សញ្ញាល្អក្នុងការស្តារវិស័យទេសចរណ៍នៅខេត្ត Yen Bai

Chia sẻ

(VOVWORLD) - នៅក្នុងខែមេសា ជាពិសេសបន្ទាប់ពីថ្ងៃឈប់សម្រាកថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ១ ឧសភា នៅតាមមណ្ឌលទេសចរណ៍និងរមណីយដ្ឋានមួយចំនួននៅខេត្ត Yen Bai កន្លែងជាច្រើនត្រូវបានភ្ញៀវកក់ពេញអស់ ហើយទីតាំងកម្សាន្តនិងរមណីដ្ឋាននៅទូទាំងខេត្ត គឺពោរពេញទៅដោយភ្ញៀវជាតិនិងអន្តរជាតិមកទស្សនា។  តាមនោះ បង្ហាញជាសញ្ញាល្អនៃការស្តារឡើងវិញវិស័យទេសចរណ៍តបន់ភ្នំ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាយូរ ដោយសារផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩។

សញ្ញាល្អក្នុងការស្តារវិស័យទេសចរណ៍នៅខេត្ត Yen Bai - ảnh 1ខេត្ត Yen Bai នៅតែរក្សាបាននូវសម្រស់ធម្មជាតិដ៏រហោស្ថាន។ (រូបថត៖ VOV)

ទោះបីមិនទាន់ជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសក៏ដោយ ប៉ុន្តែបច្ចុប្បន្ន ខេត្ត Yen Bai ក៏មានទីកន្លែងទាក់ទាញជាច្រើនសម្រាប់ភ្ញៀវទេសចរដូចជា៖ “ឈូងសមុទ្រ Ha Long នៅលើភ្នំ” បឹង Thac Ba; អាង Muong Lo, “ឋានសួគ៌នៃវាលស្រែកាំជណ្តើរ” នៅ Mu Cang Chai ...ជាដើម។ ជាពិសេសជាមួយនឹងផ្លូវហាយវ៉េ Noi Bai - Lao Cai ភ្ញៀវមកពីហាណូយត្រូវធ្វើដំណើរទៅកាន់ Yen Bai ត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ ដើម្បីចាប់ផ្តើមដំណើរទេសចរណ៍របស់ខ្លួន។ ដូច្នេះហើយ នៅពេលដែលទេសចរណ៍បើកឡើងវិញភ្លាម ច្រកទ្វាចូលទិសពាយ័ព្យនេះបានស្វាគមន៍ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសយ៉ាងច្រើនកុះករ។ លោក Do Nam Binh មកពីទីក្រុងហាណូយបានឲ្យដឹងថា៖ “ថ្ងៃនេះខ្ញុំមកទីនេះជាលើកដំបូង ព្រោះពួកយើងបានណាត់គ្នាមុននោះ គឺជាឱកាសសម្រាប់ពួកយើងមកទីនេះ ហើយនៅយូរជាងនេះទៀត ព្រោះខ្ញុំគិតថា ទីនេះស្អាតអញ្ជឹងសោះ”។

មកដល់ខេត្ត Yen Bai ទឹកដីស្ងប់ស្ងាត់ណាស់ ធម្មជាតិស្អាតអស្ចារ្យ មិនសូវមានសំណង់ជាច្រើនទេ មានអ្នករស់នៅតិច ដូច្នេះហើយទើបរក្សាសម្រស់នៃធម្មជាតិ។ នៅទីនេះ ភ្ញៀវទេសចរទទួលបានអារម្មណ៍មិនត្រឹមតែជាមួយនឹងទេសភាពធម្មជាតិព្រៃព្រឹក្សាអស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរស់នៅជាមួយប្រជាជនក្នុងតំបន់ដែលមានភាពរួសរាយរាក់ទាក់ផងដែរ។

បន្ទាប់ពីវិស័យទេសចរណ៍ត្រូវបានបើកដំណើរការយ៉ាងពេញលេញ អារម្មណ៍របស់មនុស្សជាច្រើនគឺស្វែងរកទេសចរណ៍ធម្មជាតិ បទពិសោធន៍ទេសចរណ៍ ឬទេសចរណ៍ផ្សងព្រេងដើម្បីសម្រាកលំហែកាយ បន្ទាប់ពីរងសម្ពាធអស់រយៈពេលយ៉ាងយូរដោយសារជំងឺរាតត្បាត។ ខេត្ត Yen Bai មានប្រៀបខ្លាំងសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ប្រភេទនេះ។

សញ្ញាល្អក្នុងការស្តារវិស័យទេសចរណ៍នៅខេត្ត Yen Bai - ảnh 2ភ្ញៀវទេសចរគយគន់ទេសភាពនៅបឹង Thac Ba។

នៅភូមិទេសចរណ៍ An Binh ឃុំ Tan Huong ស្រុក Yen Binh បានឃើញក្រុមភ្ញៀវទេសចរណ៍ជាច្រើនមកកម្សាន្តនៅរមណីយដ្ឋាននេះ។ នៅទីនេះ មានភាពស្ងប់ស្ងាត់ក្នុងលំហ និងខ្យល់អាកាសបរិសុទ្ធ ក្រៅពីទេសភាពដ៏ស្រស់ត្រកាលនៃបឹង Thac Ba ដ៏មនោរម្យបំផុតសម្រាប់អ្នកទេសចរដែលចូលចិត្តសម្រាកលំហែកាយ និងបំប៉នសុខភាព។ លោកស្រី Luong Thi Hien និងក្រុមគ្រួសារមកពីទីក្រុងហាណូយ បាននិយាយថា សមាជិកទាំងអស់មានអារម្មណ៍ពេញចិត្តនៅពេលជួបប្រទះជីវភាពនៅក្នុងភូមិទេសចរណ៍នេះ៖ “ចម្ងាយពីហាណូយមកដល់ទីនេះមិនឆ្ងាយប៉ុន្មានទេ នៅពេលមកដល់ទីនេះ បរិយាកាសពិតជាល្អណាស់។ ទេសភាពធំទូលាយ ទឹកថ្លា ដើមឈើខៀវស្រងាត់ កន្លែងស្នាក់នៅពិតជាពេញចិត្តណាស់។ យើងនៅតែមានគម្រោងមកធ្វើដំណើរទេសចរណ៍មកដល់ទីនេះម្តងទៀត”។

មិនត្រឹមតែសម្រាប់ថ្ងៃឈប់សម្រាកថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ១ ឧសភាប៉ុណ្ណោះទេ ចាប់តាំងពីជំងឺរាតត្បាតកូវីដ ១៩  ត្រូវបានគ្រប់គ្រង និងទេសចរណ៍វៀតណាមបានបើកឡើងវិញនោះ ទីភ្នាក់ងារទេសចរណ៍ក្នុងខេត្ត Yen Bai មានការមមាញឹកយ៉ាងខ្លាំងជាមួយនឹងការបើកដំណើរទួរទេសចរណ៍ខ្សែផ្លូវថ្មី។ ក្រុមហ៊ុន ចំកាត់ពាណិជ្ជកម្មនិងទេសចរណ៍ Hung Viet គឺជាឧទាហរណ៍មួយ។ អង្គភាពនេះបានសហការយ៉ាងសកម្មជាមួយដៃគូនានា ដើម្បីផ្សព្វផ្សាយកម្មវិធីជំរុញទេសចរណ៍ កសាងដំណើរទេសចរណ៍ប្លែកៗ តភ្ជាប់តំបន់ទេសចរណ៍បែបប្រពៃណី និងតំបន់ទេសចរណ៍ថ្មីៗដាក់ឱ្យដំណើរការ បង្កើតផលិតផលទេសចរណ៍ទាក់ទាញភ្ញៀវ

ទេសចរណ៍។ លោក Nguyen Viet Hung នាយកក្រុមហ៊ុនបានឲ្យដឹងថា៖

“ចំនួនអតិថិជនកក់សេវាកម្មតាមរយៈក្រុមហ៊ុន Hung Viet មានភាពសម្បូរបែបណាស់។ ពោលគឺ ភ្ញៀវគឺមកពីភាគខាងត្បូង ទីក្រុងហាណូយ និងខេត្តជិតខាង។ ទីតាំងទេសចរណ៍ជាច្រើនកំពុងមានភាពទាក់ទាញភ្ញៀវច្រើនកុះករ”។

លោក Hoang Hung Binh នាយករងនៃក្រុមហ៊ុនចំកាត់វិនិយោគនិងពាណិជ្ជកម្ម សាខា Yen Bai បានចែករំលែកថា៖ សហគ្រាសបន្តទាញយកលក្ខណៈពិសេសនៃវប្បធម៌ក្នុងស្រុក រួមមានមុខម្ហូបដែលមានរសជាតិប្លែក អាហារសរីរាង្គ ថែទាំសុខភាព; ជាមួយគ្នានេះ មានការប្តេជ្ញាចិត្តក្នុងការអនុវត្តគោលនយោបាយជំរុញទេសចរណ៍ ដើម្បីកាត់បន្ថយតម្លៃបន្ទប់ និងសេវាកម្មពី ១០ ទៅ ៥០% ប៉ុន្តែគុណភាពនៃសេវាកម្មនៅតែមិនផ្លាស់ប្តូរ ដែលជួយឱ្យភ្ញៀវដែលមកទីនេះពិតជាមានអារម្មណ៍ពេញចិត្ត។ ដូច្នេះ ថ្ងៃឈប់សម្រាកកន្លងទៅ រមណីយដ្ឋាននេះមានគេកកបន្ទប់ពេញ៖

“តម្លៃសមរម្យ ការស្នាក់នៅប្រកបដោយគុណភាព គឺជាលក្ខណៈវិនិច្ឆ័យកំពូលរបស់យើង ដែលធានាបាននូវការចាប់អារម្មណ៍របស់ភ្ញៀវទេសចរ”។

ដោយមានប្រធានបទឆ្នាំ ២០២២ ថា "Yen Bai ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ទាក់ទាញ និងគួរអោយចាប់អារម្មណ៍" នោះ វិស័យវប្បធម៌ កីឡា និងទេសចរណ៍ Yen Bai បានដឹកនាំ និងណែនាំការបើកតំបន់ទេសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព រៀបចំគោលនយោបាយជំរុញទេសចរណ៍។ គ្រឹះស្ថានស្នាក់នៅ អាជីវកម្មសេវាកម្មទេសចរណ៍ក៏បានរៀបចំយ៉ាងយកចិត្តទុកដាក់ ដាក់ផលិតផលទេសចរណ៍ថ្មីៗជាច្រើនចូលដំណើរការ ...។ ទាំងនេះជាមូលដ្ឋានសម្រាប់ Yen Bai សម្រេចបាននូវគោលដៅស្វាគមន៍ និងបម្រើភ្ញៀវទេសចរជាង ១,១ លាននាក់ ក្នុងនោះមានទេសចរអន្តរជាតិប្រមាណ ៣០ ម៉ឺននាក់ ខិតខំសម្រេចបាន ប្រាក់ចំណូល ៨៤៥ ពាន់លានដុង៕

ប្រតិកម្មទៅវិញ