ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌ |
នាព្រឹកថ្ងៃទី ២៦ ខែឧសភា កម្ពុជាបានអនុវត្តន៍ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌនៅទូទាំងប្រទេស ដោយមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ១១ ៥៧២ រូប។ នេះគឺជាលើកទី៣ ហើយ ដែលកម្ពុជាបានអនុវត្តន៍ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា៖ ការបោះឆ្នោតឆ្នាំនេះ មានគណបក្សនយោបាយចំនួន ៧ បានចុះឈ្មោះចូលរួមបោះឆ្នោត ដែលរួមមាន៖ គណបក្សប្រជាជនកម្ពុជា (CPP) គណបក្សខ្មែររួបរួមជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជន គណបក្សឆន្ទៈខ្មែរ និងគណបក្សខ្មែរសាធារណរដ្ឋ។ ទន្ទឹមនឹងនេះ មានអ្នកសង្កេតការណ៍ចំនួន ១ ០១០ រូប និង អ្នកការសែតជាតិ និងអន្តរជាតិប្រមាណ ៣០០ នាក់ បានចូលរួមឃ្លាំមើលការបោះឆ្នោតនេះ។
ក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌ មានអាណត្តិ ៥ ឆ្នាំ។ ក្រុមប្រឹក្សាទាំងនេះបានដើរតួនាទីដ៏សំខាន់ក្នុងការឃ្លាំមើលសកម្មភាព រួមចំណែកទៅក្នុងការដឹកនាំ និងសម្របសម្រួលរបស់អជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់៕