ម្ចាស់សារមន្ទីរគឺលោកបណ្ឌិត Nguyen Chi Cong ដែលធ្លាប់កាន់តំណែងជាប្រធាននាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃសមាគមកុំព្យូទ័រវៀតណាមនិងជាប្រធានអនុគណៈកម្មាធិការនៃកម្មវិធីជាតិស្តីពីបច្ចេកវិទ្យាព័ត៌មាន (រូបថតៈVOV) |
សារមន្ទីរបច្ចេកវិទ្យាព័ត៌មាន របស់បណ្ឌិត Nguyen Chi Cong ត្រូវបាន សាងសង់ឡើង ក្នុងខែវិច្ឆិកាឆ្នាំ ២០១៩ ហើយបានសម្ពោធដាក់ឲ្យដំណើរការនៅខែមករាឆ្នាំ ២០២០។ លោក Cong បានជួសជុលហ្គារ៉ាស ឡានក្នុងគេហដ្ឋានរបស់ខ្លួន នៅសង្កាត់ Dong Tac ខ័ណ្ឌ Dong Da នៃទីក្រុងហាណូយ ឲ្យក្លាយទៅជាសារមន្ទីរ ក្នុងគោលបំណង ណែនាំពី បច្ចេកវិទ្យាព័ត៌មាន របស់ពិភពលោកនិងបច្ចេកវិទ្យាព័ត៌មានវៀត ណាមផងដែរ។
តាំងពីយូរណាស់មកហើយ លោកបណ្ឌិត Nguyen Chi Cong បានដិតជាប់ក្នុងអារម្មណ៍នូវគំនិតបង្កើតសារមន្ទីរបច្ចេកវិទ្យាព័ត៌មានមួយ ហើយលោកបានចំណាយរយៈពេល ៤០ ឆ្នាំ សម្រាប់ការប្រមូលផ្តុំរូបភាពនិងវត្ថុបុរាណ។ លោកក៏បានចំណាយពេលជាច្រើនសម្រាប់ទស្សនានិងពិនិត្យមើលនូវសារមន្ទីរជាច្រើននៅទូទាំងប្រទេស។ ទោះបីមានទំហំត្រឹមតែ ២៥ ម៉ែត្រការ៉េប៉ុណ្ណោះ ប៉ុន្តែសារមន្ទីររបស់លោក Cong បានរក្សានិងតាំងបង្ហាញនូវផ្ទាំងរូបភាពបច្ចេកវិទ្យាពត៌មានរបស់វៀតណាមនិងពិភពលោកទាំងមូល។ លោកបណ្ឌិត Nguyen Chi Cong បានរៀបរាប់ថា៖ “សារមន្ទីរនេះស្ថិតនៅក្នុងហ្គារ៉ាសរថយន្តចាស់ ដើម្បីរំលឹកដល់មនុស្សគ្រប់គ្នាអំពី រឿងព្រេងបច្ចេកវិទ្យាព័ត៌មានជនជាតិអាមេរិក ដូចជា លោក Bill Gates ដែលធ្លាប់បានចាប់ផ្តើមអាជីពពីហ្គារ៉ាសរថយន្តរបស់ខ្លួន។ ពេលចូលកាន់បន្ទប់តាំងបង្ហាញ អ្នកនឹងមើលឃើញនៅខាងឆ្វេងគឺជាក្តារវែងមួយព្យួរលើជញ្ជាំង ដែលពិពណ៌នាដោយសង្ខេបពីប្រវត្តិសាស្រ្តនៃបច្ចេកវិទ្យាព័ត៌មានរបស់មនុស្សលោក។ នៅខាងក្រោមក្តារ គឺកុំព្យូទ័រនិងឧបករណ៍ជំនួយ ដូចជា ម៉ាស៊ីនព្រីន ស្កេន ក្តារចុច អេក្រង់ និងខ្សែអាត់ជាដើម។ រូបខ្ញុំផ្ទាល់ក៏បានប្រើឧបករណ៍ជំនួយទាំងនេះ ក្នុងការបង្រៀននិងបណ្តុះបណ្តាល ក៏ដូចជា អនុវត្តនៅក្នុងឧស្សាហកម្មសន្តិសុខនិងការ ពារជាតិរបស់វៀតណាមផងដែរ។ ខ្ញុំក៏បានបង្កើតក្តារមាស ដែលកត់ត្រាអ្នកដែលមានគុណបំណាច់សម្រាប់ផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់វៀតណាម។ សារមន្ទីរនេះតូចមែន ប៉ុន្តែចំនួនវត្ថុបុរាណគឺធំ ពោលគឺមានវត្ថុបុរាណជាង ៣០០ ហើយនៅក្នុងឃ្លាំងខ្ញុំមានវត្ថុបុរាណទ្វេដងផងដែរ”។
សារមន្ទីរនេះនឹងត្រូវបានឌីជីថលអនុវត្តតាមបច្ចេកវិទ្យានិម្មិត 3D ដែលត្រូវបានផ្សព្វផ្សាយលើអ៊ិនធរណេតបម្រើអ្នកទស្សនាគ្រប់គ្នាដោយឥតគិតថ្លៃ (ប្រភព៖ house3D)
|
មកដល់ទីកន្លែងដ៏វិសេសវិសាលនេះក៏មានយុវជនជាច្រើនដែល ជក់ចិត្តនឹងបច្ចេកវិទ្យាព័ត៌មានផងដែរ។ ជាពិសេស សម្រាប់និស្សិត លោកគ្រូអ្នកគ្រូនិងសាស្ត្រាចារ្យ ផ្នែកព័ត៌មានវិទ្យា សារមន្ទីរ បច្ចេកវិទ្យាពត៌មានរបស់បណ្ឌិត Nguyen Chi Cong គឺជាបរិយាកាសសិក្សាក្រៅម៉ោងដែលមានប្រយោជន៍ណាស់។ គ្រូបង្រៀនមួយរូបនៅសាកលវិទ្យា ល័យ FPT បានសំណេះសំណាលកាលមកទស្សនាសារៈមន្ទីរថា៖ “នាងខ្ញុំធ្វើការនៅសាកលវិទ្យាល័យ FPT ដែលទាក់ទងផ្ទាល់នឹងបច្ចេកវិទ្យាព័ត៌មាន ពេលមកទស្សនា សារមន្ទីរខ្ញុំបានស្វែងយល់ពីបច្ចេកវិទ្យាព័ត៌មានវៀតណាម ជាពិសេសក្នុងបរិបទបច្ចេក វិទ្យា ៤.០ សព្វថ្ងៃ។ រាល់ចំណេះដឹងអំពីដំណើរការនៃការបង្កើតនិងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់វៀតណាមនិយាយដោយឡែកនិងពិភពលោកនិយាយរួមគឺពិតជាមានប្រយោជន៍សម្រាប់រូបខ្ញុំ។ ជាមួយគ្នានោះ អ្នកដែលធ្វើការក្នុងវិស័យនេះ អាចស្រមើពីអនាគតនៃបច្ចេកវិទ្យាព័ត៌មានយ៉ាងដូចម្ត៉េច។ ពិតជាមានប្រយោជន៍ណាស់”។
បណ្ឌិត Nguyen Chi Cong មានរយៈពេល ៤០ ឆ្នាំផ្សាភ្ជាប់នឹងផ្នែកបច្ចេកវិទ្យាព័ត៌មាន។ លោកបានចូលរួមក្នុងការស្រាវជ្រាវនិងផលិតកុំព្យួទ័រដំបូងគេនៅប្រទេសវៀតណាមនិងអាស៊ី ចាប់តាំងពីឆ្នាំ ១៩៧៧ មក ពោលគឺ នៅកៀកនឹងពេលវេលា ផលិតកុំព្យូទ័រដំបូងគេនៅប្រទេសបារាំងក្នុងឆ្នាំ ១៩៧៣ និងនៅសហរដ្ឋ អាមេរិកនៅឆ្នាំ ១៩៧៥ តែម្តង។ នៅពេលចូលនិវត្តន៍ លោកបានបង្កើតសារមន្ទីរ ដោយលោកធ្វើជានាយកសារមន្ទីរ និងជាអ្នកណែនាំដល់នរណាដែលមកទស្សនាសារមន្ទីររបស់លោកផងដែរ។
សារៈមន្ទីរបច្ចេកវិទ្យាព័ត៌មានឯកជនដំបូងគេនៅវៀតណាមទាក់ទាញអ្នកទស្សនាពីព្រោះម្ចាស់សារមន្ទីរជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យា។ វត្ថុបុរាណនីមួយៗដែលបានតាំងបង្ហាញនៅទីនេះ បានជួយអ្នកទស្សនាដឹង ថា វាបានបង្កើតតាំងពីពេលណា តើអ្នកណាជាអ្នកបង្កើត ហើយក្រុមហ៊ុនណាផលិតនិងចែកចាយផលិត ផលនោះ។ វត្ថុបុរាណដែលបានតាំងបង្ហាញនៅសារមន្ទីរក៏ជាឧទាហរណ៍ដ៏រស់រវើកដែលបញ្ជាក់ពីបញ្ញារបស់ប្រជាជនវៀតណាមដែលមិនចាញ់នរណាឡើយ បើប្រៀបនឹងប្រទេសដទៃទៀតនៅលើពិភពលោកឡើយ។ នាពេលអនាគត សារមន្ទីរនឹងត្រូវបានធ្វើឌីជីថល ដោយអនុវត្តតាមបច្ចេកវិទ្យានិម្មិត 3D ដែលត្រូវបានផ្សព្វ ផ្សាយតាមអ៊ិនធឺរណែត ដើម្បីមនុស្សគ្រប់គ្នាទស្សនាពីចម្ងាយដោយឥតគិតថ្លៃ ហើយមិនបាច់ទៅសារៈមន្ទីដោយផ្ទាល់ឡើយ៕