កងទ័ពអ៊ីស្រាអែលនៅទីតាំងមួយនៅភាគខាងជើងហ្កាហ្សា។ រូបថត៖ AFP |
ចាប់ពីវេលាម៉ោង ៧ ព្រឹក (ម៉ោងក្នុងតំបន់) បទឈប់បាញ់ទូលំទូលាយនៅតំបន់ហ្គាហ្សាចាប់ផ្ដើមចូលជាធរមាន។ យោងតាមកិច្ចព្រមព្រៀងចំណាប់ខ្មាំងរវាងភាគីទាំងពីរ ក្រុមទីមួយ រួមមានជនស៊ីវិលចំនួន ១៣ នាក់នឹងត្រូវបានចាកចេញពីតំបន់ហ្គាហ្សានាវេលាម៉ោង ១៦ នាថ្ងៃដដែល។
នេះគឺជាព័ត៌មាន ដែលត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al-Ansari ផ្ដល់ជូនមជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី ២៣ វិច្ឆិកា។ លោក Majed Al-Ansari បានឲ្យដឹងថា បញ្ជីឈ្មោះជនស៊ីវិលទាំងអស់ដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស់ត្រូវបានរំដោះឲ្យមានសេរីភាពគឺបានឯកភាពគ្នាហើយ។ កាតាគឺជាអាជ្ញាកណ្ដាលសម្រុះសម្រួលសម្រាប់កិច្ចព្រមព្រៀងឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ខ្មាំងនេះ។
មុននោះ នាថ្ងៃទី ២២ វិច្ឆិកា អ៊ីស្រាអែល និងក្រុមហាម៉ាសបានព្រមព្រៀង ឈប់បាញ់គ្នាជាប៉ុណ្ដោះអាសន្នរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ វិច្ឆិកា ដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំងយ៉ាងហោចណាស់ ៥០ នាក់ ដែលត្រូវបានចាប់ខ្លួន នាំទៅកាន់តំបន់ហ្គាស្សា និងជនប៉ាឡេស្ទីនប្រហែល ១៥០ នាក់ដែលត្រូវបានអ៊ីស្រាអែលចាប់ឃុំខ្លួននៅប៉ាឡេស្ទីន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ ក្នុងសេចក្តីប្រកាសចុងក្រោយនាថ្ងៃទី ២២ វិច្ឆិកា ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Tzachi Hanegbi បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងមិនចូលជាធរមាននៅថ្ងៃទី ២៣ វិច្ឆិកា ដូចការរំពឹងទុកឡើយ។
ក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធមួយទៀត នាថ្ងៃទី ២៣ វិច្ឆិកា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសរុស្ស៊ី លោក Alexander Ben Zvi បានប្រកាសថារដ្ឋជ្វីហ្វនឹងបន្តបង្កើនយុទ្ធនាការនៅតំបន់ហ្គាហ្សា បន្ទាប់ពីចំណាប់ខ្មាំងត្រូវបានដោះលែង។ លោកឯកអគ្គរដ្ឋទូត Ben Zvi បានអះអាងថា "អ៊ីស្រាអែលនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានាសុវត្ថិភាពជូនប្រជាជនរបស់ខ្លួន"ផងដែរ៕