តែផ្កាលឿង (Hoa Vang Tea) - ប្រភពផលចំណេញរបស់ប្រជាជនស្រុក Ba Che (ខេត្ត Quang Ninh)

Chia sẻ

(VOVWORLD) -  គំរូដាំតែផ្កាលឿង (ឬគេធ្លាប់ហៅថាជាដើមតែព្រៃ) កំពុងត្រូវបានប្រជាជននៅស្រុក Ba Che ខេត្ត Quang Ninh អភិវឌ្ឍន៍។ នៅឃុំតំបន់ព្រៃភ្នំជាច្រើនក្នុងស្រុក ដូចជា  Don Dac, Thanh Son, Dap Thanh ការដាំតែផ្កាលឿងរួមផ្សំជាមួយការដាំដំណាំដទៃទៀត បានជួយឲ្យប្រជាជននៅទីនេះ បង្កើនប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

តែផ្កាលឿង (Hoa Vang Tea) - ប្រភពផលចំណេញរបស់ប្រជាជនស្រុក Ba Che (ខេត្ត Quang Ninh) - ảnh 1ដើមតែផ្កាលឿង ជាប្រភេទរុក្ខជាតិជួយកាត់បន្ថយភាពលក្រីក្រសម្រាប់ប្រជាកសិករនៅស្រុក Ba Che 

តែផ្កាពណ៌លឿង ត្រូវបានអ្នកភូមិស្រុកគេចាត់ទុកថាជា “អណ្តូងរ៉ែមាស” នៃរុក្ខជាតិឱសថរបស់ស្រុកព្រៃភ្នំ Ba Che។ ដោយសារ ដើមតែនេះនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ និងទទួលបានផលចំណេញសម្រាប់ជួយប្រជាជនលុបបំបាត់ភាពក្រីក្រ ឆ្ពោះទៅធ្វើជាអ្នកមាន។

កាលពីមុននេះ ប្រាក់ចំណូលរបស់ក្រុមគ្រួសារលោក Chiu Sinh Phan  ជនជាតិ Dao នៅឃុំ Don Dac តែងតែពឹងអាស្រ័យលើចំការ១ហិកតាសម្រាប់ដាំដើមអាកាស្យា (Acacia) និងទេពិរូ។ នៅពេលដែល អាជ្ញាធរមូលដ្ឋានបានធ្វើចលនាឲ្យធ្វើគំរូដាំតែផ្កាលឿង លោក Phan បានស្នើសុំជំនួយដើមពួជចំនួន ៣០០ ដើម។ ក្រោយរយៈពេល ៤ ឆ្នាំ ដើមតែផ្កាលឿង ៣០០ ដើម នៅក្នុងចំការបានផ្តល់ផលដំបូងចំនួនជាង ៤០ លានដុង។ ដោយមើលឃើញពីប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ លោក Phan បានបន្តពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត។ បច្ចុប្បន្ននេះ ចំការតែផ្កាលឿងរបស់លោក Phan មានដើមតែរហូតដល់ ១០០០ ដើមហើយ។

“តែផ្កាលឿងផ្តល់ប្រសិទ្ធភាពខ្ពស់និងនាំមកនូវប្រាក់ចំណូលសមរម្យណាស់សម្រាប់ក្រុមគ្រួសារយើងខ្ញុំ។ ចាប់តាំងពីយើងបានចាប់ផ្តើមដាំតែផ្កាលឿងមក គឺប្រាក់ចំណូលទទួលបានប្រសើរជាជាងដាំដើមឈើដទៃទៀត”។

មិនត្រឹមតែលោក Phan ប៉ុណ្ណោះទេ គ្រួសារជាច្រើនទៀតនៅក្នុងឃុំ Don Dac ក៏បានមើលឃើញពីប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៃការដាំដុះរុក្ខជាតិឱសថដ៏មានតម្លៃនេះផងដែរ។ លោក Trieu Duc Tinh  បានចុះឈ្មោះដាំតែផ្កាលឿងចំនួន ១៦០០ ដើម នៅពេលដែលលោកទទួលបានជំនួយឧបត្ថម្ភ ៧០% ពីស្រុកដើម្បីទិញកូនឈើ។

“ការដាំដើមអាកាស្យាគឺមិនអាចដាំតែផ្កាលឿងបានទេ ហេតុដូច្នេះត្រូវដាំដើមទេពិរូវិញ។ ពេលដាំរួច យើងត្រូវមើលថា តើដើមឈើណាមិនល្អ យើងបានកាត់ចោល ទុកតែដើមឈើល្អៗ ប៉ុណ្ណោះ ដើម្បីឱ្យវាជួយបាំងពន្លឺថ្ងៃ។ ជាទូទៅ ការថែរក្សាមិនពិបាកទេ។ រាល់ថ្ងៃយើងគ្រាន់តែទៅកាត់ស្មៅ ដើម្បីការពារកុំអោយវារឡើងដើមតែ។ ការដាំដើមឈើប្រភេទនេះ ត្រូវតែតស៊ូច្រើនឆ្នាំដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោក Trieu Duc Tinh។

រហូតដល់ខែសីហាឆ្នាំ ២០២០ ស្រុក Ba Che មានផ្ទៃដីដាំតែផ្កាលឿងប្រមាណ ២០០ ហិកតា។ នៅឆ្នាំ ២០១៩ ស្រុកទាំងមូល ប្រមូលផលផ្កាស្ងួតចំនួន ៦០០ គីឡូក្រាម ស្លឹកស្ងួតចំនួន ៦ តោន និងពួជកូនឈើជាង ១០០ ពាន់ ពោលគឺ ចំណូលសរុបប្រមូលបាន ១៣,៨ ពាន់លានដុង នាំមកនូវប្រាក់ចំណូលមានស្ថិរភាពសម្រាប់ប្រជាជន។ ស្តីពីទិសអភិវឌ្ឍន៍កដើមតែផ្កាលឿងលោក Vi Thanh Vinh ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក Ba Che បានឲ្យដឹងថា៖ “យើងខ្ញុំនឹងបង្កើនការណែនាំបច្ចេកទេសដល់ប្រជាកសិករ ជាពិសេស ការធ្វើប្រពលវប្បកម្មត្រូវតែអនុវត្តតាមបច្ចេកទេសត្រឹមត្រូវដែរ។ ខ្ញុំគិតថា ដើមដំបូងប្រជាជននឹងមានការស្ទាក់ស្ទើរក៏ពិតមែន  ប៉ុន្តែនៅពេលខាងមុខនេះ យើងខ្ញុំនឹងបន្តផ្សព្វផ្សាយដល់ប្រជាជនឱ្យយល់អំពី គោលនយោបាយរបស់ស្រុក។ នៅឆ្នាំ ២០២០ យើងខ្ញុំត្រៀុមនឹងរៀបចំពិធីបុណ្យតែផ្កាផ្កាលឿងលើកទី ៣។ គោលបំណងគឺដើម្បីផ្សព្វផ្សាយឲ្យប្រជាជននៅក្នុងប្រទេសនិងភ្ញៀវទេសចរអំពីតម្លៃរបស់ដើមតែផ្កាលឿង។ យើងខ្ញុំនឹងបន្តពង្រីកផ្ទៃដីដាំតែផ្កាពណ៌លឿង ក៏ដូចជា រួមដំណើរជាមួយអង្គភាពអាជីវកម្មដើម្បីពង្រីកមូលដ្ឋានផលិតកម្មនិងកែច្នៃបន្ថែមទៀត”

តែផ្កាលឿង (Hoa Vang Tea) - ប្រភពផលចំណេញរបស់ប្រជាជនស្រុក Ba Che (ខេត្ត Quang Ninh) - ảnh 2 ផលិតផលតែផ្កាលឿងមានទីផ្សាស្ថិរភាព

តែផ្កាលឿងគឺជារុក្ខជាតិឱសថដ៏មានតម្លៃមួយ ដែលត្រូវបានអ្នកជំនាញក្នុងស្រុកនិងបរទេសជាច្រើនកោតសរសើរជាយូរមកហើយចំពោះគុណភាពនិងការប្រើប្រាស់របស់ប្រភេទតែនេះ។ សាស្ត្រាចារ្យរង បណ្ឌិត Duong Van Thao  ប្រធានដេប៉ាដឺម៉ង់រុក្ខកម្មនៃមហាវិទ្យាល័យករិកម្មនិងព្រៃឈើបានវាយតម្លៃថា៖ “ចំពោះប្រជាកសិករស្រុក Ba Che  តែផ្កាពណ៌លឿងគឺជារុក្ខជាតិប្រចាំតំបន់។ នាពេលខាងមុខ សក្តានុពលរបស់ដើមតែផ្កាលឿងសម្រាប់ទីផ្សារក្នុងស្រុក ក៏ដូចជានៅបរទេសនឹងកើនឡើងយ៉ាងខ្លាំងដែរ។ ចំពោះទំហំចំការបណ្តុះកូនពួជ យើងឃើញថាក៏ល្អណាស់ដែរ។ យ៉ាងណាមិញ នាពេលខាងមុខ គួរតែមានការស្រាវជ្រាវបន្ថែមទៀត រួមទាំងការការពារកូនពួជ ជាពិសេសកូនឈើដែលមានហ្សែនល្អ ដើម្បីនាំមកនូវទិន្នផលឱសថល្អសម្រាប់សុខភាពរបស់មនុស្ស”

ការអភិវឌ្ឍនូវគំរូដាំតែផ្កាលឿងនៅឃុំព្រៃភ្នំស្រុក Ba Che ខេត្ត Quang Ninh បាននាំមកនូវសញ្ញាវិជ្ជមានជាច្រើន។ ក្រៅពីការលើកកម្ពស់ប្រាក់ចំណូលសម្រាប់ប្រជាកសិករមក ការអភិវឌ្ឍបណ្តុះកូនឈើខ្នាតធំនិងផលិតកម្មខ្នាតធំ ក៏ជួយប្រជាជនស្រុក Ba Che ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកផ្សព្វផ្សាយសក្ដានុពលរបស់ខេត្ត Quang Ninh តាមរយៈផលិតផលកសិកម្មប្រកបដោយគុណភាព៕

ប្រតិកម្មទៅវិញ