រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV) |
នៅទីនេះបណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាននិងចិនបានចែករំលែកនូវទិសដៅអភិវឌ្ឍន៍សំខាន់ៗជាច្រើន សម្រាប់ទំនាក់ទំនងទ្វេភាគី ដែលក្នុងនោះបានឯកភាពផ្តល់អាទិភាពខ្ពស់ដល់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងជំរុញការស្តារអាស៊ានឡើងវិញ។ ចិនបានអះអាងថា ខ្លួននឹងបន្តបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់បណ្តាប្រទេសអាស៊ាននិងគាំទ្រអាស៊ានបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ ផលិតកម្មនិងចែកចាយវ៉ាក់សាំង។ ប្រទេសចិនក៏នឹងសហការយ៉ាងសកម្មជាមួយអាស៊ាន ដើម្បីជំរុញការស្តារឡើងវិញ តាម រយៈការអនុវត្តក្របខ័ណ្ឌមេនៃការស្តារអាស៊ាន ការផ្តល់លក្ខណៈងាយស្រួលលើពាណិជ្ជកម្ម-វិនិ យោគ និងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - ចិន (ACFTA) ប្រកបដោយប្រសិទ្ធភាព និងដាក់កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឲ្យចូលជាធរមាន។
អង្គប្រជុំបានអះអាងថា ការថែរក្សាបរិស្ថានសន្តិភាព សន្តិសុខនិងស្ថេរភាពក្នុងតំបន់រួមទាំងសមុទ្រខាងកើត គឺជាចំណាប់អារម្មណ៍និងផលប្រយោជន៍រួមរបស់អាស៊ាននិងចិន។ ក្រុមរដ្ឋមន្រ្តីបានស្វាគមន៍ចំពោះកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនលើកទី ១៩ ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលបានធ្វើឡើងនៅមុនថ្ងៃបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះ។ ក្រុមរដ្ឋមន្រ្តីបានសន្យាបន្តអនុវត្តន៍ DOC ប្រកបដោយប្រសិទ្ធភាពបន្តដំណើរការចរចាដើម្បីកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយលក្ខណៈជាក់ស្តែង មានប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ១៩៨២ ផងដែរ។
ទិដ្ឋភាពនៃកិច្ចប្រជុំពិសេស ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន (រូបថត៖ VOV) |
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមនឹងចូលរួមយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ាននិងចិន ដើម្បីពង្រឹងការសន្ទនានយោបាយ លើកកំពស់ការយោគយល់គ្នា ការជឿទុកចិត្តគ្នានិងការគោរពគ្នាទៅវិញទៅមក។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនាំទំនាក់ទំនងទ្វេភាគីនេះទៅជាគំរូនៃភាពជាដៃគូប្រកបដោយស្ថេរភាព និងចីរភាពរវាងបណ្តាប្រទេសជិតខាង។ លោករដ្ឋមន្រ្តី Bui Thanh Son បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរវាងអាស៊ាននិងចិនក្នុងការថែរក្សាបរិយាកាសសន្តិភាព សន្តិសុខ ស្ថិរភាពនិងការគោរពច្បាប់ជាចម្បងក្នុងតំបន់ តាមរយៈសកម្មភាពប្រកបដោយការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការប្រកបដោយសុឆន្ទៈ មានភាពអត់ធ្មត់និងដោះស្រាយដោយសន្តិវិធីរាល់ជម្លោះនិងភាពខុសគ្នា។ យ៉ាងណាមិញ វៀតណាមនឹងបន្តធ្វើការជាមួយបណ្តាប្រទេសអាស៊ាននិងចិន ដើម្បីអនុវត្តន៍ DOC យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនិងកសាង COC ប្រកបដោយសុពលភាពនិងប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិនិង UNCLOS ១៩៨២។
ទាក់ទងនឹងបញ្ហាមីយ៉ាន់ម៉ា បណ្តាប្រទេសអាស៊ាននឹងបន្តគាំទ្រដល់មីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយរយៈពេលវែងដើម្បីស្ថិរភាពស្ថានការណ៍ ធានាសុវត្ថិភាពនិងស្ថេរភាពជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងចង់ឲ្យចិនគាំទ្រយ៉ាងសកម្មចំពោះរាល់ការខិតខំប្រឹងប្រែងនេះរបស់អាស៊ាន៕