វិចិត្រករវ័យក្មេង Tran Nam Long (រូបថត៖ VOV) |
ពេលរីករាយទស្សនាគំនូរអំពីទីក្រុងហាណូយរបស់ Tran Nam Long ក្នុងការតាំងពិពណ៌ “វិថីបុរាណ ចិញ្ចើមផ្លូវចាស់” ដែលមិនត្រឹមតែទាក់ទាញតាមរយៈការពិតដ៏រស់រវើកក្នុងរូបគំនូរមួយផ្ទាំងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកអារម្មណ៍រំជួលចិត្ត ព្រមទាំងកោតសរសើរចំពោះបុគ្គលដែលបានគូរឡើងស្នាដៃសិល្បៈទាំងនេះទៀត ផង។
Tran Nam Long កើតក្នុងឆ្នាំ ២០០៥ ដែលមិនមានសំណាងដូចក្មេងដទៃទៀត ដោយសារខ្លួនពិការច្រើនមុខ។ អ្នកស្រី Phung Thi Hieu ម្តាយរបស់ Nam Long រំលឹកឡើងវិញថា៖ “កាលខ្ញុំនៅក្មេងរៀននិយាយ ខ្ញុំមិនបានឃើញកូននិយាយធម្មតាទេ។ នៅពេលដែលក្រុមគ្រួសារបាននាំកូនទៅជួបគ្រូពេទ្យ គឺរកឃើញថា កូនកើតមកថ្លង់ពីកំណើត លើសពីនេះ Long ក៏មានពិការភាពជើងតូចស្តើងតាំងពីកុមារភាព ហើយគាត់ក៏មានរោគសញ្ញានៃកុមារដែលមានជំងឺអូទីស្សឹមទៀតផង”។
ក្រោយឆ្លងកាត់ការវះកាត់ចំនួន ៣ ដង អាការៈសុខភាពរបស់ Long បានប្រសើរឡើងជាបណ្តើរៗ។ ថ្វីត្បិតតែមានការស៊ូទ្រាំខ្លាំង ប៉ុន្តែពិការភាពពីកំណើតធ្វើឱ្យ Long មានភាពអៀនខ្មាស និងខ្វះទំនុកចិត្តនៅពេលទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ ទេពកោសល្យក្នុងការគូររូបរបស់ Long ត្រូវបានរកឃើញនៅពេលនៅមានអាយុ ៣ ឆ្នាំ ហើយពេលគូរូបជាមធ្យោបាយដើម្បីគាត់បង្ហាញពីអារម្មណ៍របស់ខ្លួន។ អ្នកស្រី Hieu បានឲ្យដឹងថា៖ “ខ្ញុំតែងតែគិតថា ទោះបីជាខ្ញុំត្រូវជួលផ្ទះពេញមួយជីវិតក៏ដោយ ខ្ញុំនៅតែត្រូវព្យាយាមជួលផ្ទះនៅទីក្រុងហាណូយ ដើម្បីអោយកូនៗរបស់ខ្ញុំមានលក្ខខណ្ឌសិក្សាល្អបំផុត។ Long គូររាល់ថ្ងៃ សូម្បីតែពេលគាត់វះកាត់ជើង ដេកលើគ្រែពេទ្យ គាត់នៅតែគូរ។ ពោលគឺ ពេលទៅណា ដល់ទីណាក៏គូរដែរ”។
ទេពកោសល្យរបស់ Long ត្រូវបានបង្ហាញតាំងពីមុនៗ ប៉ុន្តែដោយសារស្ថានភាពគ្រួសារលំបាក គាត់មិនអាចសិក្សាតាមវិធីសាស្ត្របានទេ។ ទើបតែអាយុ ១១ ឆ្នាំប៉ុណ្ណោះ គាត់បានចូលរួម និងឈ្នះរង្វាន់ពិសេសក្នុងការប្រឡងគូរគំនូរសម្រាប់យុវវ័យ ដែលមានឈ្មោះថា "អារម្មណ៍ក្នុងអ្នក" ហើយទទួលអាហារូបករណ៍ពេញសិទ្ធិពី Art Tree Center និងត្រូវបានវិចិត្រករ Huu Chinh បង្រៀនគូរដោយឥតគិតថ្លៃ តាមនោះ Nam Long ទើបបានខិតមកជិតជាមួយចំណេះដឹងផ្នែកគំនូរ និងបានស្គាល់ពិភពពណ៌។ Nam Long ត្រូវបានគេចាត់ទុកថា ជាក្មេងប្រុសម្នាក់ដែលមានសមត្ថភាព ការគិតប្រកបដោយសោភ័ណភាពពិសេស ថ្វីត្បិតតែគាត់មិនអាចស្តាប់សម្លេងនៃជីវិតជុំវិញខ្លួន និងបញ្ចេញវាដោយពាក្យសំដីក៏ដោយ ក៏គាត់មានសមត្ថភាពប្រើពណ៌ និងការគូររូបរបស់ខ្លួនតាមរយៈស្នាដៃយ៉ាងរស់រវើក តាមអារម្មណ៍ផ្ទាល់ខ្លួនរបស់មនុស្សថ្លង់។ ស្ថាបត្យករ Tran Quang Binh បានឲ្យដឹងថា៖ “គាត់មានអាយុត្រឹមតែ ១៨ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែខ្ញុំសរសើរគាត់ខ្លាំងណាស់។ ខ្ញុំក៏គូរដោយប៊ិចច្រើនដែរ ដោយមានបទពិសោធន៍ជាច្រើនឆ្នាំ ពេលដែលខ្ញុំមើលរូបគំនូររបស់ Longខ្ញុំនៅតែស្រឡាំងកាំង។ គំនូររបស់ Long ស្រស់ស្អាតនិងរំជួលចិត្តខ្លាំងណាស់។ គាត់គឺជាអ្នកមានទេពកោសល្យម្នាក់ផងដែរ”។
ទស្សនិកជនរីករាយនឹងផ្ទាំងគំនូរហាណូយរបស់ Tran Nam Long ក្នុងការតាំងពិព័រណ៍ “វិថីបុរាណ ចិញ្ចើមផ្លូវចាស់” (រូបថត៖ VOV) |
ទោះបីជាការរៀនគូរមិនជំនាញ ប៉ុន្តែស្នាដៃគំនូររបស់ Nam Long មានភាពចាស់ទុំដោយពណ៌នាអំពីធម្មជាតិនៃវត្ថុ។ ជាពិសេសនៅពេលចូលរួមក្នុងក្រុមដែលមានជំនាញខាងគូរគំនូររូបភាព របស់ជាយទីក្រុងហាណូយ ក្នុងនោះមានវិចិត្រករ និងស្ថាបត្យករល្បីៗ សមត្ថភាពរបស់ Long ក្នុងការបញ្ចេញអារម្មណ៍ និងស្នាដៃស្ថាបត្យកម្មអាចបញ្ចេញយ៉ាងរស់រវើក។ ផ្ទាំងគំនូរស្ថាបត្យកម្មផ្ទះបុរាណរបស់ Long បានលេចចេញនៅក្នុងសៀវភៅ "ចំណាប់អារម្មណ៍ហាណូយ - គំនូរព្រាងពីអគារបារាំង" និងមានទីតាំងមួយក្នុងពិព័រណ៍ "Bui Xuan Phai - ដើម្បីក្តីស្រលាញ់ហាណូយ"។ ស្ថាបត្យករ Tran Thi Thanh Thuy អ្នកដឹកនាំក្រុមគូរគំនូរ USK ហាណូយបាននិយាយថា៖ “មិនសូវមានមនុស្សដែលមានសមត្ថភាព នៃភាពប្រាកដនិយមនៅវ័យអាយុដូច Long ឡើយ។ Long ក៏ជាមនុស្សម្នាក់ដែលមានលទ្ធភាពនិងអារម្មណ៍ល្អខ្លាំងណាស់។ គាត់ពណ៌នាអំពីពណ៌នៃពេលវេលា ឬពិពណ៌នាអំពីបរិយាកាសយ៉ាងល្អ។ ខ្ញុំក៏សូមកោតសរសើរចំពោះម្តាយរបស់ Long ផងដែរ ពីព្រោះទោះជារវល់ និងតស៊ូយ៉ាងណាក៏ដោយ នាងចំណាយពេលពីរបីម៉ោងជាមួយកូនប្រុសរបស់ខ្លួនរៀងរាល់សប្តាហ៍ ដើម្បីដឹកគាត់ទៅរៀន និងបកប្រែឲ្យកូននូវចំណេះដឹងដែលបងប្អូនក្នុងក្រុមចង់បង្រៀនឲ្យ Long”។
អស់រយៈពេល ១៨ ឆ្នាំមកនេះ គ្រប់ជំហាននៃការលូតលាស់របស់ Nam Long សុទ្ធតែមានការរួមដំណើរ ក្តីស្រលាញ់ និងការគាំទ្ររបស់អ្នកម្តាយ ។ លើសពីនេះ គាត់ក៏ទទួលបានការស្រឡាញ់ រាប់អាន និងការណែនាំយ៉ាងស្វាហាប់ពីលោកគ្រូ អ្នកគ្រូ បងប្អូនដែលជាសិល្បករ និងស្ថាបត្យករ។ ឥឡូវនេះ Nam Long ជាម្ចាស់ផ្ទាំងគំនូររាប់រយផ្ទាំង ហើយភាគច្រើនជាកម្មសិទ្ធិរបស់អ្នកសម្រាំង និងមនុស្សដែលស្រឡាញ់ Long។ ជាពិសេស ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ ១៩ លើកទីមួយ Long បានផ្ញើផ្ទាំងគំនូរ "Villa ៣៩ To Hien Thanh" និងគំនូរ "ផ្លូវ Chau Long" ដើម្បីចូលរួមក្នុងកម្មវិធីដេញថ្លៃសិល្បៈរបស់សហគមន៍សិល្បៈ Vietnam Art Space ដើម្បីជួយឧបត្ថម្ភការប្រឆាំងនឹងជំងឺកូវីដ -១៩។ គំនូរមួយទៀតក៏ត្រូវបានដេញថ្លៃដោយ Long ផងដែរ ដើម្បីគាំទ្រប្រជាជនភាគកណ្តាល សាងសង់ផ្ទះដែលធន់នឹងទឹកជំនន់។ នៅឆ្នាំ ២០២១ Tran Nam Long ក៏មានកិត្តិយស ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមសមាគមមិត្តភាពវៀតណាម - អ៊ីតាលី ឧទ្ទេសនាមជាតំណាងវៀតណាមដើម្បីបញ្ជូនស្នាដៃចំនួន ៥ ចូលរួមនៅក្នុង “ពិព័រណ៍អន្តរជាតិនៃស្នាដៃរបស់ជនពិការ គូរឡើងតាមរយៈ វគ្គបណ្តុះបណ្តាល ឬការថែទាំរបស់អង្គការសាធារណៈ និងឯកជន'' បានធ្វើឡើងនៅទីក្រុង Venice (ប្រទេសអ៊ីតាលី)។
សម្រាប់យុវជនមានវ័យអាយុ ១៨ ឆ្នាំនេះ ជីវិតតាំងពីមានចំណង់ចំណូលចិត្តនឹងការគូរពិតជាមានន័យ។ គាត់នៅតែបន្តដំណើរដើម្បីបំពេញចំណង់ចំណូលចិត្តក្នុងការគូររូប និងទទួលបានបទពិសោធថ្មីៗក្នុងជីវិត។ “វិថីបុរាណ ចិញ្ចើមផ្លូវចាស់” គឺជាការតាំងពិពណ៌បុគ្គល់ដំបូងរបស់ Nam Long ក្នុងការប្រដេញតាមសិល្បៈគូររូប។ កំលោះម្នាក់នោះក៏បង្កប់ក្នុងចិត្តនូវក្តីសុបិន ចង់បើកការតាំងពិព័រណ៍នៅអាមេរិកដែរ។ យើងទាំងអស់គ្នាសូមជួយអោយសុបិន្តរបស់ Nam Long ក្លាយជាការពិតក្នុងពេលឆាប់ៗនេះ៕