នៅថ្ងៃទី ១៦ ខែតុលា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានឲ្យដឹងថា មេដឹកនាំសហភាពអឺរ៉ុប (EU) បានវាយតម្លៃលើស្ថានភាពជំងឺរាតត្បាតបច្ចុប្បន្ននៅអឺរ៉ុបថា គឺមិនធ្លាប់មានពីមុនមក បង្កការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរនិងត្រូវការសម្របសម្រួលដ៏ទូលំទូលាយកម្រិតតំបន់។ ថ្លែងទៅកាន់សន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប លោក Michel បានឲ្យដឹងថា៖ មេដឹកនាំ EU អំពាវនាវឱ្យក្រុមប្រឹក្សាអឺរ៉ុប គណៈកម្មការអឺរ៉ុបនិងប្រទេសជាសមាជិកបន្តកិច្ចប្រឹងប្រែងរួមរបស់ខ្លួន ដោយផ្អែកលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រល្អបំផុតមានជាពិសេសបទប្បញ្ញត្តិធ្វើចត្តាឡីស័ក្ត ការតាមដានទំនាក់ទំនងឆ្លងដែន យុទ្ធសាស្ត្រធ្វើតេស្ត ទទួលស្គាល់លទ្ធផលតេស្តរបស់គ្នាទៅវិញទៅមកនិងការរឹតត្បិតជាបណ្តោះអាសន្នសម្រាប់ការធ្វើដំណើរដែលមិនចាំបាច់ចូលសហភាពអឺរ៉ុប។ ក្រុមប្រឹក្សាអឺរ៉ុបបានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងនៅកម្រិតសហគមន៍អឺរ៉ុប ស្តីពីការអភិវឌ្ឍនិងចែកចាយវ៉ាក់សាំង កូវីដ-១៩ ព្រមទាំងបានបញ្ជាក់ជាថ្មីពីតម្រូវការសម្រាប់ដំណើរការផ្តល់អាជ្ញាប័ណ្ណនិងការត្រួតពិនិត្យយ៉ាងតឹងរឹង ពង្រឹងសមត្ថភាពចាក់វ៉ាក់សាំងទូទាំងទ្វីបអឺរ៉ុប និងការទទួលបានវ៉ាក់សាំងដោយសមភាពនិងសមហេតុផល។ ក្រុមប្រឹក្សាអឺរ៉ុបក៏បានជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើកម្រិតពិភពលោក៕