នាថ្ងៃទី ២៦ មីនា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងអ៊ីស្រាអែល និងបណ្តាប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានចូលជាធរមាន បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគយ គូសសញ្ញាសម្គាល់នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចដំបូងដែលអ៊ីស្រាអែលសម្រេចបានជាមួយប្រទេសអារ៉ាប់មួយ។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Eli Cohen និងឯកអគ្គរដ្ឋទូត UAE ប្រចាំនៅអ៊ីស្រាអែល Mohamed Al Khaja បានចូលរួមក្នុងពិធីចុះហត្ថលេខានៅចំពោះមុខនាយករដ្ឋមន្ត្រី Benjamin Netanyahu។ ជាមួយនឹងព្រឹត្តិការណ៍នេះ FTA ដែលភាគីទាំងពីរសម្រេចបានក្នុងខែឧសភា ឆ្នាំ ២០២២ បានចូលជាធរមានជាផ្លូវការ។
សេចក្តីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង FTA ទ្វេភាគីរវាងអ៊ីស្រាអ៊ែល-អេមីរ៉ាតអារ៉ាប់រួមត្រូវបានរំពឹងថា នឹងកាត់បន្ថយពន្ធគយ និងកាត់បន្ថយចំណាយលើជីវភាព ម្យ៉ាងវិញទៀតដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លើសពីនេះ ក្រុមហ៊ុនអ៊ីស្រាអែលនឹងមានឱកាសចូលរួមក្នុងកញ្ចប់ដេញថ្លៃរបស់រដ្ឋាភិបាល UAE។ ក្រសួងការបរទេសអ៊ីស្រាអែលបាននិយាយថា ប្រទេសអេមីរ៉ាតអារ៉ាប់រួមឥឡូវជាដៃគូពាណិជ្ជកម្មធំទី ១៦ របស់ខ្លួន។ ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនឈានដល់ជាង ២,៥ ពាន់លានដុល្លារអាមេរិក។ ចំនួននេះត្រូវបានរំពឹងថានឹងកើនឡើងដល់ ៥ ពាន់លានដុល្លារក្នុងដំណាក់កាល ២០២៣-២០២៤។ បច្ចុប្បន្ន អ៊ីស្រាអែលក៏កំពុងចរចាជាមួយបារ៉ែនដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕