យោងតាមប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមបូព៌ា បានផ្សព្វផ្សាយនូវព័ត៌មាននាថ្ងៃទី ៣០ ខែមីនាថា រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអារ៉ាប់ បានត្រៀមរៀបចំ ពង្រាងសេចក្តីសម្រេចចិត្តជាច្រើន មុននឹងប្រារព្ធកិច្ចប្រជុំកំពូល AL។ កិច្ចប្រជុំបំរុងរបស់រដ្ឋមន្រ្តីការបរទេសបណ្តាប្រទេសអារ៉ាប់ ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៩ ខែមីនា បានផ្តោតការពិភាក្សាលើបញ្ហាមួយចំនួនដែលគ្រោងនឹងដាក់បញ្ចូលទៅក្នុងរបៀបវារៈនៅឯកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ។ រដ្ឋមន្ត្រីការបរទេសទាំងអស់ក៏បានអនុម័តនូវដំណោះស្រាយមួយចំនួនដែលនឹងដាក់ជូនថ្នាក់ដឹកនាំអារ៉ាប់ផងដែរ។ លើបញ្តាញ Arab News បានឲ្យដឹងថា ពង្រាងសេចក្តីសម្រេចចិត្តជាច្រើនត្រូវបានលើកឡើងទៅលើបញ្ហាសំខាន់ៗដូចជា ប៉ាឡេស្ទីន ការប៉ះទង្គិចរវាងអារ៉ាប់-អ៊ីស្រាអែល ខ្ពង់រាបហ្គោឡាន បម្រែបម្រួលនៅប្រទេសស៊ីរី យេម៉ែននិងលីប៊ីជាដើម។ លើសពីនេះទៀត កិច្ចប្រជុំកំពូល AL ក៏នឹងពិភាក្សាផងដែរ អំពីស្ថានការណ៍នៃប្រទេសអ៊ីរ៉ាក់ សូម៉ាលី ស៊ូដង់និងកូម៉ូរ៉ូ ជាដើម៕