មជ្ឈមណ្ឌលទេសចរណ៍វៀតណាមបានចាប់ផ្តើមដំណើរការឡើងវិញក្រោយកូវីដ ១៩

Chia sẻ

(VOVWORLD) -  វិស័យទេសចរណ៍នៅវៀតណាមកំពុងចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីអំឡុងពេលដ៏វែងដែលរងផលប៉ះពាល់ពីការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩។ អាស្រ័យហេតុនេះ មណ្ឌលទេសចរណ៍ជាច្រើនលើទូទាំងប្រទេសបានចាប់ផ្តើមដំណើរការឡើងវិញដោយមានសកម្មភាពអនុគ្រោះជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ។

មជ្ឈមណ្ឌលទេសចរណ៍វៀតណាមបានចាប់ផ្តើមដំណើរការឡើងវិញក្រោយកូវីដ ១៩ - ảnh 1មណ្ឌលកម្សាន្តនានានៅខេត្ត Ba Ria-Vung Tau ចាប់ផ្តើមដំណើរការឡើងវិញ (រូបថត៖ VOV)

យោងតាមសម្ព័ន្ធសមាគមទេសចរណ៍នៃខេត្ត Ba Ria – Vung Tau វិស័យទេសចរណ៍របស់ខេត្ត កំពុងទទួលបានសញ្ញាវិជ្ជមានជាច្រើន ចាប់តាំងពីបានវិលត្រឡប់ទៅរកស្ថានភាពធម្មតាថ្មី។ បើប្រៀបធៀបទៅនឹងពេលវេលាមុននេះ ១ ខែវិញ បច្ចុប្បន្នខេត្តទទួលបានភ្ញៀវទេសចរជាមធ្យមប្រមាណ ២-៣ ម៉ឺននាក់ ហើយក្នុងកំឡុងពេលចុងសប្តាហ៍ចំនួនភ្ញៀវកើនឡើងដល់ប្រហែល ១០ ម៉ឺននាក់ផងដែរ។ លោក Hoang Ngoc Linh អនុប្រធានសម្ព័ន្ធសមាគមទេសចរណ៍ Ba Ria – Vung Tau បានអះអាងថា នៅពេលដែលខេត្តភាគខាងជើងមួយចំនួនបានដកចេញបទបញ្ជារក្សាគម្លាតសង្គមដោយសារកូវីដ ១៩ នោះ ទំនងជា ក្នុងប៉ុន្មានថ្ងៃខាងមុខ ចំនួនភ្ញៀវទេសចរនឹងទៅទស្សនាខេត្ត Ba Ria-Vung Tau កាន់តែកើនឡើងជាក់ជាពុំខាន។

“ភ្ញៀវទេសចរនឹងនៅតែធ្វើដំណើរទេសចរណ៍ ពីព្រោះ ពេលវេលាធ្វើដំណើរទៅ Ba Ria –Vung Tau ក៏ដូចជាមធ្យោបាយធ្វើដំណើរមានភាពល្អប្រសើរជាង។ ម្យ៉ាងវិញទៀត ជាមួយនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ភ្ញៀវទេសចរ នៅតែជ្រើសរើសការធ្វើដំណើររយៈពេលខ្លី ហេតុដូច្នេះ Ba Ria –Vung Tau គឺជាជម្រើសដ៏ល្អបំផុត”។

លោកស្រី Tran Thi Thu Hien អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Ba Ria – Vung Tau ក៏បានវាយតម្លៃថា ចាប់ពីពេលនេះរហូតដល់ថ្ងៃឈប់សម្រាកថ្ងៃទី ៣០ ខែមេសា  នឹងមានភ្ញៀវទៅទស្សនា Ba Ria-Vung Tau ច្រើនកុះករ។

“នានិទាឃរដូវ អាកាសធាតុនៅ Ba Ria-Vung Tau ពិតជាស្រស់ស្អាតខ្លាំងណាស់។ ហើយកំឡុងពេលនេះជារដូវទេសចរណ៍របស់ខេត្តផងដែរ។ ប្រសិនបើស្ថានភាពជំងឺមានស្ថេរភាព ចាប់ពីពេលនេះរហូតដល់រដូវឈប់សម្រាកថ្ងៃទី ៣០ ខែមេសា នឹងមានភ្ញៀវមកទស្សនាច្រើនកុះករជាពុំខាន”។

ដំណើរទេសចរណ៍ដែលទៅកាន់ Ba Ria – Vung Tau ដែលត្រូវភ្ញៀវផ្អាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កំពុងបានដំណើរការឡើងវិញ។ ខេត្ត Ba Ria - Vung Tau បន្តលើកទឹកចិត្តឲ្យសហគ្រាស បង្កើតកញ្ចប់ជំរុញសេដ្ឋកិច្ចជាច្រើន កាត់បន្ថយតម្លៃនិងផ្តល់សេវាកម្មបន្ថែម។ ជាពិសេស ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមតំបន់ណាមបូខាងកើត និងខេត្ត ក្រុងនានា ដើម្បីបង្កើនការរីកសាយភាយនូវវិស័យ ទេសចរណ៍ក្នុងតំបន់។

មជ្ឈមណ្ឌលទេសចរណ៍វៀតណាមបានចាប់ផ្តើមដំណើរការឡើងវិញក្រោយកូវីដ ១៩ - ảnh 2កម្មវិធី "Danang by night"  នឹងក្លាយជាផលិតផលទេសចរណ៍នារាត្រីថ្មីរបស់ទីក្រុង Da Nang នាពេលខាងមុខនេះ (រូបថត៖ VOV)

ទីក្រុង Da Nang នៅភាគកណ្តាលវៀតណាម មានឆ្នេរសមុទ្រស្អាតៗជាច្រើន។ ដូច្នេះ ការរៀបចំដំណើរកម្សាន្តនាពេលរាត្រីនៅឆ្នេរ My An, សង្កាត់ My An ស្រុក Ngu Hanh Son នឹងបង្កើតគំនូសពណ៌សម្រាប់ Da Nang នាពេលរាត្រី។ នៅចុងឆ្នាំ ២០១៩ ទីក្រុង Da Nang បានអនុវត្តន៍សកម្មភាពអភិវឌ្ឍន៍ទេសចរណ៍នាពេលរាត្រីសម្រាប់បម្រើទេសចរណ៍ ប៉ុន្តែគម្រោងនេះមិនអាចអនុវត្តន៍បានឡើយ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩។ បច្ចុប្បន្ន គម្រោងនេះត្រូវបានចាប់ផ្តើមឡើងវិញដោយមានផលិតផលចំនួន ៣ ផ្តោតលើការស្តារទេសចរណ៍ក្នុងតំបន់។ លោក Cao Tri Dung ប្រធានសម្ព័ន្ធសមាគមទេសចរណ៍ Da Nang បានឲ្យដឹងថា៖ “សហគមន៍ធុរកិច្ចបានសម្របសម្រួលជាមួយមន្ទីរទេសចរណ៍ទីក្រុង Da Nang គ្រោងនឹងផ្តោតលើក្រុមផលិតផលចំនួន ៣។ ទី ១ ក្រុមទៅលេងមណ្ឌលទេសចរណ៍ Ba Na នាពេលរាត្រី និងទីពីរគឺទួរទេសចរណ៍ទស្សនាទីក្រុង Da Nang នាពេលរាត្រី។ ទីបីគឺបន្តដំណើរកម្សាន្តតាមដងទន្លេដោយទូកដែលមានចំណុចពិសេសៗជាច្រើនទៀត។ ម្យ៉ាងវិញទៀត  រួមគ្នាជាមួយសហគមន៍អ្នកផ្តល់សេវាកម្មដើម្បីបង្កើតផលិតផល ដើម្បីចាប់ផ្តើមដំណើរការក្នុងឱកាសថ្ងៃទី ៣០ ខែមេសានិងថ្ងៃទី ១ ខែឧសភាខាងមុខនេះ”។

ក្នុងឆ្នាំ ២០២១ នេះ វិស័យទេសចរណ៍នៃទីក្រុង Da Nang កំពុងខិតខំទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៥ លាននាក់ កើនឡើង ៨៥ - ៨៦% បើប្រៀបធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងការអភិវឌ្ឍផលិតផលទេសចរណ៍ពេលរាត្រី ទីក្រុង Da Nang កំពុងអនុវត្តកម្មវិធីទាក់ទាញទេសចរណ៍ក្នុងស្រុកជាច្រើន ជាមួយផ្នែកទេសចរណ៍គួបផ្សំសន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ (MICE) ជាដើម។ ទេសចរណ៍ MICE គឺជាផ្នែកមួយនៃខ្សែទេសចរណ៍សំខាន់ៗ ដែល Da Nang កំពុងឆ្ពោះទៅនាពេលខាងមុខនេះ ដើម្បីធ្វើឱ្យចំនួនភ្ញៀវទេសចរមានស្ថេរភាពបន្ទាប់ពីកូវីដ ១៩។

ខេត្ត Quang Ninh ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ធំមួយនៅភាគខាងជើងវៀតណាម ក៏កំពុងមានផែនការស្តារវិស័យទេសចរណ៍ឲ្យមានភាពរស់រវើកឡើងវិញ នៅពេលដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រងនិងត្រៀមសម្រាប់រដូវឈប់សម្រាក ថ្ងៃទី ៣០ មេសា និងទី១ ឧសភានាពេលខាងមុខ។ បច្ចុប្បន្ន ខេត្ត Quang Ninh នៅតែបន្តបញ្ចុះតម្លៃសំបុត្រ ៥០% នៅថ្ងៃធ្វើការធម្មតានិង ១០០% នៅថ្ងៃឈប់សម្រាក ពេលទៅលេងឆ្នេរហាឡុង និងតំបន់ទេសភាពដទៃទៀតនៅក្នុងតំបន់។ នាពេលថ្មីៗនេះ មន្ទីរទេសចរណ៍ខេត្ត Quang Ninh បានជួបនិងស្តាប់យោបល់របស់សមាគមទេសចរណ៍ ថ្នាក់ដឹកនាំសាខាចំណុះសម្ព័ន្ធសមាគម ដើម្បីជួយក្រុមហ៊ុនទេសចរណ៍រាល់ការលំបាកដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩។ ប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Ninh  បានឲ្យដឹងថា មន្ទីរកំពុងរង់ចាំសេចក្តីសម្រេចចិត្តជាផ្លូវការរបស់គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ដើម្បីដាក់ពង្រាយផែនការវិលត្រឡប់មកវិញនៃទេសចរណ៍ខេត្ត Quang Ninh៕

ប្រតិកម្មទៅវិញ