ផ្សព្វផ្សាយអំពីទីក្រុងហាណូយ តាមរយៈសកម្មភាពជំរុញទេសចរណ៍

Chia sẻ

(VOVWORLD) - បន្ទាប់ពីត្រូវរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ អស់រយៈពេលយ៉ាងយូរមក ចាប់ពីដើមឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្ន ទីក្រុងហាណូយបាននិងកំពុងអនុវត្តន៍សកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយ ជំរុញ និងស្តារវិស័យទេសចរណ៍របស់ក្រុងហាណូយឡើងវិញ។ សកម្មភាពទាំងនេះរួមចំណែកណែនាំរូបភាពរដ្ឋធានីហាណូយដែលសម្បូរទៅដោយប្រពៃណីវប្បធម៌ ស្រឡាញ់សន្តិភាព និងកំពុងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ជាគោលដៅសុវត្ថិភាព ស្និទ្ធស្នាល និងវិសេសវិសាលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

ផ្សព្វផ្សាយអំពីទីក្រុងហាណូយ តាមរយៈសកម្មភាពជំរុញទេសចរណ៍ - ảnh 1នៅផ្លូវថ្មើរជើងជុំវិញបឹង Hoan Kiem បាឡុងបានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនក្នុងពិធីបើកកម្មវិធី “ទេសចរណ៍ហាណូយស្វាគមន៍ឆ្នាំ ២០២២ - ឆ្ពោះទៅហាណូយឆ្នាំ ២០២២” (រូបថត៖ Thuy Tien/VOV)

ចាប់ពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន ទីក្រុងហាណូយបានអនុវត្តកម្មវិធីផ្សព្វផ្សាយទេសចរណ៍ និងពិធីបុណ្យជាច្រើន រួមទាំងព្រឹត្តិការណ៍ធំៗមួយចំនួន ដូចជាពិធីបុណ្យទេសចរណ៍ហាណូយឆ្នាំ ២០២២; កម្មវិធី Get on ហាណូយ ជាមួយនឹងរូបភាពប្លែកៗ ដូចជាបាឡុងនៅមាត់បឹង Guom (បឹងសង់ដាវ) ទាក់ទាញភ្ញៀវទេសចរជាច្រើនឲ្យចូលទស្សនា។ ឬពិធីបុណ្យទេសចរណ៍កាដូ; កម្មវិធីទេសចរណ៍ហាណូយ មកសម្រាប់ស្រលាញ់ ក្នុងឱកាសស៊ីហ្គេមលើកទី ៣១ ប្រារព្ធឡើងនៅទីក្រុងហាណូយ; កម្មវិធីស្ទាបស្ទង់ និងកសាងផលិតផលទេសចរណ៍នៅខ័ណ្ឌ ស្រុកមួយចំនួននៅទីក្រុងហាណូយ រួមទាំងមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុងហាណូយ ...ជាដើម។

ដោយមានចំណុចថ្មីៗ គួរជាទីទាក់ទាញក្នុងការងាររៀបចំ សកម្មភាពពិធីបុណ្យទានផ្សព្វផ្សាយទេសចរណ៍ទាំងនេះ បាននាំមកនូវបទពិសោធន៍ថ្មីៗ សម្រាប់ភ្ញៀវទេសចរណ៍ និងបានបង្ហាញពីរូបភាពទីក្រុងហាណូយពោរពេញដោយភាពរស់រវើសគំនិតច្នៃប្រឌិត និងពោរពេញដោយកម្លាំងរស់។

“ខ្ញុំចង់ទៅកាន់ហាណូយ រដ្ឋធានីរបស់វៀតណាមតាំងពី ២ ឆ្នាំមុន ប៉ុន្តែដោយ សារជំងឺរាតត្បាតត្រូវខកខានទៅវិញ ហើយឥឡូវនេះ ទើបខ្ញុំអាចធ្វើដំណើរបាន។ អស្ចារ្យណាស់ អ្នកទាំងអស់គ្នានៅទីនេះរួសរាយរាក់ទាក់   ម្ហូបឈ្ងុយឆ្ងាញ់ ទេសភាពស្អាតគួរឲ្យចាប់អារម្មណ៍។

“បើត្រូវគេសួរ ខ្ញុំសូមណែនាំវៀតណាមជាគោលដៅសម្រាប់គ្រួសារ។ នៅទីនេះអ្វីគ្រប់យ៉ាងគឺទាក់ទងនឹងគ្រួសារ ភាពកក់ក្តៅ ឧទាហរណ៍ទីតាំងខ្ញុំកំពុងថតរូបនេះឯង។ ខ្ញុំថតរូបគ្រប់យ៉ាង សូម្បីតែក្មេងលេងខាងក្រៅក៏អាចក្លាយជារូបស្អាតដែរ”។

“ថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងរំភើបខ្លាំងណាស់ ព្រោះក្នុងនាមជាជនបរទេសរស់នៅក្នុងទីក្រុងហាណូយ ប៉ុន្តែមានឱកាសជិះកង់ជុំវិញទីក្រុងផ្សព្វផ្សាយ "ហាណូយបៃតង"។ អរគុណទីក្រុងហាណូយ ដែលបានអនុញ្ញាតឱ្យពួកយើងដើរជុំវិញទីក្រុង មានអារម្មណ៍ថា ជាការរួមចំណែកដល់ទីក្រុង”។

ការដែលទីក្រុងរៀបចំពិធីបុណ្យ និងព្រឹត្តិការណ៍នានាសម្រាប់ជំរុញទេសចរណ៍ក៏នាំមកអារម្មណ៍សប្បាយសម្រាប់ក្រុមហ៊ុនទេសចរណ៍។ លោក Nguyen Tien Dat នាយកក្រុមហ៊ុនទេសចរណ៍ Aza បានអះអាងថា៖ “ខ្ញុំគិតថា ថ្វីត្បិតតែនេះជាសកម្មភាពជួយឧបត្ថម្ភ នៅខាងក្រៅ ប៉ុន្តែមានអត្ថន័យពិសេស រំលេចរូបភាពទេសចរណ៍ហាណូយកាន់តែស្រស់ស្អាត និងសម្បូរបែប ហើយក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយឲ្យភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរបរទេសនៅពេលមកទីក្រុងហាណូយ ដើម្បីស្គាល់កាន់តែច្បាស់អំពីផលិតផល និងទេសភាពទីក្រុងហាណូយ។ ខ្ញុំជឿជាក់ថា សកម្មភាពដែលទីក្រុងហាណូយបានរៀបចំនាពេលថ្មីៗនេះទទួលបានជោគជ័យ ហើយមិត្តភក្តិអន្តរជាតិពេញចិត្តចំពោះកម្មវិធីផ្សព្វផ្សាយដ៏សម្បូរបែប និងការណែនាំផលិតផលទេសចរណ៍របស់ហាណូយគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់”។

ផ្សព្វផ្សាយអំពីទីក្រុងហាណូយ តាមរយៈសកម្មភាពជំរុញទេសចរណ៍ - ảnh 2ការសម្តែងតន្ត្រីនៅ “មហោស្រពកាដូទេសចរណ៍ហាណូយឆ្នាំ ២០២២” (រូបភាព៖ មន្ទីរទេសចរណ៍ហាណូយ)

កម្មវិធីជំរុញ និងផ្សព្វផ្សាយត្រូវបានប្រារព្ធឡើងនៅទីក្រុងហាណូយនាពេលថ្មីៗនេះ ជាមួយនឹងលទ្ធផលជាច្រើនដែលបង្ហាញពីការស្តារឡើងវិញយ៉ាងខ្លាំងក្លានៃវិស័យទេសចរណ៍វៀតណាមនិយាយរួម និងហាណូយនិយាយដោយឡែក។ សម្រាប់ផ្នែក ទេសចរណ៍វៀតណាមជាទូទៅ សកម្មភាពទេសចរណ៍ទាំងអស់នៅទូទាំងប្រទេសត្រូវបានបើកទ្វារឡើងវិញទាំងស្រុងចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២  បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ គឺពិតជា ជាកម្លាំងចលករជំរុញឱ្យវិស័យទេសចរណ៍រស់រានឡើងវិញ។ ដោយឡែក ទីក្រុងហាណូយបានអនុវត្តយ៉ាងសកម្មនូវដំណោះស្រាយដើម្បីស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍។ ជាពិសេស គណៈកម្មាធិការប្រជាជនទីក្រុងបានចេញផែនការស្តារ និងអភិវឌ្ឍសកម្មភាពទេសចរណ៍ក្នុងរដ្ឋធានី សម្របខ្លួនប្រកបដោយសុវត្ថិភាព ភាពបត់បែន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពជំងឺកូវីដ-១៩ នៅឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត។ សកម្មភាពពិធីបុណ្យទេសចរណ៍ដែលបានធ្វើឡើងតាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ដោយមានគោលបំណងអនុវត្តជាក់ស្តែងផែនការនេះជាពិសេសផងដែរ។ លើសពីនេះ ទីក្រុងហាណូយក៏បានទាញយកផលិតផលទេសចរណ៍ថ្មីៗជាច្រើន ដែលជាដំណើរទេសចរណ៍ប្លែកៗ   ដែលនាំមកនូវបទពិសោធន៍ថ្មីៗ ដែលត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌នៃទីក្រុងហាណូយ ដូចជា ដំណើរកម្សាន្តនាពេលរាត្រី ដំណើរកំសាន្តទស្សនាបរមរាជវាំង ថាំងឡុង ដំណើរទេសចរណ៍ Bat Trang ជាដើម។ ផលិតផលទេសចរណ៍ទាំងនេះ ធ្វើឲ្យភ្ញៀវទេសចរណ៍អន្តរជាតិជក់ចិត្តជាខ្លាំង ពេលទទួលបានបទពិសោធន៍ លោកស្រី Berangere Tachenne អ្នកទេសចរមកពីប្រទេសបារាំង ចែករំលែកថា៖ “កំឡុងពេលខ្ញុំនៅទីក្រុងហាណូយ ខ្ញុំបានទៅមើលពីព្រឹកដល់យប់។ ការរកឃើញថ្មីជាច្រើនអំពីជីវភាពនៅក្នុងទីក្រុងបុរាណជុំវិញបឹង Guom។ លើសពីនេះ នៅមានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ផ្សេងទៀត ដូចជាទៅលេងភូមិជាងស្មូន Bat Trang ទៅសិក្ខាសាលាធ្វើគ្រឿងស្មូន ដើម្បីធ្វើតាមដំណាក់កាលនៃការធ្វើស្មូន និងបន្ទាប់មកមានបទពិសោធន៍ជាជាងស្មូនម្តង។ Bat Trang គឺជាភូមិដ៏ស្រស់ស្អាត និងសន្តិភាព ជាផលិតផលសេរ៉ាមិចឆ្នើម សម្បូរបែប និងស្រស់ស្អាត។ ការទៅទស្សនា បរមរាជវាំងថាំងឡុង បានផ្តល់ឱ្យខ្ញុំនូវចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្ត្រ វប្បធម៌… និងអ្វីដែលខ្ញុំមិនបានដឹងអំពីប្រទេសវៀតណាម។ កាន់តែពិសេសនោះ អ្នកអាចញ៉ាំអាហារតាមចិញ្ចើមផ្លូវដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខនៅទីក្រុងហាណូយ ទស្សនាផ្សារក្រណាត់ Phung Khac Khoan និងទិញទំនិញវៀតណាមគួរឱ្យចាប់អារម្មណ៍ជាច្រើន”។

យោងតាមស្ថិតិក្នុងខែតុលា ចំនួនភ្ញៀវទេសចរសរុបមកទីក្រុងហាណូយត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១,៥១ លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ២១២ ពាន់នាក់បានមកទស្សនា។ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២២ ចំនួនភ្ញៀវទេសចរសរុបមកទីក្រុងហាណូយត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ១៥,៣ លាននាក់ កើនឡើងជាង ៥ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លទ្ធផលទាំងនេះបង្កើតសន្ទុះសម្រាប់ឧស្សាហកម្មទេសចរណ៍របស់រដ្ឋធានីដើម្បីបន្តរំលេចក្នុងពេលខាងមុខ៕

ប្រតិកម្មទៅវិញ