្នាក់រដ្ឋាភិបាល រហូតដល់ថ្នាក់មូលដ្ឋាន ក្រសួង និងស្ថាប័ននានាផងដែរ៕