UNSC ​ទាមទារ​ឱ្យក្រុម Houthi បញ្ឈប់ការវាយប្រហារលើនាវាពាណិជ្ជកម្ម​ក្នុងសមុទ្រក្រហម

Chia sẻ
(VOVWORLD) -   ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃទី ២៧ ខែមិថុនា បានអនុម័តលើសេចក្តីសម្រេចចិត្តដែលទាមទារឱ្យកងកម្លាំង Houthi នៅក្នុងប្រទេសយេម៉ែន បញ្ឈប់ជាបន្ទាន់នូវរាល់ការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។

សេចក្តីសម្រេចចិត្តបានសង្កត់ធ្ងន់ថា ប្រទេសជាសមាជិកទាំងអស់ "ត្រូវគោរពតាមកាតព្វកិច្ចរបស់ខ្លួន ទាក់ទងនឹងការហាមឃាត់អាវុធដោយមានគោលដៅ" ចំពោះថ្នាក់ដឹកនាំសំខាន់ៗនៃក្រុម Houthi ; ដោយបានថ្កោលទោសគ្រប់ទម្រង់នៃការវាយប្រហារលើកប៉ាល់ដែលឆ្លងកាត់តំបន់សមុទ្រក្រហម និងទាមទារឱ្យមានការដោះលែងនាវាពាណិជ្ជកម្ម Galaxy Leader និងក្រុមនាវិកជាបន្ទាន់។ លើសពីនេះ សេចក្តីសម្រេចចិត្តក៏ទាមទារឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិនាំចេញរបាយការណ៍ប្រចាំខែ ស្តីពីវិបត្តិនាបច្ចុប្បន្ននៅក្នុងតំបន់សមុទ្រក្រហម ចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

UNSC ​ទាមទារ​ឱ្យក្រុម Houthi បញ្ឈប់ការវាយប្រហារលើនាវាពាណិជ្ជកម្ម​ក្នុងសមុទ្រក្រហម - ảnh 1កប៉ាល់មួយដែលរងការវាយប្រហាររបស់កងកម្លាំង Houthi ។ រូបថត៖ IRNA/TTXVN

ក្រុមប្រឹក្សាសន្តិសុខបានអនុម័តលើសេចក្តីសម្រេចចិត្តនេះក្នុងបរិបទដែលក្រុម Houthis បានធ្វើការវាយប្រហារជាច្រើននៅសមុទ្រក្រហមចាប់តាំងពីចុងឆ្នាំ២០២៣មក ដោយអះអាងថា នេះជាសកម្មភាពដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ក្នុងជម្លោះរវាងក្រុមហាម៉ាស់ - អ៊ីស្រាអែល។ ខ្មាន់កាំភ្លើង Houthi បានប្រើយន្តហោះដ្រូន (UAV) ប្រដាប់អាវុធ និងមីស៊ីល ដើម្បីធ្វើការវាយប្រហារលើកប៉ាល់។ ក្នុងការវាយប្រហារជាង ៧០លើក ក្រុម Houthi បានពន្លិចកប៉ាល់ចំនួនពីរគ្រឿង ចាប់ខ្លួននាវាមួយគ្រឿង និងបានបណ្តាលឲ្យនាវិកយ៉ាងហោចណាស់ ៣ នាក់បានស្លាប់៕

ប្រតិកម្មទៅវិញ