ប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកថតរូបអនុស្សាវរីយ៍ (រូបថត៖ VOV) |
នារសៀលថ្ងៃទី៤ ខែសីហា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញចូលរួមជាមួយសមភាគីអាស៊ានដោយមានជំនួបជាមួយអាមេរិក ឥណ្ឌា អូស្ត្រាលី កាណាដា នូវែលសេឡង់ សហភាពអឺរ៉ុប (EU) និងរុស្ស៊ី ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM-៥៥) និង កិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ អាស៊ានស្នើដៃគូរបស់ខ្លួនទាញយកអត្ថប្រយោជន៍ ដែលនាំមកដោយភាពជាដៃគូយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយ សហការជាមួយប្លុកក្នុងការកសាងសហគមន៍ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ បណ្តាប្រទេសនានាបានស្នើនូវវិធានការសហប្រតិបត្តិការដ៏ទូលំទូលាយ និងចម្រុះជាច្រើនដើម្បីជួយអាស៊ានក្នុងការកសាងសហគមន៍របស់ខ្លួន ដោយពន្លឿនការស្តារឡើងវិញ និងឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ចែករំលែកអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសអាស៊ាន បានអះអាងជាថ្មីម្តងទៀតនូវជំហរជាប់លាប់លើបញ្ហាសមុទ្រខាងកើត មីយ៉ាន់ម៉ា អ៊ុយក្រែន ឧបទ្វីបកូរ៉េ និងភាពតានតឹងរវាងប្រទេសធំៗ។ អាស៊ានបានអះអាងជាថ្មីនូវគោលជំហររបស់ខ្លួន ហើយបានអំពាវនាវឱ្យភាគីទាំងអស់គោរពច្បាប់អន្តរជាតិ។ ប្រទេស និងភាគីពាក់ព័ន្ធត្រូវរក្សាការសន្ទនា កសាងទំនុកចិត្ត យកសន្តិភាពជាគោលដៅ និងកិច្ចសហប្រតិបត្តិការជាឧបករណ៍ គោរពនីតិរដ្ឋ ប្រកាន់ភាពអត់ធ្មត់ និងជៀសវាងការខ្វែងគំនិតគ្នា និងទំនាស់គ្នាកុំឱ្យក្លាយជាជម្លោះ។
ទិដ្ឋភាពនៃកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី (រូបថត៖ VOV) |
ក្នុងឱកាសនេះផងដែរ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍ស្តីពីការវិវឌ្ឍនៅច្រកសមុទ្រតៃវ៉ាន់ ដោយសម្តែងការព្រួយបារម្ភអំពីហានិភ័យនៃអស្ថិរភាព ផលវិបាកធ្ងន់ធ្ងរ និងមិនអាចទាយទុកជាមុនបានសម្រាប់តំបន់។ សេចក្តីថ្លែងការណ៍បានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា និងប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ប្រទេសអាស៊ានក៏បានអះអាងជាថ្មីនូវការគាំទ្រចំពោះគោលនយោបាយ “ចិនតែមួយ”; លើកកំពស់សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ការរួមរស់ដោយសន្តិភាព និងការប្រកួតប្រជែងប្រកបដោយតម្លាភាព ដើម្បីគោលដៅសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន៕