ក្រុមប្រឹក្សាសន្តិសុខបើកកិច្ចប្រជុំស្តីពីដំណើរការនយោបាយនៅស៊ីរី នាថ្ងៃទី ១៥ ខែមីនា (រូបថតៈ អ្នកយកព័ត៌មាន VOV ប្រចាំសហរដ្ឋអាមេរិក) |
កាលពីម្សិលមិញ (១៥មីនា) ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំ ប្រចាំខែ ដោយផ្តោតលើដំណើរការនយោបាយនៅស៊ីរី។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅចំពេលមានជម្លោះនិងវិបត្តិនៅក្នុងប្រទេសស៊ីរី ដែលអូសបន្លាយពេញមួយទសវត្សហើយ។ ថ្លែងមតិនៅឯកិច្ចប្រជុំ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេស កកម្មវៀតណាម ប្រចាំនៅអង្គការ សហប្រជាជាតិ បានចែករំលែកនូវទស្សនៈ ជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខ ស្តីពីភាពចាំបាច់ដើម្បីជំរុញដំណើរការនយោបាយដែលដឹកនាំដោយប្រជាជនស៊ីរី ឈរលើមូលដ្ឋាននៃ សេចក្តីសម្រេចចិត្តលេខ ២២៥៤ ដែលក្រុមប្រឹក្សាសន្តិសុខបានអនុម័តកាលពីឆ្នាំ ២០១៥។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា មានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិនិងថ្នាក់តំបន់ជាច្រើនក្នុងការជួយដោះស្រាយស្ថានភាពនៅប្រទេសស៊ីរីក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ប៉ុន្តែមិនទាន់សម្រេចបានលទ្ធផលដែលចង់បាននៅឡើយ ដោយភាគីនានា កង្វះខាតការទុកចិត្តគ្នាទៅវិញទៅមក។ ដើម្បីជំរុញដំណើរការនយោបាយនៅស៊ីរី ភាគីនានាចាំបាច់ត្រូវលើកកម្ពស់ការកសាងទំនុកចិត្តនិងពង្រឹងការសន្ទនារវាងភាគីនានាក្នុងប្រទេសស៊ីរី ក៏ដូចជានៅក្នុងសហគមន៍អន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឲ្យភាគីនានា ចៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង រក្សាស្ថិរភាពដើម្បីបម្រើដល់កិច្ចប្រឹងប្រែងចរចានិងបង្កើនការគាំទ្រដល់ប្រទេសស៊ីរីក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីជំនះរាល់ឧបសគ្គបច្ចុប្បន្ន៕