អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹម និងប្រធានាធិបតីនៃសាធារណរដ្ឋម៉ូសំប៊ិក លោក Filipe Jacinto Nyusi (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី៩ ខែកញ្ញា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអញ្ជើញ ជួបសន្ទនាដោយឡែក និងជួបពិភាក្សាការងារជាមួយប្រធានាធិបតីលោក Filipe Jacinto Nyusi។
ក្នុងជំនួបដាច់ដោយឡែក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអបអរសាទរចំពោះសមិទ្ធិផលដែលរដ្ឋ និងប្រជាជនម៉ូសំប៊ិកសម្រេចបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស FRELIMO ក្នុងការរក្សាស្ថិរភាពនយោបាយ សាមគ្គីភាព និងការផ្សះផ្សាជាតិសាសន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសម៉ូសំប៊ិក។ ភាគីទាំងពីរបានឯកភាពពង្រឹងទំនាក់ទំនងប្រពៃណីរវាងបក្សទាំងពីរ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី តាមរយៈការរក្សាសកម្មភាពស្រាវជ្រាវទ្រឹស្តី ផ្លាស់ប្តូរបទពិសោធន៍ និងឧបត្ថម្ភការបណ្តុះបណ្តាលបុគ្គលិក។
នៅក្នុងជំនួបពិភាក្សា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសម្តែងនូវជំនឿថា ដំណើរទស្សនកិច្ចនេះនឹងបង្កើតនូវសន្ទុះថ្មី ជំរុញនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពប្រពៃណីដ៏ល្អប្រសើរដែលបាន ថ្នាក់ដឹកនាំច្រើនជំនាន់ និងប្រជាជននៃប្រទេសទាំងពីរបានទទួលមរតក ពូនជ្រុំ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់។
ទិដ្ឋភាពនៃជំនួបពិភាក្សារវាងគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងម៉ូសំប៊ិក (រូបថត៖ VOV) |
រីឯខ្លួនវិញ លោកប្រធានាធិបតី Filipe Jacinto Nyusi បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លា ក៏ដូចជាកិត្យានុភាព និងឋានៈលើឆាកអន្តរជាតិ ដែលវៀតណាមសម្រេចបាន។ លោកប្រធានាធិបតីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងវិស័យកសិកម្ម ហើយសង្ឃឹមថា វៀតណាមជួយឧបត្ថម្ភ ម៉ូសំប៊ិកក្នុងការអភិវឌ្ឍវិស័យកសិកម្ម។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់លើគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋសភា ក្រសួង មន្ទីរ អង្គភាព និងមូលដ្ឋាន ដើម្បីពង្រឹងនិងពង្រីកជំនឿទុកចិត្តផ្នែកនយោបាយ ធ្វើជាមូលដ្ឋានបង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ រួមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ប្រទេសនីមួយៗនៅអង្គការដែលប្រទេសរៀងៗខ្លួនជាសមាជិកដូចជា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សហភាពអាហ្វ្រិក (AU) និងសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC)។ លើវិស័យពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាពបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗដើម្បីចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក។ ស្តីពីអំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានចែករំលែកទស្សនៈរួមអំពីសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយសង្កត់ធ្ងន់លើការគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងលោកប្រធានាធិបតី Filipe Jacinto Nyusi បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួនពីរ រួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងធនធានរ៉ែ និងថាមពលប្រទេសម៉ូសំប៊ិក និងអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម និងក្រសួងសមុទ្រ ទឹក នេសាទនៃប្រទេសម៉ូសំប៊ិក៕