នៅក្នុងពិធីប្រកាសការស្រាវជ្រាវយថាទស្សន៍ធុរកិច្ចឆ្នាំ ២០២៤ នាព្រឹកថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងហូជីមិញ លោក Suan Teck Kin នាយកផ្នែកស្រាវជ្រាវទីផ្សារនិងសេដ្ឋកិច្ចសកលរបស់ UOB Group បានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចវៀតណាមគឺលើសពីការរំពឹងទុក; កម្លាំងចលករសម្រាប់កំណើនបានមកពីការងើបឡើងវិញនៃតម្រូវការរបស់ឧស្សាហកម្មអេឡិចត្រូនិក កំណើនស្ថិរភាពនៅក្នុងប្រទេសចិននិងតំបន់ ព្រមទាំងសមត្ថភាពក្នុងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុដោយធនាគារកណ្តាលធំៗនឹងគាំទ្រដល់យថាទស្សន៍របស់វៀតណាម។
លោក សួន តេកគីន នាយកផ្នែកស្រាវជ្រាវទីផ្សារ និងសេដ្ឋកិច្ចសកល UOB Group។ រូបថត៖ vietstock.vn |
ដោយវិភាគអំពីលទ្ធផលវិជ្ជមានក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះនៅវៀតណាម UOB បានឲ្យដឹងថា GDP ពិតរបស់វៀតណាមបានកើនឡើង ៦,៩៣% នៅក្នុងត្រីមាសទីពីរ ដោយបន្តសន្ទុះកើនឡើងនៅក្នុងត្រីមាសទីមួយ ។ ប្រការនេះបានជួយឱ្យសេដ្ឋកិច្ចវៀតណាមកើនឡើង ៦,៤២% នៅក្នុង ឆមាសទីមួយនៃឆ្នាំនេះ ពោលគឺលើសពីកម្រិត ៣,៨៤% នៅក្នុងឆមាសទីមួយនៃឆ្នាំមុន។
ការស្រាវជ្រាវយថាទស្សន៍អាជីវកម្មឆ្នាំ ២០២៤ របស់ UOB ក៏បង្ហាញផងដែរថា ធុរកិច្ចវៀតណាមភាគច្រើន នៅតែមានសុទិដ្ឋិនិយមចំពោះបរិយាកាសធ្វើអាជីវកម្មនាបច្ចុប្បន្ន។ ស្ទើរតែ ៩០% នៃអាជីវកម្មវៀតណាមបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការពង្រីកអាជីវកម្មនៅក្រៅប្រទេស ដោយអាស៊ានគឺជាទីផ្សារកំពូលដែលធុរកិច្ចឆ្ពោះទៅ ដើម្បីពង្រីកអាជីវកម្មក្នុងរយៈពេលបីឆ្នាំខាងមុខ៕