នាវាដឹកទំនិញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ឆ្លងកាត់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN) |
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ (ស្វីស) លោក Griffiths បានបញ្ជាក់ថា អាទិភាពបច្ចុប្បន្នគឺការចែកចាយអាម៉ូញាក់ ដែលជាធាតុផ្សំដ៏សំខាន់នៃជីនីត្រាត ទៅកាន់ពិភពលោក។ លោកក៏បានសម្តែងសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានពន្យាពេល ហើយបានឲ្យដឹងថា អ.ស.ប កំពុងខិតខំប្រឹងប្រែងដើម្បីពន្យាពេល និងពង្រីកកិច្ចព្រមព្រៀងនេះ សំដៅបង្កើនបរិមាណជី និងលទ្ថភាពប្រតិបត្តិការ។ តាមការគ្រោងទុក លោក Griffiths និងអគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) លោកស្រី Rebeca Grynspan នឹងធ្វើដំណើរទៅកាន់រុស្ស៊ីដើម្បីពិភាក្សាលើបញ្ហានេះ។
មុននោះ កាលពីថ្ងៃទី ២២ ខែកក្កដា នៅទីក្រុងអ៊ីស្តង់ប៊ុល (តួកគី) អ៊ុយក្រែន និងរុស្ស៊ីបានចុះហត្ថលេខាដាច់ដោយឡែកជាមួយតួកគី និងអ.ស.ប នូវកិច្ចព្រមព្រៀងបន្តសកម្មភាពដឹកជញ្ជូនស្បៀងអាហារនិងជី ពីកំពង់ផែរបស់អ៊ុយក្រែននៅក្នុងសមុទ្រខ្មៅ។ យោងតាមក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ចាប់តាំងពីកិច្ចព្រមព្រៀងបានចូលជាធរមាននៅថ្ងៃទី ១ ខែសីហា នាវាសរុបចំនួន ២៧៤គ្រឿង ផ្ទុកកសិផលប្រមាណ ៦,២ លានតោន បានចាកចេញពីកំពង់ផែរបស់អ៊ុយក្រែនទៅកាន់បណ្តាប្រទេសអាស៊ី អឺរ៉ុប និងអាហ្វ្រិក៕