ទួរទេសចរណ៍ស្វែងយល់ពីបរមរាជវាំងថាំងឡុង (រូបថត៖ hanoimoi.com.vn) |
ស៊ីហ្គេមលើកទី ៣១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ឧសភា នៅទីក្រុងហាណូយ និងខេត្ត ក្រុងជុំវិញចំនួន ១១កន្លែង។ នេះជាឱកាសសម្រាប់អត្តពលិក មន្ត្រីកីឡា និងភ្ញៀវអន្តរជាតិរាប់ពាន់នាក់មកវៀតណាម ជាពិសេសទីក្រុងហាណូយ ដែលជាកន្លែងប្រព្រឹត្តទៅពិធីបើក និងបិទ ក៏ដូចជាវិញ្ញាសាប្រកួតជាច្រើន។ ព្រឹត្តិការណ៍កីឡានេះត្រូវបានរំពឹងថា គឺជាឱកាសសម្រាប់វៀតណាមក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងស្តារវិស័យទេសចរណ៍ឡើងវិញ។ យោងតាមលោក Tran Phong Binh អនុប្រធាននាយកដ្ឋានទីផ្សារទេសចរណ៍ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានឲ្យដឹងថា នេះជាលើកទី២ ហើយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម៖
“បន្ទាប់ពីស៊ីហ្គេមលើកទី ២២ ត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០០៣ ហើយឆ្នាំបន្តបន្ទាប់គឺ ២០០៤ និង ២០០៥ ចំនួនភ្ញៀវអន្តរជាតិមកវៀតណាមបានកើនឡើងយ៉ាងខ្លាំងក្នុងអត្រា ១០-២០% ក្នុងមួយឆ្នាំ។ លើកនេះ ស៊ីហ្គេមលើកទី៣១ ត្រូវបានប្រារព្ធឡើងក្នុងពេលវេលាពិសេសមួយ នោះគឺបន្ទាប់ពីរយៈពេលដ៏យូរដែលវិស័យទេសចរណ៍វៀតណាមត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ ១៩ ហើយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីវៀតណាមបានបើកទ្វារឡើងវិញជាផ្លូវការនៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២២។ ការរៀបចំ និងឆ្លៀតយកនូវព្រឹត្តិការណ៍នេះ ដើម្បីផ្សព្វផ្សាយទេសចរណ៍នឹងជាកម្លាំងចលករមួយសម្រាប់វិស័យទេសចរណ៍វៀតណាមស្តារឡើងវិញ"។
ទួរជិះកង់ «ស្នាមជើងភូមិបុរាណ Bat Trang» (រូបថត៖ hanoimoi.com.vn) |
ហាណូយ - ទីកន្លែងសម្រាប់បើក បិទ ក៏ដូចជាការប្រកួតកីឡាជាច្រើននៃស៊ីហ្គេម លើកទី៣១ ត្រូវបានរំពឹងថានឹងទាក់ទាញអត្តពលិក គ្រូបង្វឹក និងភ្ញៀវកិត្តយសជាងមួយម៉ីននាក់មកពីបណ្តាប្រទេសអាស៊ាន និងភ្ញៀវទេសចររាប់ម៉ឺននាក់មកទីក្រុងហាណូយដើម្បីគាំទ្រលើកទឹកចិត្តអត្តពលិកនិងទស្សនាផងដែរ។ ដើម្បីធានាបាននូវការរៀបចំដ៏ល្អបំផុតទាំងអស់ មន្ទីរទេសចរណ៍ទីក្រុងហាណូយបានរៀបចំប្រព័ន្ធកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរដែលមានគុណភាពខ្ពស់ ដើម្បីបម្រើគណៈប្រតិភូអន្តរជាតិ អត្តពលិក និងអ្នកសារព័ត៌មាននៅសណ្ឋាគារចំនួន ១៤ ដែលមានបន្ទប់ជាង ៣.០០០។ លោក Nguyen Hong Minh អនុប្រធានមន្ទីរទេសចរណ៍ហាណូយបានឲ្យដឹងថា៖
“វិស័យទេសចរណ៍ហាណូយមានផែនការដើម្បីណែនាំអំពីវិស័យទេសចរណ៍របស់រដ្ឋធានីសម្រាប់ភ្ញៀវទេសចរ អត្តពលិក និងអ្នកសារព័ត៌មានអន្តរជាតិ។ យើងរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីអបអរសាទរមុននៅអំឡុងពេល និងក្រោយការប្រកួតកីឡាស៊ីហ្គេម ដូចជា ពិធីបុណ្យជូនកាដូ ពិធីបុណ្យម្ហូបអាហារ ពិធីបុណ្យទេសចរណ៍ ក្នុងរយៈពេលពីថ្ងៃ ទី ១២និង ២៣ឧសភា។ តាមនោះ ណែនាំអំពីប្រភេទ និងប្រៀបខ្លាំងនៃទេសចរណ៍ហាណូយ”។
ក្រុមហ៊ុនទេសចរណ៍ក្នុងតំបន់រដ្ឋធានីបានកសាងដំណើរទេសចរណ៍ចំនួន ២៨ដែលបម្រើដល់គណៈប្រតិភូ គ្រូបង្វឹក អត្តពលិក និងភ្ញៀវដែលចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ក្នុងនោះ ដំណើរទេសចរណ៍ស្វែងយល់ពីទីក្រុងហាណូយត្រូវបានរៀបចំឡើងក្នុងរយៈពេលវិលល្ងាច ដំណើរទេសចរណ៍តភ្ជាប់ទីក្រុងហាណូយជាមួយខេត្តជិតខាងត្រូវបានរៀបចំឡើងក្នុងរយៈពេលដ៏ខ្លី សក្តិសមសម្រាប់ពេលវេលារបស់គណៈប្រតិភូ គ្រូបង្វឹក និងអត្តពលិកចូលរួម ស៊ីហ្គេម លើកទី៣១។ ក្រៅពីនោះ ក្រុមហ៊ុនក៏កសាងដំណើរទេសចរណ៍ទៅទស្សនាគោលដៅនានានៅជិតទីក្រុងហាណូយដូចជា Ninh Binh, Ha Long, Sapa, Mai Chau ជាដើម។ លោកស្រី Trinh Thi My Nghe អនុប្រធានអចិន្ត្រៃយ៍នៃសមាគមទេសចរណ៍ហាណូយបានឲ្យដឹងថា៖
“ឥឡូវនេះ មានផលិតផលរបស់ហាណូយមួយចំនួនដែលត្រៀមរួចជាស្រេច ឬកែច្នៃឡើងវិញ ហើយត្រូវបានបកប្រែជាភាសាជាច្រើន។ ជាឧទាហរណ៍ ដំណើរដកពិសោធន៍ទីក្រុងហាណូយ ក្រៅពីលើដំណើរទេសចរណ៍ដែលកំពុងដំណើរការ ក៏មានដំណើរទេសចរណ៍ថ្មីថ្មោងផងដែរ ជាពិសេស ដំណើរទស្សនាបរមរាជវាំងថាំងឡុង ដំណើរកម្សាន្តពេលយប់ពន្ធនាគារ Hoa Lo ឬការភ្ជាប់ផលិតផលទេសចរណ៍បៃតង ការធ្វើដំណើរប្រកបដោយសុវត្ថិភាព ដោយកង់ទៅកាន់ទីតាំងជិតៗ ដូចជា Bat Trang, Thuong Tin, Quoc Oai, Ba Vi... ជាដើម។ ផលិតផលទាំងអស់នេះបានត្រៀមជាស្រេចដើម្បីស្វាគមន៍ភ្ញៀវ”។
សណ្ឋាគារនៅទីក្រុងហាណូយលើកកម្ពស់គុណភាពសេវាកម្ម បង្កើតតារាងម្ហូងដ៏ទាក់ទាញដើម្បីបម្រើក្រុមភ្ញៀវ (រូបថត៖ hanoimoi.com.vn) |
ក្នុងចំណោមទីតាំងដែលបានជ្រើសតាំង សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ ខេត្ត Ninh Binh ត្រូវបានប្រគល់ភារកិច្ចរៀបចំវិញ្ញាសាការ៉ាតេ។ លោក Pham Duy Phong អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Ninh Binh បានឲ្យដឹងថា៖ “ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ គឺជាឱកាសសម្រាប់ខេត្ត Ninh Binh ផ្សព្វផ្សាយទេសចរណ៍ ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ដើម្បីទាក់ទាញភ្ញៀវទេសចរ ខេត្ត Ninh Binh បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកស្ម័គ្រចិត្ត អ្នកចែវទូក និងបុគ្គលិកទេសចរណ៍នូវព័ត៌មានអំពីទីកន្លែង តម្លៃវប្បធម៌ តំបន់ទេសចរណ៍ និងតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ ... សម្រាប់ចូលរួមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ដែលចូលរួមស៊ីហ្គេមលើកទី៣១។ ក្រៅពីនោះ Ninh Binh ក៏បានរៀបចំសប្តាហ៍ទេសចរណ៍ Tam Coc - Trang An ជាមួយនឹងកម្មវិធីដ៏វិសេសវិសាលៗជាច្រើនដែរ”។
វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានវិស័យកីឡារីកចម្រើន ក្រៅពីនោះ សកម្មភាពទេសចរណ៍កីឡាសមុទ្រ កីឡាផ្សងព្រេង ឡើងភ្នំ រត់ប្រណាំង... ក៏មានសក្តានុពល និងអត្ថប្រយោជន៍ជាច្រើនផងដែរ។ ដូច្នេះ ស៊ីហ្គេមលើកទី៣១ ក៏ជាឱកាសសម្រាប់ទេសចរណ៍វៀតណាមពិចារណា និងផ្សព្វផ្សាយសកម្មភាពទេសចរណ៍កីឡា ជាពិសេសទេសចរណ៍កីឡាវាយកូនហ្គោល។ ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេមឱ្យទទួលបានជោគជ័យ ទាមទារមិនត្រឹមតែការខិតខំប្រឹងប្រែងរបស់វិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងការខិតខំប្រឹងប្រែងរបស់វិស័យផ្សេងៗ និងតំបន់ ដែលធ្វើម្ចាស់ផ្ទះការប្រកួត។ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាដ៏សំខាន់ប៉ុណ្ណោះទេ ស៊ីហ្គេមលើកទី ៣១ ក៏ជាការជំរុញខ្លាំងសម្រាប់វិស័យទេសចរណ៍ក្នុងរដ្ឋធានីហាណូយ និងខេត្ត ក្រុងជិតខាងផងដែរ៕