លោក Tedros បានចាត់ទុកថា វិធានការទាំងនេះពិតជាមិនមានប្រសិទ្ធភាព និងគ្មានមូលដ្ឋានច្បាស់លាស់ទេ។ ផ្ទុយទៅវិញ វិធានការទាំងនេះ ធ្វើអន្តរាយដល់បណ្តាប្រទេសអាហ្វ្រិកខាងត្បូង ដែលបានរាយការណ៍យ៉ាងឆាប់រហ័សអំពីប្រភេទវីរុសបំប្លែងថ្មីនេះ។ ដូច្នេះហើយ មេដឹកនាំ WHO បានអំពាវនាវឱ្យប្រទេសនានា ចាត់វិធានការឲ្យបានត្រឹមត្រូវនិងសមស្រប ដើម្បីកាត់បន្ថយហានិភ័យ ស្របតាមបទប្បញ្ញត្តិសុខាភិបាលអន្តរជាតិ (IHR) ឆ្នាំ២០០៥។ លោក Tedros ក៏បានឲ្យដឹងថា នៅមានសំណួរជាច្រើនដែលមិនទាន់មានចម្លើយអំពីវីរុសបំប្លែងថ្មី Omicron ដូចជាលទ្ធភាពនៃការរីករាលដាល ភាពធ្ងន់ធ្ងរនៃការឆ្លងមេរោគ និងប្រសិទ្ធភាពនៃការធ្វើតេស្ត ការព្យាបាល និងវិធានការចាក់វ៉ាក់សាំងចំពោះប្រភេទវីរុសបំប្លែងថ្មីនេះ។
មុននោះ កាលពីថ្ងៃទី២៥ ខេវិច្ឆិកា បណ្តាអ្នកវិទ្យាសាស្រ្តនិងក្រសួងសុខាភិបាលអាហ្វ្រិកខាងត្បូងបានប្រកាសព័ត៌មានអំពីវីរុសបំប្លែងថ្មីOmicron ជាមួយនឹងការព្រមានថា វីរុសបំប្លែងថ្មីនេះ មានលទ្ធភាពឆ្លងរាលដាលខ្លាំង និងភាពធន់នឹងវ៉ាក់សាំងខ្ពស់ជាងប្រភេទវីរុសបំប្លែងមុនៗនេះ៕