ក្នុងសប្តាហ៍កន្លងទៅ ដំណឹងអំពីសកម្មភាពគោរពបូជាព្រះសារីរិកធាតុនៅវៀតណាម បានបន្តទទួលបានការចាប់អារម្មណ៍ពីមិត្តអ្នកស្តាប់យ៉ាងច្រើនកុះករ។ ជាពិសេស បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានយល់ព្រមពន្យាពេលដាក់តម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធនៅវៀតណាមចំនួន ១០ ថ្ងៃបន្ថែមទៀត សម្រាប់បម្រើពុទ្ធបរិស័ទនិងប្រជាជនមកគោរពបូជា មិត្តអ្នកស្តាប់ជាច្រើនបានសម្តែងនូវសេចក្តីរីករាយដែលមានឱកាសកាន់តែច្រើន ដើម្បីមកគោរពបូជាព្រះសារីរិកធាតុរបស់ព្រះពុទ្ធ។ មិត្តអ្នកស្តាប់ ឡាយ ដារិទ្ធ ពីភ្នំពេញ កម្ពុជា បានចែករំលែកថា៖ “អបអរសាទរចំពោះពុទ្ធបរិស័ទវៀតណាម ដែលមានឱកាសកាន់តែច្រើនសម្រាប់គោរពបូជាព្រះសារីរិកធាតុរបស់ព្រះពុទ្ធ”។ ចំណែកឯមិត្តអ្នកស្តាប់ គឹម សុខហេង មកពីខេត្តសៀមរាប បានសរសេរថា “ខ្ញុំមានបំណងចង់មកវៀតណាមដើម្បីគោរពបូជា ប៉ុន្តែមិនទាន់មានឱកាសទេ។ ការពន្យាពេលដាក់តម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធនៅវៀតណាម ពិតជាដំណឹងល្អមែន។ ខ្ញុំប្រាកដថា នឹងរៀបចំពេលវេលាទៅប្រទេសវៀតណាមដើម្បីគោរពបូជាព្រះសារីរិកធាតុរបស់ព្រះពុទ្ធ”។
លោកអ្នកនាងជាទីមេត្រី។ ដើម្បីបម្រើតម្រូវការ និងបំណងប្រាថ្នារបស់ប្រជាជន ដែលចង់គោរពបូជាព្រះសារីរិកធាតុរបស់ព្រះពុទ្ធ ក្រសួងជនជាតិ និងសាសនាបានផ្តល់ប្រឹក្សាដល់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តី ឱ្យផ្ញើលិខិតទៅនាយករដ្ឋមន្រ្តីឥណ្ឌា ដោយស្នើឲ្យពន្យារពេលការដាក់តាំងព្រះសារីរិកធាតុនៅប្រទេសវៀតណាមពីថ្ងៃទី ២២ ឧសភា ដល់ថ្ងៃទី ២ ខែមិថុនា។ បន្ទាប់មក រដ្ឋាភិបាលឥណ្ឌាបានយល់ព្រមបន្តដាក់តាំងព្រះសារីរិកធាតុរបស់ព្រះពុទ្ធនៅប្រទេសវៀតណាមរយៈពេល ១០ ថ្ងៃ បើប្រៀបធៀបទៅនឹងផែនការដើម ដើម្បីបម្រើពុទ្ធបរិស័ទនិងប្រជាជនមកគោរពបូជា។
មុននោះ ព្រះសារីរិកធាតុរបស់ព្រះពុទ្ធត្រូវបានគោរពដង្ហែនិងដាក់តម្កល់ នៅវៀតណាម ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ២១ ខែឧសភា នៅទីតាំងចំនួន ៤ គឺវត្ត Thanh Tam (ទីក្រុងហូជីមិញ) ភ្នំ Ba Den (Tay Ninh) វត្ត Quan Su (ហាណូយ) និងវត្ត Tam Chuc (Ha Nam)។ កន្លែងនីមួយៗ កត់ត្រាប្រជាជននិងពុទ្ធបរិស័ទរាប់ម៉ឺននាក់ មកគោរពបូជាជារៀងរាល់ថ្ងៃ។ ដោយឡែកនៅវត្ត Quan Su ក្នុងទីក្រុងហាណូយ ក្នុងរយៈពេលតែបីថ្ងៃចាប់ពីថ្ងៃទី ១៣-១៦ ខែឧសភា មនុស្សជាង ៥ លាននាក់បានមកគោរពបូជាព្រះសារីរិកធាតុរបស់ព្រះពុទ្ធ។
ទិដ្ឋភាព Hai Van Quan នៅលើចំណោក Hai Van។ រូបថត៖ VOV |
មិត្តអ្នកស្តាប់ ជា សុខចាន់ កម្ពុជា ចង់ឲ្យកម្មវិធីឧទ្ទេសនាមអំពីកន្លែងដ៏ទាក់ទាញមួយចំនួនដែលគួរមកលេង នៅពេលធ្វើដំណើរតាមម៉ូតូឆ្លងកាត់ចំណោក Hai Van ប្រទេសវៀតណាម។
មិត្ត ជា សុខចាន់ និងប្រិយមិត្តជាទីមេត្រី! ចំណោក Hai Van តែងតែជាគោលដៅដ៏ទាក់ទាញមួយនៅលើផែនទីទេសចរណ៍វៀតណាម។ ការធ្វើដំណើរឆ្លងកាត់ចំណោក Hai Van មិនត្រឹមតែនាំមកនូវបទពិសោធន៍បើកបរដ៏លំបាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់អ្នកធ្វើដំណើរ ដើម្បីស្វែងយល់ទីកន្លែងដ៏គួរឱ្យទាក់ទាញនៅតាមផ្លូវផងដែរ។ ក្នុងការធ្វើដំណើរនេះ កុំខកខានឱកាសទៅទស្សនា Hai Van Quan ដែលមានទីតាំងនៅលើកំពូលនៃចំណោក Hai Van ដែលជាកន្លែងប្រវត្តិសាស្ត្រជាមួយនឹងស្ថាបត្យកម្មបុរាណពិសេស។ ឈរនៅទីនេះ ភ្ញៀវទេសចរណ៍អាចគយគន់ទិដ្ឋភាពដ៏អស្ចារ្យនៃចំណោក Hai Van និងភាពស្រស់ស្អាតដ៏មនោរម្យនៃឈូងសមុទ្រ Lang Co ។ គោលដៅបន្ទាប់គឺ ឈូងសមុទ្រ Lang Co ដោយមានវាលខ្សាច់ពណ៌ស វែងអន្លាយ និងទឹកសមុទ្រពណ៌ខៀវស្រងាត់។ នេះគឺជាកន្លែងដ៏ល្អដើម្បីសម្រាកលំហែកាយនិងរីករាយជាមួយអាហារសមុទ្រដ៏ឈ្ងុយឆ្ងាញ់។
ប្រសិនបើការធ្វើដំណើររបស់អ្នកចាប់ផ្តើមពីទីក្រុង Hue ភ្នំ Vong Canh គឺគោលដៅដ៏ល្អមួយដើម្បីគយគន់ទេសភាពទន្លេ Huong ដ៏ទន់ភ្លន់ដែលបត់បែន ជុំវិញទីក្រុង មុនពេលធ្វើដំណើរឆ្លងកាត់ចំណោក Hai Van ។ ជាទីបំផុត គឺការស្វែងយល់ Bai Chuoi ជាឆ្នេរសមុទ្រធម្មជាតិដ៏ស្ងប់ស្ងាត់ដែលលាក់ខ្លួននៅជើងភ្នំ។ គោលដៅនីមួយៗមានភាពស្រស់ស្អាត និងនាំមកនូវបទពិសោធន៍ពិសេសផ្ទាល់ខ្លួន ដោយសន្យាថានឹងធ្វើឲ្យដំណើររបស់អ្នកកាន់តែអស្ចារ្យ។
ទេសភាពបឹងហូតៃ។ |
បន្តក្នុងកម្មវិធី គឺសំបុត្ររបស់មិត្តអ្នកស្តាប់ ផល ផានិត ប្រទេសកម្ពុជា ចង់ដឹងថា ផ្លូវជុំវិញបឹង ហូតៃ ក្នុងទីក្រុង ហាណូយ មានប្រវែងប៉ុន្មានគីឡូម៉ែត្រ ហើយនៅទីនេះ មានមុខម្ហូបដ៏ល្បីឃ្មោះអ្វីខ្លះ?
មិត្ត ផុល ផានិត និងប្រិយមិត្តជាទីមេត្រី ។ បឹងហូតៃមានទីតាំងនៅខណ្ឌ Tay Ho រដ្ឋធានីហាណូយ។ បឹងនេះមានផ្ទៃទឹក ៥០០ ហិកតា មានរង្វង់ខាងក្រៅប្រហែល ១៤,៨ គីឡូម៉ែត្រ និងប្រវែងផ្លូវមាត់បឹងប្រហែល ១៧ គីឡូម៉ែត្រ។ ដើរតាមខ្សែផ្លូវនេះ ភ្ញៀវទេសចរមិនត្រឹមតែរីករាយនឹងខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ស្រស់ស្អាតនៃបឹងប៉ុណ្ណោះទេ ថែមទាំងមានឱកាសទទួលទានមុខម្ហូបដ៏ពិសេសជាច្រើនទៀតផង។ មុខម្ហូបដែលល្បីជាងគេគឺ នំបង្គា Ho Tay ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ជាមុខម្ហូបពិសេសគួរពិសារ។ នៅថ្ងៃត្រជាក់ ហាងខ្យងក្តៅដែលមានខ្យងស្ងោរ និងចៀនគ្រប់ប្រភេទតែងតែទទួលភ្ញៀវយ៉ាងច្រើនកុះករ។ នំបញ្ចុកខ្យង់ ដែលជាមុខម្ហូបប្រពៃណីមានរសជាតិជូរស្រាលពិសេស ក៏ជាជម្រើសដ៏គួរឲ្យទាក់ទាញផងដែរ។ លើសពីនេះ នំ Gio ក្តៅៗ ម្ហូបអាំងមានក្លិនក្រអូប ឬអាហារសមុទ្រស្រស់ៗក៏រួមចំណែកដល់ភាពសម្បូរបែបនៃមុខម្ហូបនៅជុំវិញបឹងហូតៃផងដែរ៕