កិច្ចប្រជុំកំពូល G7៖ ចេញសេចក្តីថ្លែងការណ៍ស្តីពីវិបត្តិរុស្ស៊ី-អ៊ុយក្រែន

Chia sẻ
(VOVWORLD) - បន្ទាប់ពីសុន្ទរកថាតាមអ៊ីនធឺណិតរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ទៅកាន់កិច្ចប្រជុំនោះ មេដឹកនាំនៃប្រទេស G7 បានសន្យារក្សា និងបង្កើនសម្ពាធសេដ្ឋកិច្ច និងនយោបាយ លើប្រទេសរុស្ស៊ី។ 
កិច្ចប្រជុំកំពូល G7៖ ចេញសេចក្តីថ្លែងការណ៍ស្តីពីវិបត្តិរុស្ស៊ី-អ៊ុយក្រែន - ảnh 1មេដឹកនាំប្រទេសសមាជិក G7 និងមេដឹកនាំ EU នៅក្នុងកិច្ចប្រជុំកំពូល G7 កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)
កាលពីថ្ងៃទី ២៧ ខែមិថុនា នៅក្នុងថ្ងៃធ្វើការទី២នៃកិច្ចប្រជុំកំពូលក្រុមប្រទេស មហាអំណាចឧស្សាហកម្មទាំង៧ (G7) នៅប្រទេសអាឡឺម៉ង់ មេដឹកនាំនៃប្រទេសជា សមាជិក G7 បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីភាពតានតឹងរុស្ស៊ី-អ៊ុយក្រែន ហើយ ពិចារណាលើកញ្ចប់សកម្មភាពថ្មីដើម្បីបង្កើនសម្ពាធលើទីក្រុងម៉ូស្គូទាក់ទងនឹងបញ្ហាអ៊ុយក្រែនផងដែរ។
បន្ទាប់ពីសុន្ទរកថាតាមអ៊ីនធឺណិតរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ទៅកាន់កិច្ចប្រជុំនោះ មេដឹកនាំនៃប្រទេស G7 បានសន្យារក្សា និងបង្កើនសម្ពាធសេដ្ឋកិច្ច និងនយោបាយលើប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនោះ G7 បាន បញ្ជាក់ថា "នឹងបន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ មនុស្សធម៌ យោធា និងការទូត ហើយ ប្រកៀកស្មាជាមួយអ៊ុយក្រែនក្នុងគ្រាចាំបាច់” ផងដែរ។ សេចក្ដីថ្លែងការណ៍បានលើកច្បាស់ថា ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចនេះ នឹងខិតខំបង្កើតឡើង “ច្រករបៀង សុវត្ថិភាព” សម្រាប់ជនភៀសខ្លួន ដោយការជួយសម្រួលដល់នីតិវិធីអន្តោប្រវេសន៍ និងតម្រូវការទិដ្ឋាការ ព្រមទាំងនឹងខិតខំបំពេញតម្រូវការមនុស្សធម៌របស់អ៊ុយក្រែន រួមទាំងការស្ថាបនាប្រទេសឡើងវិញ ដែលអាចរាប់បញ្ចូលទាំងការប្រើប្រាស់ទ្រព្យ សម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកក្រោមច្បាប់ជាតិ។
ក្រៅពីសេចក្តីថ្លែងការណ៍រួមស្តីពីស្ថានការណ៍នៅអ៊ុយក្រែន មេដឹកនាំ G7 ក៏ សម្រេចបានវឌ្ឍនភាពក្នុងការកំណត់តម្លៃពិដានសកលសម្រាប់ប្រេងដែលនាំចូលពី រុស្ស៊ី សំដៅរឹតត្បិតលើចំណូលពីថាមពលរបស់ទីក្រុងម៉ូស្គូ។ ក្រៅពីថាមពល មេដឹកនាំ G7 ក៏បានបញ្ជាក់ផងដែរថា គេនឹងពង្រីកការដាក់ទណ្ឌកម្មបន្ថែមទៀត សំដៅរឹតត្បិត លើការធ្វើលទ្ធកម្មរបស់រុស្ស៊ីចំពោះវត្ថុធាតុដើមឧស្សាហកម្ម សេវាកម្ម និងបច្ចេកវិទ្យា សំខាន់ៗសម្រាប់ឧស្សាហកម្មការពារជាតិផងដែរ៕

ប្រតិកម្មទៅវិញ