អ្នកវប្បធម៍ Huu Ngoc៖ បុគ្គលដែលកសាងស្ពានវប្បធម៌រវាងវៀតណាមនិងពិភពលោក

Chia sẻ

(VOVWORLD) - អ្នកវប្បធម៍ Huu Ngoc ដែលគេស្គាល់ថាជា "អ្នកសាងសង់ស្ពានវប្បធម៌រវាងវៀត ណាមនិងពិភពលោក" ទើបតែទទួលមរណភាព ក្នុងអាយុ ១០៧ឆ្នាំ។ លោកបានចំណាយពេលស្ទើរតែពេញមួយជីវិត ដើម្បីស្រាវជ្រាវ ថែរក្សាវប្បធម៌វៀតណាម និងផ្សព្វផ្សាយវប្បធម៌វៀតណាម ទៅកាន់សហគមន៍អន្តរជាតិ។ លោកក៏បានព្យាយាមធ្វើជាស្ពាន ដើម្បីនាំអត្តសញ្ញាណជាតិ ទៅកាន់ពិភពលោកផងដែរ។

អ្នកវប្បធម៍ Huu Ngoc៖ បុគ្គលដែលកសាងស្ពានវប្បធម៌រវាងវៀតណាមនិងពិភពលោក - ảnh 1អ្នកវប្បធម៌ Huu Ngoc (រូបថត៖ អ្នកថតរូប Nguyen Dinh Toan)

អ្នកវប្បធម៌ Nguyen Huu Ngoc កើតនៅឆ្នាំ ១៩១៨ នៅទីក្រុងហាណូយ។ កាលនៅវ័យយុវជន លោកបានបង្រៀនភាសាអង់គ្លេសនៅខេត្ត Nam Dinh បន្ទាប់មកលោកចូលបម្រើជួរកងទ័ព ហើយទទួលបន្ទុកកាសែតជាភាសា បារាំង L'Étincelle (រស្មី) ក្នុងនាមជានិពន្ធនាយកនិងជាអ្នកយកព័ត៌មាន។ រស្មី គឺជាកាសែតដំបូងគេ បន្ទាប់ពីបដិវត្តខែសីហាឆ្នាំ ១៩៤៥។ ក្រៅពីនោះ លោកក៏ជានិពន្ធនាយកនៃកាសែតជាភាសាបរទេសមួយចំនួនទៀតផង។

និយាយអំពីវិធីឧទ្ទេសនាមវប្បធម៌វៀតណាមដល់មិត្តអន្តរជាតិ អ្នកវប្បធម៌ Huu Ngoc បានឲ្យដឹងថា លោកតែងតែប្រើរឿងប្រវត្តិសាស្ត្រនិងវប្បធម៌ ព្រោះថា ក្នុងប្រវត្តិសាស្ត្រមានវប្បធម៌ ក្នុងវប្បធម៌មានប្រវត្តិសាស្ត្រ។

ដើម្បីឧទ្ទេសនាមវប្បធម៌វៀតណាមនៅកាន់បរទេស លោកបានសរសេរជាប្រចាំអស់រយៈពេលជាង ១០ ឆ្នាំ សម្រាប់កាសែត Le Courrier Vietnam (ជាភាសាបារាំង) និង Vietnam News (ជាភាសាអង់គ្លេស)។ ក្នុងអត្ថបទនីមួយៗ លោកចង់ឱ្យអ្នកអានចូលរួមជាមួយលោក តាមនោះនឹងកាន់តែយល់ដឹងយ៉ាងជ្រាលជ្រៅ និងស្រឡាញ់ប្រជាជនវៀតណាម  ប្រទេសជាតិ វៀតណាមជាង។  អត្ថបទទាំងនោះត្រូវបានប្រមូលចូលក្នុងសៀវភៅ “ដើរវង្វេងក្នុងវប្បធម៍វៀតណាម” តាមរយៈភាសារចំនួន ៣ គឺ ភាសាអង់ គ្លេស បារាំងនិងវៀតណាម។ មិត្តអ្នកអានជនជាតិអាមេរិកលោកស្រី Karen Anyse Joslin បានឲ្យដឹងថា៖ “ខ្ញុំពិតជាចូលចិត្តអានសៀវភៅរបស់អ្នកនិពន្ធ Huu Ngoc ខ្លាំងណាស់។ ខ្ញុំមានឱកាសទទួលបានបទពិសោធន៍វប្បធម៌វៀតណាម ហើយខ្ញុំចង់ដឹងពីអ្វីដែលថ្មីអំពីវប្បធម៌នោះបើប្រៀបធៀបនឹងពីមុន ដូច្នេះខ្ញុំបានទិញសៀវភៅរបស់លោក"។

អ្នកវប្បធម៍ Huu Ngoc៖ បុគ្គលដែលកសាងស្ពានវប្បធម៌រវាងវៀតណាមនិងពិភពលោក - ảnh 2សៀវភៅរបស់អ្នកស្រាវជ្រាវ Huu Ngoc ត្រូវបានគ្រឹះស្ថានបោះពុម្ព Kim Dong បោះពុម្ពឡើងក្នុងឆ្នាំ ២០១៨ (រូបថត៖ thethaovanhoa.vn)

មិនត្រឹមតែបានរួមចំណែកតាមរយៈការសរសេររបស់ខ្លួនប៉ុណ្ណោះទេ លោកក៏បាន "នាំចេញ" វប្បធម៌វៀតណាមទៅកាន់ពិភពលោកតាមរយៈការសន្ទនាវប្បធម៌រាប់រយវគ្គជាមួយជនបរទេស។ លោកបណ្ឌិត Tran Doan Lam បានឲ្យដឹងថា៖ “បន្ទាប់ពីមិត្តអ្នកស្តាប់បានស្តាប់ការនិយាយរបស់លោក ឬមិត្តអ្នកអាន បានអានអត្ថបទ កាសែត ឬសៀវភៅរបស់លោក ឬអ្នកដែលស្រលាញ់វៀតណាមកាន់តែស្រលាញ់វៀតណាម អ្នកដែលមិនស្រឡាញ់វៀតណាមក៏ចាប់ផ្តើមស្រឡាញ់វៀតណាមដែរ។ នោះគឺជាសិល្បៈបំពេញការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសរបស់លោក Huu Ngoc។ ចេញពីបេះដូង ទៅកាន់ចំបេះដូង ព្រោះផ្លូវនេះគឺត្រង់និងមិនលំអៀងបំផុត”។

ក្នុងឆ្នាំ ១៩៩៧ ក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសដល់អ្នកវប្បធម៌ Huu Ngoc ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម (អាណត្តិ ១៩៩៤- ១៩៩៧) Börje Lunggren ធ្លាប់បានវាយតម្លៃថា៖ “រហូតមកដល់ពេលនេះ ខ្ញុំមិនដែលជួបអ្នកសាងសង់ស្ពានរវាងបណ្តាខឿនវប្បធម៌ដូចលោក Huu Ngoc ទេ - ចាក់ឫសយ៉ាងជ្រៅក្នុងវប្បធម៌វៀតណាម ជាអ្នកស្មោះស្ម័គ្រ ដែលទទួលយកវប្បធម៌ដទៃយ៉ាងឈ្លាសវៃ”។  ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀត ណាម (អាណត្តិ ១៩៨៩-១៩៩៣) លោក Claude Blanchemaison បានបញ្ជាក់ថា “ប្រសិនបើមានបញ្ញវន្ត ឬអ្នកនិពន្ធណាដែលស័ក្តិសមនឹងទទួលបានគ្រឿងឥស្សរិយយស “Cành cọ Hàn Lâm  នោះគឺជាលោក Huu Ngoc ដែលជាអ្នកវប្បធម៌ដ៏អស្ចារ្យមួយ”។ ក្នុងពេលជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត Tran Doan Lam បានឲ្យដឹងថា៖ “អ្នកវប្បធម៌ Huu Ngoc បានបន្សល់ទុកនូវមរតកដ៏ធំធេង រួមមានទាំងសម្ភារៈ និងបេតិកភណ្ឌខាងស្មារតី។ លោកបានបន្សល់ទុកកាសែតរាប់ពាន់ទំព័រ ហើយសៀវភៅ ៣៤ ក្បាល ដែលលោកបានសរសេរជាភាសាអង់គ្លេស បារាំងនិងវៀតណាម។ អត្ថបទទាំងនោះបង្ហាញពីភាពឈ្លាសវៃនិងចំណេះដឹងជ្រៅជ្រះ របស់អ្នកវប្បធម៌ Huu Ngoc អំពីវប្បធម៌វៀតណាម ព្រមទាំងវប្បធម៌ពិភពលោក ប្រទេសជាតិនិងប្រជាជនវៀតណាម ប្រទេសជាតិនិងប្រជាជនលើពិភពលោក"។

អ្នកវប្បធម៍ Huu Ngoc៖ បុគ្គលដែលកសាងស្ពានវប្បធម៌រវាងវៀតណាមនិងពិភពលោក - ảnh 3អ្នកវប្បធម៌ Huu Ngoc និងភរិយានៅលើវេទិកាទទួលរង្វាន់ធំ - រង្វាន់ Bui Xuan Phai - សម្រាប់សេចក្តីស្រឡាញ់ទីក្រុងហាណូយឆ្នាំ ២០១៧ (រូបថត៖ អ្នកថតរូប Nguyen Dinh Toan)

ដោយមានកម្លាំងមាំមួន នៅអាយុ ១០២ ឆ្នាំ (ឆ្នាំ ២០២០) អ្នកវប្បធម៌ Huu Ngoc បានចាប់ចេញផ្សាយសៀវភៅ "Cảo thơm lần giở" ដែលមាន ២ ភាគ ជិត ១.០០០ ទំព័រ។ តាមរយៈសៀវភៅនេះ មិត្តអ្នកអានអាចស្វែងយល់អំពីមនុស្សល្បីឈ្មោះលើពិភពលោកចំនួន ១៨០ នាក់ ក្នុងវិស័យជាច្រើន រួមមាន ព្រះពុទ្ធសក្យមុនី ព្រះយេស៊ូគ្រិស្ត ខុងជឺ ស៊ុន ជឺ ហេហ្គែល សូក្រាត ដាវីន ឡេអូណាដូ ដា វីនស៊ី ពីកាសូ... និងមនុស្សល្បីឈ្មោះនៅវៀតណាម ៣ នាក់៖ Nguyen Trai, Nguyen Du និងលោកប្រធានហូជីមិញ។ កវី Luong Dinh Khoa បានឲ្យដឹងថា៖ “អ្នកវប្បធម៌ Huu Ngoc បានប្រាប់ខ្ញុំថា ពិភពលោកនេះប្រៀបដូចជាមហាសមុទ្រដ៏ធំល្វឹងល្វើយ ជាមួយនឹងរលកវប្បធម៌ផ្សេងៗគ្នារាប់មិនអស់។ បើយើងមិនមានទូករឹងដែលជាអត្តសញ្ញាណវប្បធម៌របស់ជាតិទេនោះ យើងងាយនឹងត្រូវរលាយសាបសូន្យ។ ក្រោយមក រាល់ពេលដែលខ្ញុំរៀនអំពីទិដ្ឋភាពជាក់ស្តែងនៃវប្បធម៌ប្រពៃណី ពាក្យដ៏ស្មោះអស់ពីចិត្តរបស់លោក Huu Ngoc បានបន្លឺឡើងក្នុងចិត្តខ្ញុំ។ លោកប្រៀបដូចជាសញ្ញាបង្ហាញពីវប្បធម៌ដឹកនាំយុវជនទាំងអស់ សព្វថ្ងៃ ដើម្បីស្វែងរកឫសគល់របស់ខ្លួន។ អ្វីដែលអ្នកវប្បធម៌លោក Huu Ngoc បានប្រគល់ជូននឹងជាបទចម្រៀងមួយដែលដក់ជាប់ក្នុងដួងចិត្តជនជាតិវៀតណាមគ្រប់រូបដែលស្រឡាញ់វប្បធម៌”។

ជាមួយនឹងការរួមវិភាគទានមិនចេះនឿយហត់របស់ខ្លួន អ្នកវប្បធម៌ Huu Ngoc បានទទួលរង្វាន់ដ៏ថ្លៃថ្លាជាច្រើនរបស់វៀតណាមនិងក្រៅប្រទេសដូច ជា៖ គ្រឿងឥស្សរិយយសឯករាជ្យ គ្រឿងឥស្សរិយយសយុទ្ធជ័យ គ្រឿងឥស្សរិយយស Canh co Han Lam (បារាំង) គ្រឿងឥស្សរិយយស Legion of Honor (ស៊ុយអែត) ពានរង្វាន់ Mot d'or (បារាំង) ហើយនៅឆ្នំាំ ២០១៥គឺ ពានរង្វាន់ជាតិថ្នាក់ទី ១ សម្រាប់ព័ត៌មានកិច្ចការបរទេស ...។

ឥឡូវនេះ ទោះបីជាលោកបានលាចាកលោកទៅហើយក្តី ប៉ុន្តែលោកនៅតែត្រូវបានគេស្គាល់ថា ជាបុគ្គលដែលបានសាងសង់ស្ពានវប្បធម៌រវាងវៀត ណាមនិងពិភពលោក៕

ប្រតិកម្មទៅវិញ