នាសប្តាហ៍កន្លងទៅ មិត្តអ្នកស្តាប់ជាច្រើនបានសម្តែងការចាប់អារម្មណ៍ ចំពោះព័ត៌មាន អត្ថបទ និងរបាយការណ៍រូបថតជាបន្តបន្ទាប់ ដែលទាក់ទងនឹងពិធីព្យុហយាត្រា ក្បួនដង្ហែ និងសកម្មភាពអបអរសាទរខួបទី ៥០ ទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមប្រទេសជាតិ។ មិត្តអ្នកស្តាប់ ចន្ទី មកពីប្រទេសឡាវ បង្ហាញពីចំណាប់អារម្មណ៍ថា៖ «ការត្រៀមខ្លួនរបស់វៀតណាម គឺមានការគិតគូរយ៉ាងល្អិតល្អន់ណាស់»។ ដោយចែករំលែកនូវមនោសញ្ចេតនាដូចគ្នា អ្នកស្តាប់ លឹម មករា មកពីកម្ពុជាបានអត្ថាធិប្បាយថា៖ «ទ្រង់ទ្រាយនៃពិធីនេះលើសពីការរំពឹងទុករបស់ខ្ញុំ។ ដោយបានឃើញការជួយជ្រោមជ្រែងនិងការចូលរួមពីប្រជាជនយ៉ាងច្រើនកុះករ និងផែនសម្តែងប្រកបដោយមោទនភាព ខ្ញុំពិតជាបានឃើញពីភាពរីករាយនិងការឯកភាពរបស់ប្រជាជនវៀតណាមទាំងមូល»។
លោកអ្នកនាងជាទីមេត្រី។ ការផ្តល់មតិ និងការចែករំលែកពីមិត្តភក្តិអន្តរជាតិ គឺជាប្រភពលើកទឹកចិត្តដ៏ធំធេង បញ្ជាក់ពីការរីកសាយភាយនិងអត្ថន័យដ៏ជ្រាលជ្រៅនៃពិធីខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមប្រទេសជាតិ។ សង្ឃឹមថា ពេលវេលាដ៏គួរឱ្យចងចាំទាំងនេះនឹងត្រូវបានចារទុកក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមគ្រប់រូប និងមិត្តភក្តិអន្តរជាតិ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងសាមគ្គីភាពនិងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសនានា។
មិត្តអ្នកស្តាប់ Kasem Thangthong មកពិប្រទេសថៃសួរថា៖ នៅវៀតណាម ចំពោះការជ្រើសរើសកាតព្វកិច្ចយោធាបានប្រព្រឹត្តិទៅយ៉ាងដូចម្តេច មានលក្ខណៈដូចគ្នា ឬខុសពីប្រទេសថៃ?
សូមអរគុណសំណួររបស់មិត្តអ្នកស្តាប់ Kasseam ។ មិនដូចការជ្រើសរើសកាតព្វកិច្ចយោធាដោយចាប់ឆ្នោតនៅប្រទេសថៃទេ ដំណើរការជ្រើសរើសកាតព្វកិច្ចយោធានៅវៀតណាមមានបទប្បញ្ញត្តិមួយចំនួន ដូចខាងក្រោម៖ មុខសញ្ញាដែលបានជ្រើសរើសគឺពលរដ្ឋវៀតណាមមានអាយុចាប់ពី ១៨-២៥ ឆ្នាំ (និស្សិតមហាវិទ្យាល័យ និងសាកលវិទ្យាល័យត្រូវបានពន្យារពេលរហូតដល់អាយុ ២៧ ឆ្នាំ) ដោយបម្រើក្នុងជួរកងទ័ពជាធម្មតាមានរយៈពេល ២៤ ខែ។ លក្ខណៈវិនិច្ឆ័យនៃកាតព្វកិច្ចយោធារួមមាន នយោបាយ សុខភាព (តាមចំណាត់ថ្នាក់) និងកម្រិតសិក្សា។ ច្បាប់វៀតណាមក៏ចែងករណីមួយចំនួនដែលត្រូវបានលើកលែងកាតព្វកិច្ចយោធា ដូចជាអ្នកដែលមានសុខភាពមិនគ្រប់គ្រាន់ ឬជាកម្លាំងពលកម្មតែមួយគត់ក្នុងគ្រួសារ កូនចៅរបស់ជនមាន គុណូបការៈចំពោះបដិវត្តន៍ ឬមានបងប្អូនកំពុងបម្រើក្នុងជួរកងទ័ព...
ហើយចំណុចដ៏ពិសេសមួយគឺថា យោងតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ឆ្នាំ 2015 ប្រជាពលរដ្ឋជាស្ត្រីអាចបំពេញកាតព្វកិច្ចយោធាក្នុងគ្រាសន្តិភាព ប្រសិនបើពួកគេស្ម័គ្រចិត្ត និងនៅពេលដែលកងទ័ពត្រូវការ។ ដូច្នេះហើយ នាពេលកន្លងទៅ មានស្ត្រីវៀតណាមមួយចំនួនបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ព និងទទួលបានការកោតសរសើរពីមនុស្សជាច្រើន។
សង្ឃឹមថា ព័ត៌មានខាងលើបានឆ្លើយតបនឹងក្តីឆ្ងល់របស់មិត្តអ្នកស្តាប់ Kaseam Thangthong ។ ហើយជាបន្តកម្មវិធីគឺសំបុត្ររបស់អ្នកស្តាប់ ឡាយ ដារិទ្ធ មកពីទីក្រុងភ្នំពេញ កម្ពុជា ដែលចង់ស្តាប់ការឧទ្ទេសនាមអំពីវត្ត Som Rong នៅទីក្រុង សុកត្រាំង ជាវត្តខ្មែរដែលមានអាយុកាល ៣០០ ឆ្នាំ ដែលមានបដិមាព្រះពុទ្ធបរិនិព្វានធំជាងគេនៅប្រទេសវៀតណាម។
បដិមាព្រះពុទ្ធបរិនិព្វាននៅវត្ត Som Rong ខេត្ត Soc Trang។ |
មិត្តអ្នកស្តាប់ ឡាយ ដារិទ្ធ និងប្រិយមិត្តជាទីមេត្រី វត្ត Som Rong ស្ថិតនៅលើផ្លូវ Ton Duc Thang (ទីក្រុង Soc Trang ខេត្ត Soc Trang) បានទាក់ទាញប្រជាជននិងភ្ញៀវទេសចរមកពីជុំវិញពិភពលោកឱ្យមកទស្សនា ដោយមានទេសភាពស្រស់ស្អាត និងស្ថាបត្យកម្មបង្កប់ដោយវប្បធម៌ខ្មែរ។ ពីមុន វត្តនេះត្រូវបានសាងសង់ឡើងពីឈើ និងស្រោបដោយស្លឹកឈើសាមញ្ញនៅឆ្នាំ ១៧២៥។ បន្ទាប់ពីការជួសជុលជាច្រើនដងមក វត្តនេះកាន់តែធំទូលាយ ដោយមានផ្ទៃដីសរុបប្រហែល ៥ ហិចតា រួមទាំងសាលធំ សាលា ចេតិយ សាលាឆទាន រួមជាមួយនឹងបណ្ណាល័យដែលមានសៀវភៅជាង ១.៥០០ក្បាល់ បម្រើសិស្សានុសិស្ស និងពុទ្ធបរិស័ទក្នុងតំបន់។
ទីធ្លាវត្ត ត្រូវបានបែងចែកទៅជាតំបន់ផ្សេងៗគ្នាជាច្រើន ដែលលេចធ្លោជាងគេគឺចេតិយស្ថិតនៅខាងស្តាំច្រកចូលវត្ត។ នៅតាមសងខាងផ្លូវឡើងទៅកាន់ចេតិយ មានតុបតែងលម្អដោយរូបចម្លាក់នាគ និងលំនាំខ្មែរបុរាណដែលត្រូវបានឆ្លាក់យ៉ាងប្រណិត។ ក្រៅពីនេះ វត្ត Som Rong ក៏ល្បីឈ្មោះដោយរូបបដិមាព្រះពុទ្ធបរិនិព្វាន ប្រវែង ៦៣ ម៉ែត្រ កម្ពស់ ២២.៥ ម៉ែត្រ ទម្ងន់ ៤៩០ តោន។ រូបបដិមាត្រូវបានតម្កល់នៅលើជើងទម្រកម្ពស់ ២៨ ម៉ែត្រ ដោយមានពណ៌ចំនួនពីរ គឺពណ៌ខៀវស្រាល និងពណ៌ស។ សំណង់នេះបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០១៧ ហើយត្រូវបានបញ្ចប់ក្រោយរយៈពេល ៤ ឆ្នាំ។ យោងតាមមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Soc Trang រូបបដិមាព្រះពុទ្ធបរិនិព្វាននៅវត្ត Som Rong គឺជារូបបដិមាព្រះពុទ្ធបរិនិព្វានដ៏ធំបំផុតនៅវៀតណាម។
មិត្តអ្នកស្តាប់ជាទីមេត្រី! រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕