ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

Chia sẻ
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ៣៤០ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១១។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកអារម្មណ៍របស់ខ្លួនចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសជាតិ និងប្រជាជនវៀតណាម។

ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីទទួលបានមតិយោបល់ចែករំលែកជាច្រើនរបស់មិត្តអ្នកស្ដាប់កម្ពុជា ដែលក្នុងនោះ មិត្ត សុខច័ន្ទ បានចែករំលែកថា៖ “នៅថ្ងៃទី២៥ ខែតុលា កាសែតជាច្រើនបានជូនដំណឹងថា កម្ពុជាបានអនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ – បាវិត ដែលជាផ្នែកមួយនៃគម្រោងផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញ ជាមួយទីក្រុងហូជីមិញ(វៀតណាម)។ សូមកម្មវិធីណែនាំព័ត៌មានបន្ថែមទៀតអំពីគម្រោងនេះ។ សូមអរគុណ។”

សូមអរគុណចំពោះការចែករំលែករបស់មិត្ត សុខច័ន្ទ។ នាថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៧ ក្រសួងគមនាគមដឹកជញ្ជូនវៀតណាម និងក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីជំរុញការស្រាវជ្រាវ និងសាងសង់ផ្លូវល្បឿនលឿនហូជីមិញ - Moc Bai និងភ្នំពេញ-បាវិត។ យោងតាមអនុស្សរណៈយោគយល់គ្នានេះ ភាគីទាំងពីរបានឯកភាព សម្របសម្រួលធ្វើការស្រាវជ្រាវ វិនិយោគ និងសាងសង់ខ្សែផ្លូវល្បឿនលឿនតភ្ជាប់ទីក្រុងហូជីមិញ-ភ្នំពេញ ក្នុងនោះ វៀតណាមនឹងស្រាវជ្រាវ និងវិនិយោគលើផ្លូវល្បឿនលឿន ហូជីមិញ- Moc Bai  ដែលមានប្រវែង ៦៥គីឡូម៉ែត្រ ហើយភាគីកម្ពុជានឹងស្រាវជ្រាវនិងវិនិយោគលើផ្លូវល្បឿនលឿនប្រវែង ១៣០គីឡូម៉ែត្រ ពីភ្នំពេញទៅបាវិត។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់រដ្ឋាភិបាលកម្ពុជា និងផ្លូវល្បឿនលឿនទីក្រុងហូជីមិញ - Moc Bai របស់រដ្ឋាភិបាលវៀតណាម គឺសំដៅបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពដឹកជញ្ជូន ការផ្លាស់ប្តូរទំនិញ និងការធ្វើដំណើររវាងប្រជាជននៃប្រទេសទាំងពីរ ពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសជិតខាងវៀតណាម - កម្ពុជា។

មិត្តអ្នកស្តាប់ ចន្ត្រា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ ចង់ស្វែងយល់អំពីកោះ Thanh Lan នៅ Quang Ninh។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ឆ្នេរ Ba Chau នៅកោះ Thanh Lan

មិត្តអ្នកស្តាប់ ចន្ត្រា និងប្រិយមិត្តជាទីមេត្រី! កោះ Thanh Lan គឺជាកោះធំជាងគេបំផុតនៅស្រុក Co To ដែលមានឆ្នេរសមុទ្រស្អាតៗជាច្រើនដែលមិនមានមនុស្សជាច្រើនស្គាល់ដល់។ កោះ Thanh Lan ស្ថិតក្នុងឃុំ Thanh Lan គឺជាកោះធំជាងគេនៅស្រុកកោះ Co To ដែលមានផ្ទៃដី ២៧ គីឡូម៉ែត្រការ៉េ ចម្ងាយប្រហែល ៤ គីឡូម៉ែត្រពីកោះ Co To ធំ។ នៅលើកោះ មានប្រជាជនប្រហែល ១.២០០នាក់រស់នៅ និងប្រកបរបរនេសាទ។ ឆ្នេរងូតទឹកសមុទ្រដ៏ធំ និងស្អាតបំផុតនៅលើកោះគឺ Ba Chau នៅក្នុងភូមិលេខ១ ដែលមានចម្ងាយប្រហែល ៤ គីឡូម៉ែត្រ ពីទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំ Thanh Lan ។ ឆ្នេរសមុទ្រនេះមានឆ្នេរខ្សាច់ប្រវែង ១,៥ គីឡូម៉ែត្រ ដែលសមស្របសម្រាប់ការហែលទឹក និងបោះជំរុំ។ នៅខាងស្ដាំនៃឆ្នេរ Ba Chau ក៏មានឆ្នេរថ្មដែលមានរាងចម្លែកៗជាច្រើន សម្រាប់ភ្ញៀវទេសចរណ៍ទស្សនាមកថតរូបអនុស្សាវរីយ៍ ។ ឆ្នេរងូតទឹកសមុទ្រដែលឆ្ងាយបំផុតគឺ Hai Quan នៅក្នុងភូមិលេខ ៣។ ដើម្បីទៅដល់ទីនេះ ផ្ញៀវត្រូវឆ្លងកាត់ខ្សៃផ្លូវប្រវែង ៧ គីឡូម៉ែត្រ ដែលម្ខាងជានសមុទ្រពណ៌ខៀវ ម្ខាងទៀតជាព្រៃធម្មជាតិ។

ក្រៅពីការហែលទឹក ការមុជទឹកទស្សនាផ្កាថ្មក៏ជាបទពិសោធដ៏ពិសេសមួយ ដែលត្រូវបានអាជ្ញាធរឃុំកោះ Thanh Lan បង្កើតឡើងជាពាណិជ្ជសញ្ញាទេសចរណ៍ផងដែរ។ នៅក្រោមសមុទ្រពណ៌ខៀវ ផ្កាថ្មដ៏ស្រស់ស្អាតនៃកោះ Thanh Lan និងសត្វសមុទ្រគ្រប់ប្រភេទ នឹងនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យជាច្រើនសម្រាប់ផ្ញៀវទេសចរណ៍។

ក្នុងសំបុត្រដែលបានផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្តាប់ ផានិត មកពីខេត្ត តាគាវ កម្ពុជា បានសម្ដែងថា៖  “នាពេលខាងមុខ ខ្ញុំនឹងមានឱកាសទៅទស្សនាទីក្រុងហាណូយ ប្រហែលខែនៅធ្នូ ឆ្នាំនេះ។ ជាមនុស្សម្នាក់ដែលនិយមចូលចិត្តម្ហូបអាហារ សូមកម្មវិធីឧទ្ទេសនាមមុខម្ហូបមួយចំនួនដែលគួរតែសាកល្បងក្នុងរដូវរងារនៅរដ្ឋធានីហាណូយផងណា។”

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2នំអន្សោមចៀន

មិត្តអ្នកស្ដាប់ផានិត និងលោកអ្នកនាងជាទីមេត្រី រដូវរងារនៅទីក្រុងហាណូយមានមុខម្ហូបប្លែកៗជាច្រើន ដែលគួរតែសាកល្បង។ ខាងក្រោមនេះជាមុខតាមដងវិថីមួយចំនួន ដែលសាមញ្ញ និងងាយរកឃើញនៅគ្រប់ទីកន្លែងតាមដងវិថីនៅទីក្រុងហាណូយ ដែលអ្នកគួរតែសាកល្បងនៅពេលទៅទស្សនារដ្ឋធានីនៅរដូវរងារ៖ ទីមួយគឺ នំ duc ក្តៅ ដែលជាការបំប្លែងពីនំ duc ប្រពៃណី ជំនួសការទុកឱ្យត្រជាក់ហើយកាត់ទៅជាចាននីមួយៗ នំ duc ត្រូវបានបរិភោគខណៈពេលដែលនៅតែក្តៅ។ នំ duc ឆ្អិនក្នុងទឹកជ្រលក់ ញាំជាមួយគ្រឿងផ្សាំផ្សេងៗទៀតបានបង្កើតរសជាតិដែលអ្នកបំភ្លេចបាន។ បន្ទាប់មកគឺនំអន្សោមចៀន ជាមុខម្ហូបងាយស្រួលធ្វើ ប៉ុន្តែនៅតែឈ្ងុយឆ្ងាញ់ណាស់។ នំអន្សោមត្រូវបានចៀនទាំងសងខាងអោយស្រួយ ជាមួយនឹងទឹកស៊ីអ៊ីវនិងជ្រក់ អាចបម្រើអតិថិជនបានហើយ។ នំ Gio មុខម្ហូបក្តៅៗ ជាមួយសំបកនំធ្វើពីម្សៅមីនិងម្សៅ tapioca ហើយខ្លឹមខាងក្នុងគឺសាច់ជ្រូកចិញ្ច្រាំ ផ្សិត និងត្រចៀកកណ្តុល ក៏ជាមុខម្ហូដ៏បពេញនិយមរបស់ប្រជាជនហាណូយផងដែរ។ ទីបំផុត មិនអាចមិននិយាយដល់នំចៀនបានឡើយ ដែលជាប្រភេទនំឈ្ងុយឆ្ងាញ់ - ថោក និងងាយស្រួលធ្វើ។ គ្រឿងផ្សំសម្រាប់ធ្នើនំចៀនគឺសាមញ្ញណាស់ រួមមានតែម្សៅមី ដំឡូងជ្វា  ចេកទុំ ពោតប្រកះយកគ្រាប់ ខ្ទះប្រេងក្តៅសម្រាប់ចៀនប៉ុណ្ណោះ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ