សុទិដ្ឋិនិយមលើអនាគតរបស់បច្ចេកវិទ្យា “Make in Vietnam”

Chia sẻ
(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! នៅប្រទេសវៀតណាមបច្ចុប្បន្ននេះ រលកនៃការផ្លាស់ប្តូរឌីជីថលកំពុងកើតឡើងយ៉ាងខ្លាំង និងក្នុងល្បឿនដ៏លឿនបំផុត។ ដោយមានអាជីវកម្មបច្ចេកវិទ្យាឌីជីថលប្រហែល ៧០ពាន់អង្គភាពបានចុះឈ្មោះប្រតិបត្តិការ ដែលក្នុងនោះអាជីវកម្មភាគធំបានដំណើរការនៅទីផ្សារបរទេស ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam ជាច្រើនបានបញ្ជាក់ពីឋានៈរបស់ខ្លួននៅក្នុងទីផ្សារទាំងក្នុងនិងក្រៅប្រទេស ហើយវៀតណាមកំពុងមានទំនុកចិត្តក្នុងការធ្វើជាម្ចាស់បច្ចេកវិទ្យាទំនើប ដោយសម្រេចបានឆាប់ៗ នូវគោលដៅក្លាយជាប្រទេសឌីជីថលនៅឆ្នាំ ២០៤៥។
សុទិដ្ឋិនិយមលើអនាគតរបស់បច្ចេកវិទ្យា “Make in Vietnam” - ảnh 1Zalo ជាកម្មវិធីបណ្តាញសង្គមរបស់វៀតណាម ដែលមានគណនីច្រើនជាង Facebook នៅវៀតណាម។ រូបថត៖ Zalo

ឧទាហរណ៍របស់អង្គភាពអាជីវកម្មបច្ចេកវិទ្យាឌីជីថលដែលទទួលបានជោគជ័យជាមួយនឹងផលិតផល "Make in Vietnam" រួមមាន: Viettel ជាមួយឧបករណ៍បណ្តាញ 5G នៅក្នុងទីផ្សារបរទេសដែលសម្រេចបានប្រាក់ចំណូលជាង ៣ ពាន់លានដុល្លារអាមេរិក; VinGroup ផលិតរថយន្តសម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក; FPT ជាមួយនឹងសេវាបច្ចេកវិទ្យាព័ត៌មាន  ផ្លាស់ប្តូរឌីជីថលបម្រើប្រទេសអភិវឌ្ឍន៍ ដូចជាប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ហើយទទួលបានប្រាក់ចំណូលលើសពី ១ ពាន់លានដុល្លារ; Zalo ដែលជាកម្មវិធីបណ្តាញសង្គមរបស់វៀតណាម មានគណនីច្រើនជាង Facebook នៅវៀតណាម។ អង្គភាពអាជីវកម្មទាំងនេះបាននិងកំពុងបំផុសគំនិត និងបង្កើតទំនុកចិត្តសម្រាប់អនាគតនៃបច្ចេកវិទ្យា "Make in Vietnam"។

លទ្ធផលដំបូងនេះគឺដោយសារក្នុងរយៈពេលកន្លងមក រដ្ឋាភិបាលវៀតណាមតែងតែមានយុទ្ធសាស្ត្រច្បាស់លាស់ ដោយយកអាជីវកម្មបច្ចេកវិទ្យាឌីជីថលជាមជ្ឈមណ្ឌល យកគុណភាពនិងម៉ាកយីហោ “Make in Vietnam” ជាមូលដ្ឋានគ្រឹះ ហើយទេពកោសល្យគឺជាគន្លឹះ។  ជាមួយនឹងការប្តេជ្ញាចិត្តអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល វៀតណាមបានវិនិយោគយ៉ាងសកម្មក្នុងវិស័យបច្ចេកវិទ្យាឌីជីថលក្រោមគ្រប់ទម្រង់។ រដ្ឋាភិបាលបានចេញគោលនយោបាយស្តីពីបដិវត្តន៍ឧស្សាហកម្ម ៤.០ និងអភិវឌ្ឍន៍សហគ្រាសបច្ចេកវិទ្យាឌីជីថល។ បង្កើតគម្រោងផ្លាស់ប្តូរឌីជីថលជាតិឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងរដ្ឋាភិបាលអេឡិចត្រូនិក បើកឱកាសដ៏ធំធេងសម្រាប់ការអភិវឌ្ឍឈានទៅមុខរបស់វៀតណាម។ តំណាង FPT លោក Phan Hong Tam នាយកបច្ចេកវិទ្យា Cloud នៃ FPT smart Cloud បានបញ្ជាក់ថា៖ “បច្ចេកវិទ្យា Cloud Computing គឺជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលជាមូលដ្ឋានគ្រឹះមួយដើម្បីលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល។ ដូច្នេះ គោលនយោបាយរបស់រដ្ឋក្នុងការជួយដល់អាជីវកម្មវៀតណាមក្នុងការផ្តល់សេវាកាន់តែប្រសើរឡើង គឺជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់អាជីវកម្មរបស់យើង”។

ថ្មីៗនេះ ការទទួលយកបច្ចេកវិទ្យាថ្មីៗដូចជា block-chain និងស្វ័យប្រវត្តិកម្មទំនើប បានជួយឱ្យផលិតផលបច្ចេកវិទ្យារបស់វៀតណាមទទួលបានភាពល្បីល្បាញបន្តិចម្តងៗនៅលើទីផ្សារអន្តរជាតិ។ យ៉ាងណាមិញ ការប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យាកំពុងតែកើនឡើង ដែលទាមទារឱ្យអាជីវកម្មនានាត្រូវកែលម្អគុណភាពផលិតផល គុណភាពសេវាកម្ម សមត្ថភាពច្នៃប្រឌិត សមត្ថភាពរចនាបច្ចេកវិទ្យាខ្ពស់ និងបន្តការស្រាវជ្រាវ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលថ្មី និងបច្ចុប្បន្នភាពនិន្នាការពិភពលោកយ៉ាងឆាប់រហ័ស។ លោក Phan Hong Tam បានចាត់ទុកថា៖“ក្រុមហ៊ុនផ្តល់សេវាធំៗក្នុងពិភពលោកបាននាំមុខវៀតណាមជាច្រើនឆ្នាំ ហើយពួកគេបានចាប់យកចំណែកទីផ្សារ និងប្រព័ន្ធផ្សព្វផ្សាយ។ ការកសាងវេទិកា Make in Vietnam ទាមទារការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដើម្បីធ្វើជាម្ចាស់បច្ចេកវិទ្យា។ អាជីវកម្មរបស់យើងតែងតែកំណត់ពីតម្រូវការក្នុងការកសាងក្រុមល្អៗ ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង មានកម្លាំងគ្រប់គ្រាន់សម្រាប់ការប្រកួតប្រជែង”។

មកទល់នឹងពេលនេះ ក្រោយយៈពេល ៣ ឆ្នាំ ចាប់តាំងពីសារ "Make in Vietnam" ត្រូវបានក្រសួងព័ត៌មាន និងផ្សព្វផ្សាយចេញផ្សាយមក ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលនៅតែបន្តជាចំណុចភ្លឺរបស់សេដ្ឋកិច្ចវៀតណាម ដោយប្រាក់ចំណូលនៅឆ្នាំបន្ទាប់តែងតែកើនឡើងខ្ពស់ជាង ឆ្នាំមុន។ ជាពិសេស ការនាំចេញឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមក្នុងឆ្នាំ ២០២២ ត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់ ១៣៦ ពាន់លានដុល្លារអាមេរិក។ ប្រការនេះបញ្ជាក់ថា អាជីវកម្មឌីជីថលរបស់វៀតណាមបានលើកកំពស់តួនាទីត្រួសត្រាយ ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងការច្នៃប្រឌិត ម្ចាស់បច្ចេកវិទ្យា ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការផ្លាស់ប្តូរឌីជីថលជាតិ។

សុទិដ្ឋិនិយមលើអនាគតរបស់បច្ចេកវិទ្យា “Make in Vietnam” - ảnh 2អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ  លោក Pham Duc Long ។រូបថត៖ VOV

ជាមួយគ្នានោះ ស្ថាប័នគ្រប់គ្រងក៏បានបន្តមានគោលនយោបាយផ្សព្វផ្សាយផលិតផល "Make in Vietnam" ក៏ដូចជាការអភិវឌ្ឍអាជីវកម្មបច្ចេកវិទ្យាឌីជីថលផងដែរ។ លោក Pham Duc Long អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានឲ្យដឹងថា៖ “ថ្នាពេលកន្លងមកនេះ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ បានបំផុសយុទ្ធនាការឧបត្ថម្ភដល់អាជីវកម្មបច្ចេកវិទ្យាឌីជីថលទៅកាន់បរទេស។ យើងបានភ្ជាប់ក្រុមនានា និងក្រុមប្រឹក្សាយោបល់ ដើម្បីផ្តល់ការគាំទ្រផ្នែកគោលនយោបាយ ពិគ្រោះយោបល់ផ្នែកច្បាប់ និងផ្តល់យោបល់លើផលិតផលដែលអាចនាំយកទៅកាន់ទីផ្សារបរទេស។ លើសពីនេះ យើងក៏លើកទឹកចិត្តដល់អាជីវកម្មធំៗ និងត្រួសត្រាយផ្លូវដែលបានវិនិយោគដោយជោគជ័យនៅបរទេស រួមទាំងជួយដល់អាជីវកម្មខ្នាតតូចឲ្យមានទំនុកចិត្ត ឆ្ពោះទៅកាន់ពិភពលោក”។

យុទ្ធសាស្ត្រជាតិ "Make in Vietnam" ត្រូវបានបង្កើត និងកំពុងត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា មិនត្រឹមតែជំរុញឱ្យអាជីវកម្មស្រាវជ្រាវ និងបង្កើតផលិតផលបច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះទេ ថែមទាំងដាក់មូលដ្ឋានគ្រឹះសម្រាប់គោលដៅអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ប្រជាជាតិឌីជីថល។ អនាគតនៃឧស្សាហកម្មឌីជីថលរបស់វៀតណាមគឺបើកចំហយ៉ាងទូលំទូលាយជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំដែលរីកសាយភាយពីរដ្ឋាភិបាលទៅកាន់ក្រសួង ស្ថាប័ន ដល់អាជីវកម្ម និងប្រជាជននីមួយៗ។ ពីព្រោះថា វៀតណាមយល់ដឹងយ៉ាងច្បាស់ថា លុះត្រាតែប្រជាជនវៀតណាមពិតជាស្ទាត់ជំនាញបច្ចេកវិទ្យាទំនើបបំផុត ទើបពួកគេអាចបង្កើតអនាគតរបស់ពួកគេបានយ៉ាងស្រួល។ នោះគឺជាគោលដៅធំនៃយុទ្ធសាស្ត្រ “Make in Vietnam” អភិវឌ្ឍន៍អាជីវកម្មបច្ចេកវិទ្យារបស់វៀតណាម ពន្លឿនការផ្លាស់ប្តូរឌីជីថលជាតិ ជួយវៀតណាមឲ្យរួចផុតពីអន្ទាក់ចំណូលមធ្យម និងក្លាយជាប្រទេសអភិវឌ្ឍន៍នាឆ្នាំ ២០៤៥៕

ប្រតិកម្មទៅវិញ