បង្ហាញឡើងវិញ រូបភាពរដ្ឋធានីបុរាណហាណូយតាមរយៈការតាំងពិព័រណ៌ “ទិដ្ឋភាពនៃកេរ្តិ៍ដំណែល”

Chia sẻ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ២៥ ដែលទីក្រុងហាណូយត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ប្រគល់កិត្តនាមជា “ទីក្រុងដើម្បីសន្តិភាព” (១៦ កក្កដា ១៩៩៩-១៦ កក្កដា ២០២៤) គណៈកម្មការគ្រប់គ្រងកេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo បានបើកសម្ពោធជាផ្លូវការ ការតាំងពិព័រណ៍ក្រោមប្រធានបទ “ទិដ្ឋភាពនៃកេរ្តិ៍ដំណែល”។ ការតាំងបង្ហាញនេះ នាំមកនូវទស្សនវិស័យពិតប្រាកដ ជួយអ្នកទស្សនាស្វែងយល់ពីប្រវត្តិនៃកេរ្តិ៍ដំណែលដែលធ្លាប់ស្គាល់នៅក្នុងរដ្ឋធានី។


បង្ហាញឡើងវិញ រូបភាពរដ្ឋធានីបុរាណហាណូយតាមរយៈការតាំងពិព័រណ៌ “ទិដ្ឋភាពនៃកេរ្តិ៍ដំណែល” - ảnh 1ការបង្ហាញនាំមកនូវទស្សនវិស័យពិតប្រាកដ ជួយអ្នកទស្សនាស្វែងយល់ពីប្រវត្តិនៃកេរ្តិ៍ដំណែលដែលធ្លាប់ស្គាល់នៅក្នុងរាជធានី (រូបថត៖ hanoimoi.vn)

នៅបរិវេណតាមច្រករបៀងនៃពន្ធនាគារ Hoa Lo កេរ្តិ៍ដំណែលប្រវត្តិ សាស្ត្រវប្បធម៌ បេតិកភណ្ឌតស៊ូបដិវត្តន៍ និងទីកន្លែងដែលផ្សាភ្ជាប់នឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ទីក្រុងហាណូយ ត្រូវបានបង្កើតឡើងវិញជាក់ស្តែង និងរស់រវើកជាមួយនឹងរូបភាពជាច្រើន។ កន្លែងតាំងពិព័រណ៍ត្រូវបានរចនាឡើងដោយមានពណ៌ស្នូលពីរគឺពណ៌ខៀវ និងពណ៌លឿង។ ក្នុងនោះ ពណ៌ខៀវតំណាងឱ្យបច្ចុប្បន្ន សេចក្តីជំនឿ ក្តីសង្ឃឹម និងការច្នៃប្រឌិត; ពណ៌លឿងតំណាងឱ្យអតីតកាល ប្រវត្តិគង់វង្សចីរកាល។ ការតាំងពិព័រណ៌នេះប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ២៥ ដែលទីក្រុងហាណូយត្រូវបានអង្គការយូណេស្កូ ប្រគល់កិត្តិនាម “ទីក្រុងដើម្បីសន្តិភាព” ហើយរំពឹងថា នឹងរួមចំណែកលើកតម្កើងតម្លៃកេរ្តិ៍ដំណែលនិងទាក់ទាញភ្ញៀវទេសចរណ៍មកទទួលយកបទពិសោធន៍នៃលំហប្រវត្តិសាស្ត្រនៅទីតាំងប្រវត្តិសាស្ត្ររបស់ពន្ធនាគារ Hoa Lo  និងស្វែងយល់អំពីរដ្ឋធានីហាណូយ។ លោកស្រី La Bich Thuy បុគ្គលិកនៅពន្ធនាគារ Hoa Lo បានឲ្យដឹងថា៖ “ការតាំងបង្ហាញ "ទិដ្ឋភាពនៃកេរ្តិ៍ដំណែល" ណែនាំនូវឯកសារ និងរូបភាពអំពីបេតិកភណ្ឌប្រវត្តិសាស្ត្រ បេតិកភណ្ឌនៃការតស៊ូបដិវត្តន៍ និងទីតាំងវត្ថុអនុស្សាវរីយ៍នៃព្រឹត្តិការណ៍នានារបស់ទីក្រុងហាណូយ។ ទីនេះជាកន្លែងចងចាំទុក ជាកន្លែងកត់ត្រាទុកនូវជ័យជំនះ និងការអភិវឌ្ឍនៃចលនាបដិវត្តន៍វៀតណាម។ ការដាក់តាំងបង្ហាញគឺជាពាក្យថ្លែងអំណរគុណ រំលឹកគុណូបការៈ ពលីកម្មវីរភាពរបស់កម្មាភិបាល និងយុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ និងដើម្បីទីក្រុងហាណូយ - “រដ្ឋធានីវីរភាព” “ទីក្រុងដើម្បីសន្តិភាព”។ រួមចំណែកអប់រំទំនៀមទម្លាប់ស្នេហាជាតិ មោទនភាពជាតិ និងស្មារតីទទួលខុសត្រូវការពារបេតិកភណ្ឌវប្បធម៌ជាតិ ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាមជឿនលឿនសម្បូរទៅដោយអត្តសញ្ញាណជាតិ”។

ការដាក់តាំងបង្ហាញនេះជួយឲ្យសាធារណជនបានស្វែងយល់ពីប្រវត្តិសាស្ត្រតាមរយៈស្នាដៃស្ថាបត្យកម្មបារាំងជាច្រើនដូចជា៖ ទីតាំងប្រដាល់ដែល សាងសង់ដោយពួកអាណានិគមនិយមបារាំងក្នុងឆ្នាំ ១៨៩៩-១៩០២ នៅ លើមហាវិថី Gambetta (បច្ចុប្បន្នជាវិមានវប្បធម៌មិត្តភាពវៀតណាម-សូវៀត) នៅផ្លូវ Tran Hung Dao; ផ្ទះលេខ 5Dមហាវិថី Doudart de Lagreé   (ឥឡូវគឺផ្លូវ Ham Long) ដែលជាកន្លែបង្កើតសាខាបក្សកុម្មុយនិស្តដំបូងគេនៅវៀតណាម នៅខែមីនាឆ្នាំ ១៩២៩ នៅផ្លូវ Courbet (ឥឡូវគឺផ្លូវ Ly Thai To) ជាដើម។  ទន្ទឹមនឹងនោះ សាធារណជនក៏មានឱកាសស្វែងយល់អំពីប្រវត្តិសាស្ត្រ តាមរយៈសំណង់បុរាណដែលធ្លាប់ស្គាល់ដូចជា៖ រោងមហោស្រពហាណូយ  ; ទីលានបដិវត្តន៍ខែសីហា; ទីលាន Ba Dinh; ពន្ធនាគារ Hoa Lo; ស្ពានឡុងបៀន; បង្គោលទង់ជាតិហាណូយ; តុលាការហាណូយ; ផ្សារ Dong Xuan; ប៉ូស្តិ Hang Trong…។

បង្ហាញឡើងវិញ រូបភាពរដ្ឋធានីបុរាណហាណូយតាមរយៈការតាំងពិព័រណ៌ “ទិដ្ឋភាពនៃកេរ្តិ៍ដំណែល” - ảnh 2អ្នកទស្សនាការតាំងពិពណ៌ (រូបថត៖ hanoimoi.vn)

អញ្ជើញទស្សនារូបភាព និងឯកសារអំពីបេតិកភណ្ឌដ៏ល្បីល្បាញនៃទីក្រុងហាណូយ សម្រាប់ទស្សនិកជនវ័យចំណាស់ ការចងចាំជាច្រើនបានវិល ត្រលប់មកវិញដែរ។ លោក Nguyen Quoc Hung ភ្ញៀវទេសចរណ៍បានចែករំលែកថា៖ “ទស្សនារូបភាពដែលដាក់តាំងនៅទីនេះ ខ្ញុំមានអារម្មណ៍ ថាដូចជាបានរំឮកអនុស្សាវរីយ៍ចាស់ៗ ដែលជាសម័យកាលដែលរដ្ឋធានីហាណូយនៅតែមានការលំបាកជាច្រើន។ ការអានកំណត់ចំណាំធ្វើឱ្យខ្ញុំយល់ និងស្រឡាញ់បេតិកភណ្ឌទាំងនោះកាន់តែខ្លាំងឡើង និងមានមោទនភាពចំពោះទំនៀមទម្លាប់ដ៏អស្ចារ្យ នៃរដ្ឋធានីនៃអរិយធម៌រាប់ពាន់ឆ្នាំ។ យើងខ្ញុំសង្ឃឹមថា យុវជនជំនាន់ក្រោយនឹងបានយល់ដឹង និងចូលរួមថែរក្សា និងអភិរក្សបេតិកភណ្ឌទាំងនេះ ដើម្បីបន្តទៅជំនាន់ក្រោយទៀត”។

នៅលើផ្ទាំងប៉ាណូនីមួយៗ រូបភាពពីអតីតកាលដល់បច្ចុប្បន្ន ព្រឹត្ដិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗដែលផ្សាភ្ជាប់ជាមួយនឹងសំណង់ និងបេតិកភណ្ឌត្រូវបានចងក្រង និងណែនាំជាភាសាវៀតណាម និងភាសាអង់គ្លេស ដើម្បី ជួយសាធារណជនក្នុង និងក្រៅប្រទេសមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន។ លោក Do Van Nam នៅខ័ណ្ឌ Long Bien បានឲ្យដឹងថា៖ “តម្លៃនៃការតាំងបង្ហាញគឺតម្លៃវប្បធម៌ស្នូលដែលផ្តល់ព័ត៌មានអំពីប្រជា ជនហាណូយទាំងអស់។ ពិព័រណ៌បានចងក្រងសេចក្តីសង្ខេបដែលជួយប្រជាជនវៀតណាម ក៏ដូចជាភ្ញៀវបរទេសមកវៀតណាមស្វែងយល់អំពីប្រភពដើមនៃទីកន្លែងនានា។ ព័ត៌មានមូលដ្ឋាននេះអាចបង្ហាញថា ទីក្រុងហាណូយមានការអភិវឌ្ឍន៍យ៉ាងខ្លាំង”។

ដោយមានការចាប់អារម្មណ៍នឹងការតាំងបង្ហាញនេះ លោក Brian អ្នកទេសចរជនជាតិអង់គ្លេសបានឲ្យដឹងថា៖ “ព័ត៌មាននេះគួរឱ្យចាប់អារម្មណ៍។ យើងទើបតែបានទៅទស្សនាស្ពាន Long Bien។ ពេលនេះមកដល់ទីនេះ ខ្ញុំអាចស្វែងយល់ពីប្រវត្តិស្ពាននេះ។ ទោះបីជាស្ពាននេះមានប្រវត្តិយូរលង់ណាស់មកហើយ ប៉ុន្តែហាក់បីដូចជាមិនមានការផ្លាស់ប្តូរច្រើននោះទេ។  យ៉ាងណាមិញ ទេសភាពជុំវិញនោះបង្ហាញថា ទីក្រុងហាណូយមានការអភិវឌ្ឍន៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ”។

“ទិដ្ឋភាពនៃបេតិកភណ្ឌ” គឺដូចជាខ្សែភ្ជាប់រវាងបច្ចុប្បន្ន និងអតីតកាល ផ្សព្វផ្សាយតម្លៃប្រវត្តិសាស្ត្រ ទំនៀមទម្លាប់បដិវត្តន៍ និងសេចក្តីស្នេហាជាតិ។ ការតាំងពិព័រណ៌នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា នៅទីតាំងប្រវត្តិសាស្ត្រពន្ធនាគារ Hoa Lo លេខ១ ផ្លូវ Hoa Lo សង្កាត់ Tran Hung Dao ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ។ នេះក៏ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយផងដែរ ដើម្បីអបអរសាទរខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២៤)៕

ប្រតិកម្មទៅវិញ