យុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Nghe An ឃោសនាច្បាប់ដល់ប្រជាជននៅតំបន់ដាច់ស្រយាលនៅស្រុកព្រំដែន Ky Son។ (រូបថត៖ VNA) |
ថ្ងៃទី ៣០ កក្កដា គឺជា "ទិវាពិភពលោកសម្រាប់ការបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស" ហើយក៏ជា "ទិវាប្រជាជនទាំងមូលបង្ការ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស" ផងដែរ។ ឆ្នាំនេះ ទិវាប្រជាជនទាំងមូលបង្ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស មានប្រធានបទ "បើករង្វង់ដៃជាមួយជនរងគ្រោះនៃការជួញដូរមនុស្ស ដើម្បីកុំឱ្យនរណាម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយឡើយ"។
យោងតាមលោកស្រី Park Mihyung ប្រធានស្ថានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅវៀតណាមបានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមមានកិច្ចខិតខំប្រឹងប្រែងដ៏ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះជួញដូរមនុស្ស បង្កើតបរិយាកាសធ្វើចំណាកស្រុកប្រកបដោយតម្លាភាព ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃជនចំណាកស្រុក។ លេចធ្លោគឺការអនុវត្តកម្មវិធីជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដំណាក់កាល ២០២១-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ រួមមានដំណោះស្រាយ ភារកិច្ចថ្មីៗ ដើម្បីបង្ការទប់ស្កាត់ការជួញដូរមនុស្សលើគ្រប់វិស័យ។
ក្នុងនាមជាទីភ្នាក់ងារជួរមុខរបស់អង្គការសហប្រជាជាតិដែលទទួលបន្ទុកការធ្វើចំណាកស្រុកនៅវៀតណាម ក្នុងរយៈពេលកន្លងមក IOM បានសហការជាមួយស្ថាប័នរដ្ឋាភិបាល និងអង្គភាពមូលដ្ឋានក្នុងការបង្កើនសមត្ថភាពយុត្តិធម៌ និងសារព័ត៌មាន ហើយជួយឧបត្ថម្ភជនរងគ្រោះក្នុងការស្ដារនិងសម្របខ្លួនឡើងវិញ។ IOM ក៏ធ្វើការជាមួយដៃគូរដ្ឋាភិបាល ដើម្បីកែលម្អក្របខណ្ឌផ្លូវច្បាប់សម្រាប់គ្រប់គ្រងការធ្វើចំណាកស្រុកតាមទិសដៅដ៏សមស្របនឹងស្តង់ដារអន្តរជាតិ។ លើសពីនេះ IOM ក៏ជួយលើកកំពស់សមត្ថភាពដល់ស្ថាប័នអនុវត្តន៍ច្បាប់នៅថ្នាក់មជ្ឈិម និងថ្នាក់ខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ការជញ្ជូនជនចំណាកស្រុកដោយខុសច្បាប់ ព្រមទាំងលើកកម្ពស់ជំនាញ និងធនធានមនុស្ស ដើម្បីអនុវត្តន៍គោលនយោបាយនិងច្បាប់ពាក់ព័ន្ធនឹងការជួយឧបត្ថម្ភជនរងគ្រោះដោយការជួញដូរមនុស្ស។
នាពេលខាងមុខ IOM សង្ឃឹមថានឹងជួយវៀតណាម ពង្រឹងមូលដ្ឋានទិន្នន័យស្តីពីការជួញដូរមនុស្សនិងការធ្វើចំណាកស្រុកអន្តរជាតិក្នុងពេលឆាប់ៗ។ តំណាង IOM ប្រចាំវៀតណាមបានអះអាងថា IOM ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាម និងដៃគូនានាដើម្បីពន្លឿនគោលដៅលុបបំបាត់គ្រោះជួញដូរមនុស្ស៕