កិច្ចប្រជុំបានឯកភាពថា មជ្ឈមណ្ឌល AHAC នឹងធ្វើការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយក្រុមការងារទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ដើម្បីកំណត់ការអនុវត្តក្របខ័ណ្ឌនៃបេសកកម្មនៅតាមរដ្ឋនិងតំបន់នានា (នៃប្រទេសមីយ៉ាន់ម៉ា) រួមមាន Kyah, Kayin, Magway, Saigang និង Bago។ ដោយមានការឯកភាពពីក្រុមការងារទទួលបន្ទុកមីយ៉ាន់ម៉ានោះ មជ្ឈមណ្ឌល AHA នឹងលើកកម្ពស់ការទាក់ទងផ្ទាល់ជំនួយនិងផ្គត់ផ្គង់ជំនួយ។ ក្រុមការងារទទួលបន្ទុកមីយ៉ាន់ម៉ានឹងធានាសន្តិសុខនិងសុវត្ថិភាព សម្រាប់សមាជិកនៃក្រុមជួយសង្គ្រោះ។
មជ្ឈមណ្ឌល AHA និងក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានយល់ព្រម ផ្ទេរវ៉ាក់សាំងបង្ការកូវីដ-១៩ ទៅកាន់មូលដ្ឋានដែលខ្វះខាតឲ្យបានទាន់ពេលវេលា និងដាក់ពង្រាយការចាក់វ៉ាក់សាំងនៅតាមឃុំនីមួយៗផងដែរ។
កិច្ចប្រជុំក៏បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តកម្រិតខ្ពស់របស់អាស៊ាន និងអង្គការសហប្រជាជាតិ ក្នុងការឆ្លើយតបរួមចំពោះស្ថានភាពមនុស្សធម៌នៅមីយ៉ាន់ម៉ា និងបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងពង្រីកសកម្មភាពរបស់ដៃគូមជ្ឈមណ្ឌល AHA ក្នុងគម្រោងការមនុស្សធម៌រយៈពេលវែង៕