ថ្នាក់បង្រៀនអក្សរ Nom Dao នៅឃុំ Minh An ស្រុក Van Chan ខេត្ត Yen Bai (រូបថត៖ baodantoc.vn) |
ដោយមានចំណេះដឹងជ្រាលជ្រៅអំពីវប្បធម៌ ទំនៀមទំលាប់និងសំណេររបស់ជនជាតិ Dao, លោក Duong Trung Vi មកពីឃុំ Minh An ស្រុក Van Chan ខេត្ត Yen Bai តែងតែយកចិត្តទុកដាក់ថែរក្សា និងអភិរក្សនូវលក្ខណៈវប្បធម៌របស់ជាតិខ្លួន។ នៅពេលដែលនិទាឃៈរដូវមកដល់ម្តងៗ លោក Vi និងប្រជាជនដែលយល់អំពីសំណេរនិងពិធីសាសនារបស់ជនជាតិ Dao ក្នុងឃុំតែងតែរៀបចំកម្មវិធីជួបជុំដើម្បីសួរសុខទុក្ខនិងជូនពរគ្នាទៅវិញទៅមក និងលើកតម្កើងមោទនភាពជាតិលើវប្បធម៌ ដោយហេតុនេះ ចលនាឲ្យយុវជនចូលរួមថ្នាក់រៀនអក្សរ Nom Dao ដោយក្រុមរបស់លោកបង្រៀន៖
“អក្សរ Nom Dao មានកម្រិតដូចគ្នានឹងអក្សរសកលដែរ។ ខ្លឹមសារក្នុងសៀវភៅ Nom Dao គឺល្អនិងស៊ីជម្រៅណាស់ ភាគច្រើនគឺការបង្រៀនប្រដៅធ្វើជាមនុស្ស ហាមមិនឲ្យបំពានទៅលើអ្វីៗដែលមិនគួរធ្វើក្នុងជីវភាពប្រចំថ្ងៃ។ ហើយបន្ទាប់មកធ្វើពិធីបុណ្យទានក្នុងជីភាពប្រចាំថ្ងៃ។ បច្ចុប្បន្ននេះ មានហេតុផលជាច្រើនដែលធ្វើឲ្យអក្សរ Nom Dao ត្រូវបាត់បង់។នៅតាមភូមិខ្លះ គ្មាននរណាស្គាល់អក្សរ Nom Dao ទេ។ ដូច្នេះហើយ ក្រៅពីការខិតខំប្រឹងប្រែង យើងខ្ញុំសង្ឃឹមថា គ្រប់កម្រិតនិងគ្រប់វិស័យនឹងយកចិត្តទុកដាក់ជួយបើកថ្នាក់រៀនសរសេរអក្សរ Nom Dao ប្រកបដោយវិធីសាស្រ្តសម្រាប់យុវជន”។
Nom Dao ជាប្រភេទអក្សរពិបាកសរសេរនិងពិបាករៀន។ ជាធម្មតា អ្នកសិក្សាម្នាក់ៗត្រូវរៀនពី ២ ទៅ ៣ ឆ្នាំជាប់ៗគ្នា ទើបអាចអាននិងសរសេរបានជាមូលដ្ឋាន។ ដោយសារតែមានពេលវេលាសិក្សាអូសបន្លាយយ៉ាងយូរ ដើម្បីកុំឲ្យប៉ះពាល់ដល់សកម្មភាពផលិត និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់អ្នកសិក្សា ថ្នាក់បង្រៀនអក្សរ Nom Dao នៅ Minh An ត្រូវបានធ្វើឡើងនៅពេលយប់។ មានតែថ្ងៃបុណ្យទាននិងថ្ងៃចូលឆ្នាំទេ ថ្នាក់រៀនទើបបើកពេលថ្ងៃ។ លោក Duong Trung Luu អ្នកស្រុក Minh An បាននិយាយថា លោកសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលមានការតស៊ូ ឲនិងការរៀនសូត្រយ៉ាងសកម្ម ហើយពីមនុស្សម្នាក់មិនចេះអក្សរ Nom Dao ឥឡូវនេះ លោកអាចអាននិងសរសេរយ៉ាងស្ទាត់ជំនាញអក្សរប្រភេទនេះ “ខ្ញុំយល់ឃើញថា ពេលយើងចេះអក្សរ Nom Dao គឺមានប្រយោជន៍ណាស់សម្រាប់ជីវភាពប្រចាំថ្ងៃ រឿងដូចជា ពិធីទទួលផ្តល់ស័ក រាំឆ្នាំថ្មី ពិធីបញ្ចប់ការសិក្សា ថ្ងៃសាងសង់ផ្ទះ ពិធីមង្គលការ... សុទ្ធតែស្ថិតក្នុងនោះទាំងអស់។ ឥឡូវនេះមានមនុស្សតិចណាស់ដែលស្គាល់អក្សរ Dao ដូច្នេះខ្ញុំបានព្យាយាមសិក្សានិងប្រមូលចំណេះដឹង ដើម្បីបម្រើជីវភាពប្រចាំថ្ងៃនិងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌របស់ជាតិខ្លួន”។
សកម្មភាពប៉ាក់លំនាំក្បូរក្បាច់លើក្រណាត់ចរបាប់ជួយឱ្យនារីជនជាតិ Dao កាន់តែមានភាពស្និទ្ធស្នាល (រូបថត៖ baodantoc.vn) |
ចារបាប់គឺជាក្រណាត់ត្បាញដោយដៃ តាមរយៈបាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ Dao ក្រណាត់ប្រភេទនេះបានក្លាយទៅជាសំលៀកបំពាក់ដែលមានលំនាំប្លែកៗ ដែលជាវប្បធម៌ប្រពៃណីដ៏ពិសេសរបស់ជនជាតិ Dao ក្នុងសម្លៀកបំពាក់ ក៏ដូចជាក្នុងជីវភាពប្រចាំថ្ងៃផងដែរ។ ដើម្បីរក្សានូវវប្បធម៌ប្រពៃណីនោះ ពេលបុណ្យតេតមកដល់ម្តងៗ ថ្ងៃឈប់សម្រាក និងពេលទំនេរ ស្ត្រីជនជាតិ Dao នៅ Minh An បានប្រមូលផ្តុំគ្នានៅផ្ទះវប្បធម៌ភូមិ ដើម្បីរីករាយអំណរនិទាឃរដូវនិងចែករំលែក ផ្លាស់ប្តូរគ្នាទៅវិញទៅមក អំពីរបៀបដេរប៉ាក់ លំនាំនិងក្បូរក្បាច់លើសំលៀកបំពាក់របស់ជនជាតិ Dao។ លោកស្រី Trieu Thi Duyen - ជាងកាត់ដេរដ៏ប៉ិនប្រសប់នៅឃុំ Minh An ស្រុក Van Chan បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ថា ខ្លួនត្រូវតែមានការទទួលខុសត្រូវចំពោះប្រជាជនរបស់ខ្លួន យើងចេះដេរប៉ាក់ យើងត្រូវបង្រៀនកូនៗ និងចៅៗរបស់ខ្លួន ឲ្យផ្ទេបន្តពីជំនាន់មួយទៅជំនាន់មួយ បើមិនដូច្នេះទេ ជំនាន់ចាស់ខូចទៅ ជំនាន់វ័យក្មេងនឹងលែងស្គាល់ទៀតហើយ។ ខ្ញុំតែងគិតថា ក្នុងនាមជាជនជាតិ Dao ម្នាក់ត្រូវរក្សារបស់ដែលជាទំនៀមទម្លាប់ ពេលចូលរួមបុណ្យតេត ឬពិធីបុណ្យទាននានា យើងគួរស្លៀកពាក់វា ព្រោះវាជាពណ៌តំណាងជនជាតិ”។
ទន្ទឹមជាមួយនឹងអក្សរនិងសំលៀកបំពាក់ប្រពៃណី ចម្រៀងប្រជាប្រិយក៏ជាផ្នែកមួយមិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Dao នៅខេត្ត Minh An និយាយដោយឡែកនិងនៅខេត្ត Yen Bai និយាយរួម។ ដោយក្តីសង្ឃឹមថា អត្តសញ្ញាណវប្បធម៌ជាតិនឹងត្រូវបានពង្រីក សិប្បករជនជាតិ Dao មួយចំនួននៅ Minh An បានចូលរួមជាមួយក្រុមវប្បធម៌ សិល្បៈនៅតាមភូមិនានា ដើម្បីរៀបចំនិងបង្រៀនជំនាន់វ័យក្មេងពី របាំ ចម្រៀងប្រពៃណី របាំជួង និងរបាំពិសេសរបស់ជនជាតិ Dao... លោកស្រី Trieu Thi Dong បាននិយាយថា៖ “ខ្ញុំស្រលាញ់ការច្រៀងតាំងពីនៅតូច ធំដឹងក្តីត្រូវបានឪពុកម្តាយបង្រៀនឱ្យច្រៀង ខ្ញុំឃើញបទចម្រៀងរបស់ជនជាតិ Dao ជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃ។ សព្វថ្ងៃនេះ បទចម្រៀង Dao មិនត្រឹមតែប្រើក្នុងពិធីបុណ្យទានប៉ុណ្ណោះទេ ថែមទាំងក្នុងពិធីសម្តែងសិល្បៈនានាផងដែរ ដូច្នេះនាពេលកន្លងមក ខ្ញុំបានព្យាយាមបង្រៀនក្មេងៗ ឱ្យចេះច្រៀងចម្រៀងប្រជាប្រិយ Dao”។
លោក Duong Duc To ប្រធានសមាគមមនុស្សចាស់ឃុំ Minh An ស្រុក Van Chan - ដែលត្រូវបានឃុំប្រគល់ឱ្យទទួលបន្ទុកថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Dao នៅ Minh An បានឲ្យដឹងថា៖ គាត់តែងតែរួមបញ្ចូលខ្លឹមសារអំពីការថែរក្សានិងអភិរក្សវប្បធម៌នៅក្នុងបណ្តាកិច្ចប្រជុំភូមិ។ ទោះបីជាមិនទាន់បើកថ្នាក់រៀនឬក្លឹបផ្លូវការក៏ដោយ ក៏សិប្បករនិងនារីទាំងអស់នៅក្នុងឃុំបានបង្កើតជាក្រុមតូចៗ ឬមួយក្រុមនីមួយៗបង្រៀននិងរៀនអក្សរ Nom Dao ដោយខ្លួនឯងក៏ដូចជា ច្រៀងប្រជាប្រិយ Dao ផងដែរ៖ “កាលពីប៉ុន្មានឆ្នាំមុន ដោយយល់ដឹងពីបញ្ហានៃការសរសេរដៃមានសារៈសំខាន់ណាស់។ ដូច្នេះហើយ ទោះបីមិនមានគោលនយោបាយនិងគ្មានថវិកាក៏ដោយ ក៏ប្រជាជននៅតាមភូមិបានបើកថ្នាក់បង្រៀនជាច្រើនបង្រៀនដោយសិប្បករ។ តាមរយៈថ្នាក់ទាំងនេះ មនុស្សមួយចំនួនអាចសរសេរ អាន បកប្រែ យល់ដឹងនិងអនុវត្តន៍បានក្នុងជីវភាពប្រចាំថ្ងៃ។ ចំពោះការប៉ាក់និងការច្រៀងចម្រៀងប្រជាប្រិយ ថ្នាក់រៀនមិនទាន់បានបើកទេ ប៉ុន្តែនៅតាមភូមិ មានការបង្រៀនជាក្រុមហើយត្រូវបានអាជ្ញាធរតំបន់លើកទឹកចិត្តជានិច្ច”។
អំណរនិទាឃៈរដូវឆ្នាំនេះ បងប្អូនជនជាតិ Dao នៅ Minh An និយាយដោយឡែក និងខេត្ត Yen Bai និយាយរួម តែងតែមានការសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលក្រោយមួយឆ្នាំ ភូមិនេះមានអ្នកអាននិងសរសេរអក្សរ Nom Dao កាន់តែច្រើនឡើង ក៏ដូចជា ចេះពីរបៀបដេរប៉ាក់ ចេះច្រៀងចម្រៀងប្រជាប្រិយរបស់ជនជាតិខ្លួន។ ទន្ទឹមនឹងនោះ មានគ្រួសារច្រើនទៀតរួចផុតពីភាពក្រីក្រ មុខមាត់ភូមិកាន់តែមានការផ្លាស់ប្តូរ។ ប្រការដែលសប្បាយជាងនេះទៅទៀត នៅត្រីមាសទីពីរនៃឆ្នាំនេះ ដោយមានការគាំទ្រពីសមាគមជំរុញការសិក្សាខេត្ត Yen Bai ជាលើកដំបូងនៅឃុំ Minh An ស្រុក Van Chan ថ្នាក់រៀនអំពីវប្បធម៌ Dao នឹងត្រូវបានរៀបចំតាមវិធីសាស្រ្ត។ នេះនឹងជាឱកាសល្អសម្រាប់លក្ខណៈវប្បធម៌របស់ប្រជាជនដែលត្រូវបានគេផ្ទេរបន្តជារៀងរហូត៕