រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី ១១ មករា (ម៉ោងនៅវៀតណាម) លោកស្រី Mary Ng រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ជំរុញការនាំចេញ សហគ្រាសធុនតូច និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កាណាដា និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា(MOU) ស្ដីពីការបង្កើតគណៈកម្មការសេដ្ឋកិច្ចចម្រុះ (JEC) រវាងវៀតណាម និងកាណាដា តាមប្រព័ន្ធអនឡាញ។
អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Mary Ng បានអះអាងថា កាណាដាបានទទួលស្គាល់សារៈសំខាន់កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ នៃការបង្កើតឱកាសពាណិជ្ជកម្មជាមួយវៀតណាម និងតំបន់មហាសមុទ្ធឥណ្ឌា ប៉ាស៊ីហ្វិក ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ កំណើនសេដ្ឋកិច្ចរយៈពេលវែង និងសមត្ថភាពប្រកួតប្រជែងរបស់កាណាដា។ សហគ្រាស និងពលករនៅទាំងកាណាដា និងវៀតណាមនឹងទទួលបានផលប្រយោជន៍ពីខ្សែសង្វាក់ផ្គត់ផ្គង់សម្បូរបែប និងខ្លាំងមាំមួន ដោយមានការជួយឧបត្ថម្ភរបស់គណៈកម្មការសេដ្ឋកិច្ចចម្រុះ។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា(MOU) ស្ដីពីការបង្កើតគណៈកម្មការសេដ្ឋកិច្ចចម្រុះ (JEC) រវាងវៀតណាម និងកាណាដា (រូបថត៖ VNA) |
អនុស្សារណៈនៃការយោគយល់គ្នានេះនឹងបង្កើតមូលដ្ឋានគ្រឹះដើម្បីបង្កើនកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការស្ដីពីអាទិភាពរួម និងលេចចេញថ្មីជាមួយវៀតណាម ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កាណាដាក្នុងប្លុកអាស៊ាន។ អនុស្សារណៈនៃការយោគយល់នេះមិនត្រឹមតែបានរួមចំណែកពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេភាគីកាណាដា-វៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្កើនវត្តមានរបស់កាណាដានៅតំបន់ មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក ព្រមទាំងបង្កើតឱកាសសម្រាប់សហគ្រាសកាណាដាពង្រីកទំហំ និងអភិវឌ្ឍន៍នៅលើឆាកអន្តរជាតិទៀតផង៕