ដឹកទំនិញនិងអំណោយបុណ្យតេតឡើងលើកប៉ាល់ (រូបថត៖ VOV) |
នាវាកងទ័ពជើងទឹកនិងនាវាឆ្មាំសមុទ្រកំពុងធ្វើដំណើរដោយដឹកទំនិញរាប់រយតោន ជាអាហារនិងអំណោយបុណ្យតេតទៅកាន់ប្រជុំកោះ Truong Sa ហើយនាវាជាច្រើនបានទៅដល់កោះមួយចំនួនស្ថិតក្នុងស្រុកកោះ Truong Sa ខេត្ត Khanh Hoa។ ដោយសារផលប៉ះពាល់បណ្តាលពីការរីករាលដាលនៃជំងឺកូវីដ-១៩ ការដឹកជញ្ជូនទំនិញឡើងលើនាវារឹតតែពិបាក ប៉ុន្តែកម្មាភិបាលនិងយុទ្ធជនបានប្តេជ្ញាធានាតាមកាលវិភាគ។ លោកវរសេនីយ៍ឯក Nguyen Thien Quan មេបញ្ជាការរងកងទ័ពជើងទឹកភូមិភាគទី៤ បានឲ្យដឹងថា៖ “ទំនិញទាំងអស់ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ពីប្រភពដែលត្រូវបានធានាពីអនាម័យនិងសុវត្ថិភាពចំណីអាហារ។ កម្លាំងដែលចូលរួមការដឹកជញ្ជូនទំនិញ យើងធ្វើតេស្ដកូវីដ និងដាក់កម្លាំងនេះនៅដាច់ដោយឡែកដើម្បីធានាសុវត្ថិភាព។ ទោះបីជាមានការលំបាកក៏ដោយ ក៏យើងយកចិត្តទុកដាក់យ៉ាងខ្លាំង និងធានាបាននូវអាយុជីវិត សម្ភារៈចាំបាច់សម្រាប់កងទ័ព និងប្រជាជន Truong Sa ទទួលអំណរស្វាគមន៍បុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ប្រកបដោយភាពសប្បាយរីករាយ ពេញលេញ និងប្រកបដោយសុវត្ថិភាព”។
ការថែទាំបុណ្យតេតជូនបងប្អូនកម្មាភិបាលនិងយុទ្ធជនដែលកំពុងបំពេញការងារនៅកោះជួរមុខកងទ័ពជើងទឹកតំបន់ទី ៤ តែងតែត្រូវបានគណៈបញ្ជាការភូមិភាគចាត់ទុកថា ជាការងារសំខាន់មួយដែលត្រូវតែអនុវត្តន៍ដោយយកចិត្តទុកដាក់បំផុត។ ការធ្វើដំណើរ ចុងឆ្នាំមានអត្ថន័យពិសេស ព្រោះដំណើរនេះជាជើងនាវាដែលនាំនិទាឃរដូវទៅកាន់កោះនានា។ លោកវរសេនីយ៍ឯក La Van Hung ស្នងការរងនយោបាយនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី៤ បានឲ្យដឹងថា៖ “ម្ហូបអាហារ ដូចជា បន្លែបៃតង សាច់ អង្ករ ផ្កាម៉ាកខៃ ផ្កាអង្គាសិល្ប៍ ដើមខ្វិត នំអន្សមនិងរបស់របរសម្រាប់ពេលអាហារថ្ងៃបុណ្យតេត។ បញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី៤ បញ្ជាឱ្យភ្នាក់ងារនិងនាយកដ្ឋាននានា រៀបចំដោយលំអិតការងារ ដឹកជញ្ជូនទៅកាន់កោះនានាឱ្យបានទាន់ពេលវេលានិងធានាបាននូវគុណភាពល្អបំផុត។ កម្មាភិបាល និងយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅកោះជួរមុខនៃមាតុភូមិ មានគ្រប់លក្ខណៈសម្រាប់ទទួលបុណ្យតេតយ៉ាងសប្បាយរីករាយ និងកក់ក្តៅ ជាមួយនឹងរសជាតិដ៏ពេញលេញមកពីដីគោកនិងស្រុកកំណើត”។
កប៉ាល់ដឹកក្រុមការងារនិងអំណោយបុណ្យតេតទៅកាន់ Truong Sa (រូបថត៖ VOV) |
ក្នុងនាមជាយុទ្ធជនម្នាក់ក្នុងចំណោមយុទ្ធជនដែលទទួលបន្ទុកនាំយកអំណោយបុណ្យតេត ពីដីគោកទៅកាន់ប្រជុំកោះ Truong Sa នោះ អនុសេនីយ៍ឯក Nguyen Trung Thanh ជំនួយការនយោបាយនៃនាវាលេខ ៥៦១ បានចែករំលែកថា៖ “យើងម្នាក់ៗ ភ្ជាប់ទំនួលខុសត្រូវ កិត្តិយស និងមោទនភាពខ្លាំងណាស់។ អំណោយទាំងនេះត្រូវបានយើងរៀបចំនិងរក្សាទុកយ៉ាងយកចិត្តទុកដាក់។ បន្ទាប់ពីនាវាបានចាកចេញពីដីគោកទៅកាន់កោះនោះ អំណោយនឹងត្រូវផ្តល់ជូនដល់កងទ័ពនិងប្រជាជននៅលើប្រជុំកោះ Truong Sa។ នោះមិនត្រឹមតែជាអំណោយខាងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអំណោយស្មារតីដល់ប្រជាជននៅលើកោះផងដែរ។ ដំណើរនេះបាននាំទៅជាមួយនូវសេចក្តីជំនឿ សេចក្តីស្រឡាញ់ និងការគោរពពីញាតិមិត្ត ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស ទៅកាន់កម្មាភិបាល យុទ្ធជននិងប្រជាជននៅលើកោះដាច់ស្រយាល”។
កម្មាភិបាល យុទ្ធជនបំពេញភារកិច្ចដឹកទំនិញបុណ្យតេតទៅកាន់កោះ Truong Sa ប្តេជ្ញាបំពេញភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ។ លោក Tran Van Nhat ប្រធានក្រុមឆ្មាំសមុទ្រលេខ ៤៩០ បានឲ្យដឹងថា៖ “កម្មាភិបាល នាវឹកមានមោទនភាពយ៉ាងខ្លាំង ដែលជាអ្នកនាំមកនូវភាពកក់ក្តៅ និងក្តីស្រលាញ់ ក៏ដូចជាខ្សែតភ្ជាប់មនោសញ្ជេតនារវាងដីគោកនិងកោះដាច់ស្រយាល។ ហេតុដូច្នេះ កម្មាភិបាលនិងនាវឹកទាំងអស់ ត្រូវមានការតាំងចិត្តខ្ពស់ ព្យាយាមអនុវត្តន៍ឱ្យបានពេញលេញនូវសមត្ថភាពនិងទំនួលខុសត្រូវរបស់ខ្លួន ដើម្បីបំពេញភារកិច្ចដែលបានប្រគល់ជូនឲ្យទទួលបានជោគជ័យ”។
“កងនាវាមកដល់ គឺកោះ Truong Sa ចាប់ផ្តើមអំណរនិទាឃរដូវ” - នោះគឺជាការនិយាយរបស់កងទ័ពនៅលើកោះ នៅពេលដែលពួកគេឃើញនាវាចូលចតក្នុងកោះ។ ផ្កាម៉ាក់ខៃ ផ្កាអង្គាសិល និងដើមខ្វិត ពោរពេញដោយសម្រស់និទាឃរដូវកំពុងត្រូវបាននាំយកទៅកោះដោយក្រុមបេសកកម្ម។ នាវាដឹកបុណ្យតេតទៅកាន់ Truong Sa ក្នុងឆ្នាំនេះ មានអត្ថន័យជាពិសេស នៅពេលកើតឡើងក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតដ៏ស្មុគស្មាញ។ នេះជាការលើកទឹកចិត្តដ៏ធំធេង ក្នុងការជួយដល់កម្មាភិបាល និងយុទ្ធជន ឱ្យមានភាពរឹងមាំនៅកណ្តាលព្យុះទាំងយប់ទាំងថ្ងៃ ដើម្បីការពារដែនសមុទ្រដ៏ពិសិដ្ឋ និងអធិបតេយ្យភាពកោះសមុទ្ររបស់ប្រទេសជាតិ៕