អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo-Iweala។ (រូបថត៖ Reuters) |
ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានមួយត្រឹមតែប៉ុន្មានម៉ោងនៅមុនពិធីបើកសន្និសីទ MC១២ លោកស្រី Okonjo-Iweala បានទទួលស្គាល់ថា គោលមាគ៌ាទៅកាន់កិច្ចព្រមព្រៀងមួយនឹងមិនងាយស្រួលទេ ប៉ុន្តែនឹងពិបាកខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានសម្តែងពី "សុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្ន" អំពីលទ្ធភាពសម្រេចបានកិច្ចព្រមព្រៀងមួយ ឬ ពីរ ស្តីពីបញ្ហាសំខាន់ៗមួយចំនួន ចាប់ពីការនេសាទលើសកម្រិត រហូតដល់ការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ដែលកំពុងរីករាលដាល និងវិបត្តិអត់ឃ្លានជាសកលដែលអាចលេចចេញ។
អង្គការ WTO កំពុងប្រឈមមុខនឹងសម្ពាធ ត្រូវឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលបានទន្ទឹងរង់ចាំតាំងពីយូរមកហើយ និងត្រូវបង្ហាញពីការរួបរួមគ្នាក្នុងបរិបទដែលជំងឺរាតត្បាតកំពុងរីករាលដាល ហើយមានហានិភ័យនៃវិបត្តិស្បៀងអាហារជាសកលផងដែរ។ របៀបវារៈកំពូលអស់រយៈពេលបួនថ្ងៃនៃសន្និសីទ MC១២ ត្រូវបានរំពឹងថានឹងផ្តោតការពិភាក្សាលើផលប៉ះពាល់នៃជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនចំពោះសន្តិសុខស្បៀងអាហារ។ សហភាពអឺរ៉ុប (EU) បានខិតខំប្រឹងប្រែង សម្របសម្រួលជាមួយសមាជិកទាំងអស់ ដើម្បីរៀបចំ "កញ្ចប់សន្តិសុខស្បៀងអាហារពហុភាគី"៕