គ្រួសារជនជាតិភាគតិចជាច្រើននៅខេត្ត Lam Dong បានរួចផុតពីភាពក្រីក្រ និងកែលំអរជីវភាពរបស់ខ្លួនដោយការដាំដើមមនចិញ្ចឹមដង្កូវនាង (រូបថត៖ VOV) |
ចាប់ពីថ្ងៃដែលលោកស្រី Ka Loan នៅក្រុម Kon Tac Dang ទីរួមស្រុក Dinh Van ស្រុក Lam Ha (Lam Dong) បានផ្លាស់ប្តូរផ្ទៃដីដាំដុះដំណាំកាហ្វេមួយហិកតា ដែលមានទិន្នផលទាប ទៅជាការដាំដើមមនចិញ្ចឹមដង្កូវនាងវិញ គឺសេដ្ឋកិច្ចគ្រួសារមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ អ្នកស្រី Ka Loan បានឲ្យដឹងថា នៅផ្ទៃដីសម្រាប់ដាំដើមមននេះ លោកស្រីបានចិញ្ចឹមដង្កូវនាង ដែលគិតជាមធ្យមក្នុងមួយខែផ្តល់ប្រាក់ចំណេញសម្រាប់គ្រួសារជិតដប់លានដុង។ ជាពិសេសក្នុងរយៈពេល ២ ខែចុងក្រោយនៃឆ្នាំ ២០២១ ថ្លៃសំបុកដង្កូវនាងបានកើនឡើងដល់ ២០ម៉ឺនដុង/គីឡូក្រាម ដែលនាំមកនូវប្រាក់ចំណូលខ្ពស់ដល់ក្រុមគ្រួសារ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២០ នេះ ក្រុមគ្រួសាររបស់លោកស្រីបានទិញឥវ៉ាន់យ៉ាងគ្រប់គ្រាន់ រៀបចំកម្មវិធីជួបជុំដ៏រីករាយនិងកក់ក្តៅ៖ “គ្រួសារយើងក្រ ហើយមិនមានដីច្រើនដូចគេដូចឯងទេ។ ខ្ញុំមានតែផ្ទៃដីសម្រាប់ធ្វើស្រែនិងដាំការហ្វែតិចតូចប៉ុណ្ណោះ។ ធ្វើកាហ្វេក្នុងមួយឆ្នាំបានតែ៣ទៅ៤ តោនប៉ុណ្ណោះ ផលិតភាពទាបណាស់ ។ ហេតុដូច្នេះ ខ្ញុំបានផ្លាស់ប្តូរផ្ទៃដីដាំកាហ្វេទៅដាំដើមមនវិញដើម្បីចិញ្ចឹមដង្កូវនាង។ តាំងពីដាំដើមមនចិញ្ចឹមដង្កូវនាងមក គ្រួសារខ្ញុំមានលុយសម្រាប់រ៉ាប់រងជីវភាពគ្រួសារ”។
ដូចគ្នាដែរ ជីវភាពរស់នៅរបស់គ្រួសារលោក K'Du នៅភូមិទី ៤ ឃុំ Tam Bo ស្រុក Di Linh (ខេត្ត Lam Dong) ក៏ត្រូវបានកែលម្អដោយសារបានផ្លាស់ប្តូរទៅជាដាំដើមមនចិញ្ចឹមដង្កូវនាង។ បើតាមលោករូបនេះថា ដំបូងឡើយគឺមិនសូវមានបទពិសោធន៍ទេ អញ្ចឹងការដាំដើមមននិងចិញ្ចឹមដង្កូវនាងជួបការលំបាកយ៉ាងខ្លាំង ហើយប្រាក់ចំណេញក៏មិនសូវខ្ពស់ដែរ។ បន្តិចម្ដងៗ ដោយសារការជួយឧបត្ថម្ភយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរនិងសមាគមកសិករស្រុក ដែលបើកវគ្គបណ្តុះបណ្តាលជាប្រចាំនិងផ្ទេរបច្ចេកទេស ប្រាក់ចំណូលបានមកពីការដាំដើមមនចិញ្ចឹមដង្កូវនាងមានការកើនឡើង។ ក្រៅពីការយកចិត្តទុកដាក់លើការអនុវត្តបច្ចេកទេសថែទាំនិងធានាការផ្គត់ផ្គង់ពូជដង្កូវនាងប្រកបដោយគុណភាព ការជ្រើសរើសពូជដង្កូវនាងកូនកាត់ដែលមានទិន្ន ផលខ្ពស់ និងគុណភាពស្លឹកមន គឺជាកត្តាឈានមុខគេ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃផលិតកម្មគ្រួសារ។ ជាមួយនឹងតម្លៃទិញសំបុកដង្កូវនាងពីអាជីវករក្នុងទីផ្សារនាពេលបច្ចុប្បន្ន ចាប់ពី ១៧០ ទៅ ១៩០.០០០ ដុង/គីឡូក្រាម គ្រួសារលោករកចំណូលបានជិត ២០ លានដុង/ខែ។
“ដោយទទួលបានជំនួយឧបត្ថម្ភពីសមាគមកសិករស្រុក ដើម្បីទិញសម្ភារៈប្រើប្រាស់ ហើយគ្រួសារក៏មានផ្ទៃដីដាំដើមមនជាង ៥០០ម៉ែត្រក្រឡា សម្រាប់ចិញ្ចឹមដង្កូវនាងដែរ។ ខ្ញុំបន្តចិញ្ចឹមកូនដង្កូវនាង ហើយចាប់តាំងពីប្រកបអាជីពដាំដើមមនចិញ្ចឹមដង្កូវនាង ជីវភាពគ្រួសារខ្ញុំកាន់តែមានស្ថិរភាព។ ខ្ញុំមានបំណងពង្រីកផ្ទៃដីដាំដុះដើមមនចិញ្ចឹមដង្កូវនាងបន្ថែមទៀត”។
មិនត្រឹមតែនៅស្រុក Di Linh ប៉ុណ្ណោះទេ គំរូដាំដើមមនចិញ្ចឹមដង្កូវនាងក៏បានរីកសាយភាយយ៉ាងទូលំទូលាយនៅតាមតំបន់ជនជាតិភាគតិចជាច្រើនទូទាំងខេត្ត Lam Dong ផងដែរ។ យោងតាមលោកស្រី Bui Thi Thanh Huyen អនុប្រធានសមាគមកសិករនៅឃុំ Loc Tan ស្រុក Bao Lam ការដាំដើមមនចិញ្ចឹមដង្កូវនាងគឺជាគំរូរួចផុតពីភាពក្រីក្រ ជួយជនជាតិភាគតិចភាគច្រើននៅក្នុងតំបន់មានលក្ខខ័ណ្ឌលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន។ ក្នុងចំណោមគ្រួសារទាំងនោះ មានគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ ហើយក្លាយទៅជាគ្រួសារដែលមានសេដ្ឋកិច្ច ធូរធារ៖ “គ្រួសារជនជាតិភាគតិចនៅទីនេះភាគច្រើនដាំដើមមនចិញ្ចឹមដង្កូវនាង។ ពេលវេលាសម្រាប់ដាំមនចិញ្ចឹមដង្កូវនាងគឺខ្លីណាស់ ពោលគឺចំណាយតែ ១៧-១៨ ថ្ងៃអាចប្រមូលផលបានហើយ មានលុយចាយ ដូច្នេះ អ្នកភូមិរីករាយណាស់។ ដើមមនងាយស្រួលដាំណាស់ អ្នកថែទាំដាក់ជី២ដងក្នុងមួយឆ្នាំ រួចបេះស្លឹកបន្តបន្ទាប់។ ជាទូទៅ ជនជាតិភាគតិចឥឡូវនេះមានការរីកចម្រើន ប្រកបអាជីវកម្មប្រដោយមានប្រសិទ្ធភាពណាស់”។
ដោយមើលឃើញពីប្រសិទ្ធភាពបានមកពីគំរូនៃការដាំដើមមនចិញ្ចឹមដង្កូវនាង ថ្នាក់ដឹកនាំខេត្ត Lam Dong បានអនុម័តលើគម្រោងការណ៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ផ្នែកដាំដើមមនចិញ្ចឹមដង្កូវនាងក្នុងរយៈពេលខាងមុខ។ អាស្រ័យហេតុនេះ ដល់ឆ្នាំ២០២៣ ខិតខំបង្កើនផ្ទៃដីដាំស្វាយក្នុងខេត្តឲ្យបាន ១ ម៉ឺនហិកតា ទិន្នផលស្លឹកមនឡើងដល់ ២១ ម៉ឺនតោន ផ្តល់សំបុកដង្កូវនាង ដែលមានគុណភាពគ្រប់គ្រាន់ សម្រាប់បម្រើតម្រូវការផលិតកម្ម និងបង្កើនទិន្នផលដង្កូវនាងឲ្យដល់ ១៤.៥០០តោន។ ទន្ទឹមនឹងនោះ Lam Dong នឹងផ្តោតលើការបង្កើតខ្សែសង្វាក់តភ្ជាប់ផលិតកម្មនិងការប្រើប្រាស់ផលិតផល ជួយកសិករនឹងនរចិត្តប្រកបមុខរបរ ស្ថិរភាពផលិតកម្ម និងលើកកំពស់តម្លៃផលិតផលសូត្រក្នុងស្រុកបន្តិចម្តងៗ។ នៅពេលដែលគម្រោងនេះត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយ ប្រាកដជានឹងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ប្រជាជននៅតំបន់ជនជាតិភាគតិចក្នុងខេត្តឲ្យរួចផុតពីភាពក្រីក្រ និងលើកកម្ពស់ជីវភាពកាន់តែសម្បូរធូរធារ៕