ប្រជាជនកោះ Son ដាក់ចុះ ទូកដែលធ្វើពីដបប្លាស្ទិករាប់រយ (រូបថត៖ VOV) |
មកដល់ភូមិទេសចរណ៍សហគមន៍កោះ Son ស្រុក Binh Thuy ទីក្រុង Can Tho មនុស្សគ្រប់គ្នាចាប់អារម្មណ៍នឹងទូកដែលផលិតពីដបប្លាស្ទិករាប់រយ មានទីតាំងនៅត្រង់កំពង់ផែដែលនាំទៅដល់គោលដៅទេសចរណ៍។ “ការដាក់ចុះទន្លេនូវទូកដ៏ពិសេសមួយគ្រឿងនេះកាលពីមួយឆ្នាំមុន ត្រូវបានចាត់ទុកថា ជាសញ្ញាមួយដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីកិច្ចការពារបរិស្ថាន ដោយអំពាវនាវឱ្យមនុស្សគ្រប់រូបត្រូវរួមគ្នា ថែរក្សាទេសភាពរបស់កោះ Son ឱ្យបានស្អាតជានិច្ច។ ដូចការរំពឹងទុក ប្រជាជននៅកោះ Son ពិតជាបានយកចិត្តទុកដាក់ និងរួមដៃគ្នាដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិក។ អាស្រ័យហេតុនេះ កោះ Son បានក្លាយទៅជាតំបន់ទេសចរណ៍ដ៏គួរអោយចាប់អារម្មណ៍មួយក្នុងការធ្វើដំណើរស្វែងយល់ពីទន្លេមេគង្គរបស់អ្នកទេសចរ។ លោក Tran Van Tien មកពី Hai Phong ចែករំលែកថា៖ “មកដល់កោះ Son ក្រៅពីសម្រស់ធម្មជាតិ អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះ គឺបរិស្ថានស្អាតគួរឲ្យចាប់អារម្មណ៍។ ខ្ញុំសង្ឃឹមថា បងប្អូនដែលបម្រើការងារក្នុងវិស័យទេសចរណ៍ នៅកោះ Son បន្តផ្សព្វផ្សាយអំពីលក្ខណៈប្រសើរនេះ ដើម្បីឲ្យភ្ញៀវទេសចរណ៍ទទួលបានបទពិសោធន៍ និងសម្របខ្លួនជាមួយធម្មជាតិបៃតង”។
ទេសចរណ៍បៃតងនៅកោះ Son មានភាពរីកចម្រើនកាន់តែខ្លាំងឡើង ដោយសារកិច្ចសហប្រតិបត្តិការរបស់មូលដ្ឋាន ជាមួយមជ្ឈមណ្ឌលគាំទ្រការអភិវឌ្ឍបៃតង (GreenHub) និងមជ្ឈមណ្ឌលស្រាវជ្រាវធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទ (RECERD) ដើម្បីអនុវត្តគម្រោង “ដើម្បីទន្លេមេគង្គគ្មានកាកសំណល់ - សាកល្បងគំរូសេដ្ឋកិច្ចវិលជុំនៅផ្សារបណ្តែតទឹកក្នុងទីក្រុង Can Tho”។ គម្រោងនេះឧបត្ថម្ភដោយក្រុមហ៊ុនចំកាត់ Dow Chemical វៀតណាម (Dow Viet Nam) ដោយមានគោលដៅសាកល្បងគំរូសេដ្ឋកិច្ចវិលជុំ នៅក្នុងតំបន់ផ្សារបណ្តែតទឹក ក៏ដូចជាកន្លែងទេសចរណ៍តាមដងទន្លេមេគង្គ។ ចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី ១៨ ខែឧសភាឆ្នាំមុន គម្រោងនេះបានអនុវត្តសកម្មភាពសំខាន់ៗដូចជា៖ គាំទ្រការបង្កើតគំរូបែងចែកកាកសំណល់ ដោះស្រាយបញ្ហាកាកសំណល់តាមគំរូសេដ្ឋកិច្ចវិលជុំ ការបណ្តុះបណ្តាលលើកកម្ពស់ការយល់ដឹង និងសកម្មភាពសម្រាប់សហគមន៍មូលដ្ឋានជាដើម។ ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣ បរិមាណកាកសំណល់ដែលប្រមូលបាន និងដឹកជញ្ជូនពីផ្សារបណ្តែត Cai Rang (ស្រុក Cai Rang) មានចំនួនជាង ៣០៨តោន ខណៈនៅកោះ Son (ស្រុក Binh Thuy) មានជិត ៣០តោន។
សកម្មភាពជាច្រើនក្នុងការសម្អាតសម្រាមនៅតាមដងទន្លេ Hau បាននិងកំពុងបន្តអស់រយៈពេលជាងមួយឆ្នាំហើយ (រូបថត៖ VOV) |
លោកស្រី Le Thi Be Bay គ្រួសារធ្វើទេសចរណ៍នៅកោះ Son បានចែករំលែកថា ពេលចាប់ផ្តើមធ្វើទេសចរណ៍ ប្រជាជនបានលើកកំពស់ការយល់ដឹងអំពីកិច្ចការពារបរិស្ថាន ពោលគឺការអភិរក្សបរិស្ថានរស់នៅ ការថែរក្សាទេសភាពគឺជាអាទិភាពចម្បងរបស់ប្រជាជននៅទីនេះ។ មកដល់បច្ចុប្បន្ននេះ សកម្មភាពកែច្នៃ តម្រៀបសំរាម រើសដបប្លាស្ទិកអណ្តែតលើទន្លេ ធ្វើជាទូកមួយគ្រឿង... បានជួយឲ្យកោះ Son បង្កើតរូបភាពទាក់ទាញភ្ញៀវទេសចរណ៍។
“ក្នុងពេលកន្លងមក បើមានភ្ញៀវច្រើន គឺរៀងរាល់៣ថ្ងៃម្តង អ្នកទាំងអស់បាននាំគ្នាបោស សម្អាត និងប្រមូលសំរាម។ ជារៀងរាល់ថ្ងៃ ក្រុមអ្នកស្ម័គ្រចិត្តនឹងប្រមូលសំរាមផ្លាស្ទិក ឬដបប្លាស្ទិកដែលអ្នកទេសចរទុកចោល។ ទោះបីជាមានការឃោសនាក៏ដោយ ក៏យើងត្រូវចេញទៅធ្វើជាប្រចាំ ធ្វើបានដូច្នេះ ទើបបរិស្ថាននឹងកាន់តែស្អាតជាង”។
ក្នុងសន្និសីទបូកសរុប និងចែករំលែកលទ្ធផលនៃគម្រោង “ដើម្បីទន្លេមេគង្គគ្មានកាកសំណល់ - សាកល្បងគំរូសេដ្ឋកិច្ចវិលជុំនៅផ្សារបណ្តែតទឹកនៅ Can Tho” ដែលប្រព្រឹត្តទៅនៅទីក្រុង Can Tho នាពេលថ្មីៗនេះ លោកស្រី Tran Thi Hoa នាយិការ GreenHub បានវាយតម្លៃថា បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការអនុវត្ត គម្រោងនេះមានការរីកចម្រើនយ៉ាងខ្លាំង ដោយការួមដំណើរយ៉ាងសកម្មរបស់រដ្ឋាភិបាល និងប្រជាជនទីក្រុង Can Tho។ កាកសំណល់ជាង ៣៣០ តោនដែលប្រមូលបានតាមដងទន្លេមេគង្គពិតជាមិនច្រើនទេ ប៉ុន្តែគម្រោងនេះ បានបញ្ចប់ជាស្ថាពរនូវបេសកកម្មនៃការបង្កើតមូលដ្ឋានគ្រឹះតភ្ជាប់សហគមន៍ និងប្រមូលធនធានដើម្បីអនុវត្តរបៀបរស់នៅបៃតង ផលិតកម្មបៃតង និងការអភិរក្សធម្មជាតិ។ ពីនោះ រួមចំណែកអភិវឌ្ឍន៍ទេសចរណ៍ទន្លេ Can Tho។
“ការជ្រើសរើសទីតាំងនៅទីនេះគឺផ្សារបណ្តែត Cai Rang និងកោះ Son ព្រោះទី១ ទីតាំងចំនួនពីរនេះគឺជាកន្លែងទេសចរណ៍របស់ទីក្រុង Can Tho; ទីពីរ ទាំងនេះក៏ជាចំណុចពីរដែលស្ថានភាពកាកសំណល់ខ្លះនៅតែមានកម្រិតខ្ពស់។ គម្រោងនេះចាប់ផ្តើមដំណើរការ បង្កើតគំរូសាកល្បងនៃការប្រមូលសំរាម និងការចាត់ថ្នាក់ ហើយពីទីនោះ មូលដ្ឋាននឹងបន្តរួមដំណើរជាមួយការអនុវត្តគម្រោង ទោះបីជា គម្រោងនេះត្រូវបានបញ្ចប់ក៏ដោយ”។
ក្រៅពីគម្រោង “ដើម្បីទន្លេមេគង្គគ្មានកាកសំណល់ - សាកល្បងគំរូសេដ្ឋកិច្ចវិលជុំនៅផ្សារបណ្តែតទឹកនៅទីក្រុង Can Tho” នាពេលកន្លងមក Can Tho ក៏បានទទួលស្គាល់ប្រសិទ្ធភាពនៃគម្រោងប្រមូលសំរាមនៅតាមដងទន្លេដោយសហការជាមយយ ហូឡង់ និងសហរដ្ឋអាមេរិក។ ការយល់ដឹងរបស់ប្រជាជនអំពីការការពារបរិស្ថានបានកើនឡើងជាលំដាប់ ហើយតំបន់ទេសចរណ៍ Can Tho និងកន្លែងទាក់ទាញ បានផ្លាស់ប្តូររូបរាងបន្តិចម្តងៗ ក្នុងទិសដៅបៃតង-ស្អាត-សុវត្ថិភាព។ ជាមួយនឹងផែនការនីមួយៗដែលបានមូលដ្ឋានលើកមកយ៉ាងច្បាស់លាស់ គម្រោងនីមួយៗ ឧបត្ថម្ភដោយអង្គការនានានោះ សង្ឃឹមថា វិស័យទេសចរណ៍ Can Tho នឹងអភិវឌ្ឍន៍កាន់តែមាននិរន្តរភាព និងវិលត្រឡប់ទៅទីតាំង "មុខព្រួញ" ដ៏ត្រឹមត្រូវឱ្យបានឆាប់ៗតាមដែលអាចធ្វើទៅបាន៕