FED រក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរជាលើកទីពីរជាប់ៗគ្នា

Chia sẻ
(VOVWORLD) - បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃ (៣១ តុលា - ១ ខែវិច្ឆិកា) ធនាគារកណ្តាលអាមេរិក (FED) កាលពីថ្ងៃទី ១ ខែវិច្ឆិកា បានប្រកាសមិនដំឡើងអត្រាការប្រាក់ក្នុងបរិបទនៃសេដ្ឋកិច្ចនិងទីផ្សារការងារក្នុងប្រទេសនេះបន្តបង្ហាញពីសញ្ញាវិជ្ជមាននិងស្ថេរភាព។

យោងតាមការវាយតម្លៃរបស់អាជ្ញាធរអាមេរិក សេដ្ឋកិច្ចរបស់ប្រទេសនេះបានកើនឡើងក្នុងល្បឿនដ៏រឹងមាំនៅក្នុងត្រីមាសទី ៣ ហើយលើសពីការរំពឹងទុក។ ទន្ទឹមនឹងនេះ សន្ទុះកំណើននៃទីផ្សារការងាររបស់ប្រទេសនេះ បើទោះបីជាមានការថយចុះចាប់តាំងពីដើមឆ្នាំមកក៏ដោយ ក៏នៅតែមានកម្រិតខ្ពស់។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំនៃធនាគារកណ្តាលអាមេរិកបានប្រកាសថា បច្ចុប្បន្ននេះ មិនទាន់ពិចារណាលើការកាត់បន្ថយអត្រាការប្រាក់នោះទេ ហើយថែមទាំងបានទុកចំហលទ្ធភាពនៃការដំឡើងអត្រាការប្រាក់បន្ទាប់ពីកិច្ចប្រជុំនៅខែធ្នូខាងមុខនេះ ដោយចាត់ទុកថា អតិផរណាមិនទាន់ឈានដល់កម្រិតដូចដែលបានរំពឹងទុក និងចាំបាច់ត្រូវការប្រុងប្រយ័ត្នចំពោះភាពមិនប្រាកដប្រជា និងហានិភ័យនាពេលខាងមុខ។

បន្ទាប់ពីការសម្រេចចិត្តរបស់ FED អត្រាការប្រាក់ជាមូលដ្ឋាននៅតែស្ថិតក្នុងកម្រិត ៥,២៥% - ៥,៥% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២២ ឆ្នាំកន្លងទៅ។ អត្រាការប្រាក់ជាមូលដ្ឋាន មានឥទ្ធិពលធំបំផុតលើការទូទាត់ការប្រាក់លើប័ណ្ណឥណទាន ប្រាក់កម្ចីទិញផ្ទះ ប្រាក់កម្ចីរថយន្ត និងប្រាក់កម្ចីផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ទីផ្សារភាគហ៊ុនអាមេរិកបានប្រតិកម្មជាវិជ្ជមានចំពោះការសម្រេចចិត្តមិនដំឡើងអត្រាការប្រាក់នៅពេលដែលសន្ទស្សន៍ភាគច្រើនបានកើនឡើងគួរអោយចាប់អារម្មណ៍៕

ប្រតិកម្មទៅវិញ