រីករាយជាមួយពិធីបុណ្យ Poon Poong នៅដើមនិទាឃរដូវ

Chia sẻ

(VOVWORLD) - Poon Poong គឺជាពិធីបុណ្យដ៏ចំណាស់មួយរបស់ជនជាតិ Muong នៅខេត្ត Thanh Hoa នៅពេលដែលបុណ្យតេត និងនិទាឃរដូវមកដល់ម្តងៗ។ ពិធីបុណ្យដែលបង្កប់ដោយជំនឿប្រពៃណីគឺជាសកម្មភាពវប្បធម៌ដែលមិនអាចខ្វះបានរបស់ជនជាតិ Muong នៅទីនេះ។

រីករាយជាមួយពិធីបុណ្យ Poon Poong នៅដើមនិទាឃរដូវ - ảnh 1ពិធីបុណ្យ Poon Poong ត្រូវបានជនជាតិ Muong នៅ Thanh Hoa ហៅថា ពិធីបុណ្យរីករាយជាមួយផ្កា ឬពិធីបុណ្យកប្បាស (រូបថត៖ congthuong.vn)

ពិធីបុណ្យ Poon Poong ត្រូវបានបងប្អូនជនជាតិ Muong នៅខេត្ត Thanh Hoa ហៅថា ពិធីបុណ្យរីករាយគយគន់ផ្កា លេងផ្កា ឬពិធីបុណ្យកប្បាស។ នៅដើមនិទាឃរដូវ ឆ្នាំថ្មីនៅខែទី ១ ឬព្រះច័ន្ទពេញវង់ក្នុងខែទី ៣ និងខែទី ៧ បងប្អូនជនជាតិ Muong នឹងរៀបចំពិធីបុណ្យរីករាយជាមួយផ្កា។ លោក Bui Hong Nhi ជនជាតិ Muong ឃុំ Ngoc Son ស្រុក Ngoc Lac ខេត្ត Thanh Hoa បានឲ្យដឹងថា៖ “ក្នុងភាសា Muong “Poong” មានន័យថា លេង រាំ។ “Poong” មានន័យថា   ផ្កា; “Poong” មានន័យថារាំជុំវិញផ្កា។ ពិធីបុណ្យរីករាយជាមួយផ្កានេះធ្វើឡើងក្រោមអធិបតីភាពយាយ Ậu máy   អ្នកមានកិត្យានុភាពនៅក្នុងភូមិ ដែលចេះគោរពបូជា ចេះមើលជំងឺ និងចេះរាំ និងច្រៀងយ៉ាងពិរោះ។ ពិធីបុណ្យនេះក៏មានយុវជនយុវនារី ក្នុងពិធីបុណ្យរីករាយជាមួយផ្កាផងដែរ”។

ពិធីបុណ្យរីករាយជាមួយផ្កាបានបែងចែកទៅជាពីរផ្នែក គឺផ្នែកប្រារព្ធពិធី និងផ្នែកនៃពិធីបុណ្យ (ការសម្តែង)។ ក្នុងនោះ  Ậu máy ដើរតួជាគ្រូអាចារ្យ ដែលនិទានរឿង ដំណាល ពីកំណើតនៃឋានសួគ៌ និងផែនដី ដើម្បីប្រកាសប្រាប់ព្រះថា ព្រះប្រទានពរឲ្យរដូវអំណោយផល ហើយអ្នកភូមិធ្វើពិធីបុណ្យ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ឋានសួគ៌ ភពផែនដីបានផ្តល់ខ្យល់អាកាសល្អ ធ្វើឲ្យអ្នករាល់គ្នាសប្បាយចិត្ត ហើយបានអញ្ជើញបុព្វការីជនមកលេងកម្សាន្តទាំងអស់គ្នា...។

ក្រោយពីប្រារព្ធពិធីរបស់យាយ Ậu máy គឺទៅដល់ពិធីបុណ្យ។ ក្រៅពីយាយ Âu máy ពិធីបុណ្យតែងតែតម្រូវឱ្យមនុស្សយ៉ាងតិច ៦ នាក់ផ្សេងទៀតសម្តែងការច្រៀង និងរាំជុំវិញដើមកប្បាស ដែលជាវត្ថុសំខាន់ក្នុងពិធីបុណ្យ។ ដើមកប្បាសជានិមិត្តរូបនៃចក្រវាឡដ៏ធំល្វឹងល្វើយ បង្រួបបង្រួមវត្ថុទាំងឡាយដែលព្រះអាទិទេពបានប្រទានដល់មនុស្ស។ ការសង់ដើមកប្បាសមានន័យថា ការតបស្នងសងគុណចំពោះព្រះ និងអញ្ជើញព្រះឱ្យមករីករាយជាមួយមនុស្សនៅលើភពផែនដី។ ដើមកប្បាសឆ្លាក់ពីដើមឬស្សី លើដើមមានចង្កោមផ្កា ៥ ឬ៧ថ្នាក់ ធ្វើពីដើមឈើមួយប្រភេទហើយលាបពណ៌ខៀវ ក្រហម ពណ៌ស្វាយ លឿង រួមជាមួយគំរូសត្វ ឧបករណ៍កសិកម្ម...។ លោក Bui Van Dong ជនជាតិ Muong នៅភូមិ Lien Son ឃុំ Ngoc Son ស្រុក Ngoc Lac ខេត្ត Thanh Hoa បានឲ្យដឹងថា៖ “យើងបានតុបតែងសត្វ និងផ្កាជាច្រើននៅលើដើមកប្បាស។ សត្វ និងផ្កាត្រូវបានធ្វើពីឈើ ហើយលាបពណ៌ជាច្រើន ហើយយើងក៏បានប្រើក្រណាត់ចម្រុះពណ៌សម្រាប់រុំដើមកប្បាសផងដែរ”។

ដើម្បីធ្វើកប្បាស អ្នកភូមិត្រូវមានបាតដៃប៉ិនប្រសព ត្រូវការពេលវេលាច្រើន និងទាមទារការងារល្អិតល្អន់។ អ្នកស្រី Pham Thi Bao ជនជាតិ Muong នៅឃុំ Cao Ngoc ស្រុក Ngoc Lac និងលោក Bui Van Dong បន្ថែមថា៖ “ពិធីបុណ្យផ្កានេះ ជាធម្មតាធ្វើឡើងក្នុងខែទី១ តាមច័ន្ទគតិ ប៉ុន្តែឥឡូវនេះ រាល់ថ្ងៃបុណ្យ និងចូលឆ្នាំត្រូវបានប្រារព្ធឡើង ដោយមានការរាំ និងច្រៀង។ នៅស្រុកខ្ញុំ ថ្ងៃទី៧ ខែទី១ គេយកដើមកប្បាសមកតាំងនៅកណ្តាលឃុំ ឬនៅខ្លោងទ្វារវត្តន៍អារាម ហើយគេមករាំច្រៀង។ យាយ Ậu máy ធ្វើការគោរពបូជា និងបន់ស្រន់ ខណៈប្រជាជនរាំច្រៀង និងលេងគងឃ្មោះ”។

“ពីអតីតកាលរហូតមកដល់ពេលនេះ ពិធីបុណ្យ Poon Poong មិនមានការប្រែប្រួលអ្វីច្រើនទេ ស្ទើរតែរក្សាបានសឹងតែទាំងអស់នូវទំនៀមទម្លាប់វប្បធម៌ពីអតីតកាល។ គ្រប់ភូមិឃុំ សុទ្ធតែមានពិធីបុណ្យ Poon Poong ... នៅថ្ងៃដំបូងនៃឆ្នាំថ្មី ភូមិនីមួយៗប្រារព្ធពិធីបុណ្យមួយថ្ងៃដែរ”។

ការសម្តែងទាំងអស់វិលជុំវិញដើមកប្បាស បង្ហាញឡើងវិញទំនៀមទំលាប់របស់ជនជាតិ Muong ឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណវប្បធម៌របស់ជនជាតិ Muong។ តួអង្គដែលចូលរួមក្នុងពិធីបុណ្យនេះស្លៀកសំលៀកបំពាក់ជាតិដោយមានក្រមារុំលើស្មាដើម្បីធ្វើឱ្យរបាំកាន់តែរស់រវើក។ ពួកគេរាំសម្តែងចលនាក្នុងដំណើរការការងារប្រចាំថ្ងៃ ការផលិត និងការកម្សាន្តដូចជា៖ បែងចែកដី ចែកទឹក សង់ផ្ទះ បណ្តេញសត្វព្រៃ ដាំដំណាំ ធ្វើស្រែ ... បន្ទាប់មក ប្រជាជនបន្តរាំ នៅជុំវិញដើមកប្បាស ពួកគេបានច្រៀងចម្រៀងនៃសេចក្ដីស្រឡាញ់  តាមចង្វាក់នៃសំឡេងគងឃ្មោះ ដែលលាន់រន្ទឺពេញភូមិ។ អ្នកស្រី Pham Thi Bao បន្ថែមថា៖

“ពេលមានដើមកប្បាស យើងរៀបចំរាំ... រាំច្រៀង និងផឹកស្រាជាមួយគ្នា។ របាំរបស់យើងបង្កើតឡើងវិញនូវជីវិតរបស់ជនជាតិ Muong។ ការបែងចែកដី និងទឹក គឺជាការចាប់បដិសន្ធិឡើងវិញនៃឪពុកម្តាយដែលបែងចែកដី និងប្រភពទឹកក្នុងចំណោមកុលបុត្រ កូនធីតាជនជាតិ Muong”។

នៅជាប់ដើមកប្បាស ជាតុដាក់ស្រាពាង និងចានឆ្នាំង ដែលមានមុខម្ហូបប្រពៃណីរបស់ជនជាតិ Muong ក្នុងឱកាសបុណ្យទាន ដូចជា៖ អង្ករដំណើបប្រាំពណ៌ និងស៊ុប Loong ឬស៊ុប Mon។

NEN 4

សំឡេងស្គរ ឃ្មោះ នៃពិធីបុណ្យ Poon Poong បានពន្លឺឡើងនៅដើមរដូវផ្ការីក ដូចការអញ្ជើញភ្ញៀវទេសចរណ៍មកពីជិត និងឆ្ងាយ អំពាវនាវឱ្យប្រជាជនមកពីភូមិខាងលើ និងខាងក្រោមមកកម្សាន្តសប្បាយក្នុងពិធីបុណ្យនេះ អំពាវនាវឱ្យជនជាតិ Muong ដែលនៅឆ្ងាយចងចាំដោយអស់ពីដួងចិត្ត។ ជាមួយនឹងលក្ខណៈវប្បធម៌ដ៏វិសេសវិសាលទាំងនោះ ពិធីបុណ្យ Poon Poong ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិក្នុងឆ្នាំ ២០១៧៕

ប្រតិកម្មទៅវិញ