ខាងលើគឺជាការផ្លាស់ប្តូរមតិអំពីករណីជំងឺដាច់សរសៃឈាមខួរក្បាល ដែលត្រូវបានវេជ្ជបណ្ឌិត Bui Thi Yen Chi មន្ទីរពេទ្យពហុព្យាបាល Vinh Long ធ្វើរោគវិនិច្ឆ័យភ្លាមៗនៅនឹងកន្លែង តាមរយៈប្រព័ន្ធបញ្ជូនរូបភាព។ កម្មវិធីនេះត្រូវបានមន្ទីរពេទ្យពហុព្យាបាល ខេត្ត Vinh Long ដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ ២០២១ ដោយជួយវេជ្ជបណ្ឌិតក្នុងការធ្វើរោគវិនិច្ឆ័យពីចម្ងាយ និងមើលរូបភាព CT scan តាមរយៈស្មាតហ្វូន។ តាមនោះ ជួយសង្គ្រោះអ្នកជំងឺជាច្រើនដែលដាច់សរសៃឈាមខួរក្បាលក្នុងអំឡុងម៉ោងមាស ដែលរួមចំណែកដល់ការកែលម្អគុណភាពព្យាបាលជំងឺ។ វេជ្ជបណ្ឌិត Bui Thi Yen Chi ទទួលបន្ទុកផ្នែកជំងឺដាច់សរសៃឈាមខួរក្បាល មន្ទីរពេទ្យពហុព្យាបាលខេត្ត Vinh Long បានចែករំលែកថា៖ “បច្ចុប្បន្ននេះ ប្រព័ន្ធ Bass គឺជាប្រព័ន្ធគ្រប់គ្រងរូបភាពរបស់អ្នកជំងឺយ៉ាងល្អប្រសើរ ដែលអនុញ្ញាតឱ្យវេជ្ជបណ្ឌិតប្រើប្រាស់រូបភាពតាមអ៊ីនធឺណិតដោយផ្ទាល់។ ត្រូវតែមានទូរស័ព្ទតភ្ជាប់អ៊ីនធឺណិត គឺនៅតាមគ្រប់ទីកន្លែង គ្រូពេទ្យអាចមើលរយៈពេល ១ដល់ ២ នាទី បន្ទាប់មកអាចអានលទ្ធផលទៅមិត្តរួមការងារ។ អ្នកជំងឺមិនចាំបាច់ចាំយូរពេចទេ ពោលគឺ តាមទម្រង់នេះចំណេញពេលវេលាមាស ជួយសង្គ្រោះជីវិតអ្នកជំងឺទាន់ពេលវេលា”។
ការធ្វើរោគវិនិច្ឆ័យត្រូវបានតភ្ជាប់តាមរយៈប្រព័ន្ធពិនិត្យនិងព្យាបាលពីចម្ងាយ។ រូបភាព៖ thaiinguyentv.vn |
អង្គភាពជំងឺដាច់សរសៃឈាមខួរក្បាលគឺគ្រាន់តែជាដេប៉ាដឺម៉ង់មួយក្នុងចំណោមដេប៉ាដឺម៉ង់ជាច្រើននៃមន្ទីរពេទ្យពហុព្យាបាល Vinh Long បានផ្តោតលើការអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាព័ត៌មាន។ ការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលរបស់មន្ទីរពេទ្យ តាមរយៈប្រព័ន្ធតភ្ជាប់អ៊ីនធឺណិតបានបង្កើតការសម្របសម្រួលពីចម្ងាយរវាងដេប៉ាដឺម៉ង់ឯកទេសក្នុងការដោះស្រាយទាន់ពេលវេលា និងព្យាបាលសង្គ្រោះបន្ទាន់ប្រកបដោយជោគជ័យសម្រាប់ករណីធ្ងន់ធ្ងរជាច្រើន ដោយមិនចំណាយពេលចល័តពេទ្យទេ”។
ទន្ទឹមនឹងនោះ ដំណាក់កាលពិនិត្យជំងឺក៏ត្រូវបានកាត់បន្ថយផងដែរ នៅពេលដែលវេជ្ជបណ្ឌិតអាចពិនិត្យលទ្ធផលអ៊ុលត្រាសោនជាមុន និងលទ្ធផលតេស្តនៅលើម៉ាស៊ីន ដោយមិនចាំបាច់រង់ចាំអ្នកជំងឺយកលទ្ធផលត្រឡប់ទៅគ្លីនីកវិញ។ លោកវេជ្ជបណ្ឌិត Nguyen Thanh Truyen នាយកមន្ទីរពេទ្យពហុព្យាបាល Vinh Long បានចែករំលែកថា៖
“មន្ទីរពេទ្យក៏បានដាក់ពង្រាយការចុះឈ្មោះពិនិត្យព្យាបាលពីចម្ងាយ ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់អ្នកជំងឺ បង្កភាពងាយស្រួលដល់អ្នកជំងឺក្នុងការចុះឈ្មោះពិនិត្យ ក៏ដូចជាក្នុងដំណើរការពិនិត្យសុខភាពផងដែរ។ ទន្ទឹមនឹងនោះ មន្ទីរពេទ្យក៏កំពុងអនុវត្តការប្រមូលថ្លៃសេវាមន្ទីរពេទ្យដោយគ្មានសាច់ប្រាក់ រៀបចំផែនការ និងសាកពិសោធន៍តាមដេប៉ាដឹម៉ង់មួយចំនួន ដើម្បីដាក់ពង្រាយកំណត់ត្រាវេជ្ជសាស្ត្រតាមប្រព័ន្ធអេឡិចត្រូនិច ហើយក៏បង្ហាញពីលទ្ធផលដែលជាទីលើកទឹកចិត្តដែរ។ នាពេលខាងមុខ មន្ទីរពេទ្យនឹងពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថល ដូចជាការគ្រប់គ្រងសុខភាពតាមប្រព័ន្ធអេឡិចត្រូនិច ការប្រមូលប្រាក់សេវាពិនិត្យព្យាបាលជំងឺមិនប្រើសាច់ប្រាក់ រហូតដល់អនុវត្តការគ្រប់គ្រងជាបណ្តើរៗ រាល់សំណុំឯកសារវេជ្ជសាស្ត្រតាមប្រព័ន្ធអេឡិចត្រូនិចទូទាំងមន្ទីរពេទ្យ”។
នៅលើទ្រង់ទ្រាយទូលំទូលាយជាងនេះទៅទៀត គ្រឹះស្ថានសុខាភិបាលជាច្រើននៅភាគខាងត្បូងនៃប្រទេសវៀតណាមបានដាក់បញ្ចូលឲ្យដំណើរការនូវកម្មវិធីចុះឈ្មោះពិនិត្យជំងឺតាមរយៈអន្តរមន្ទីរពេទ្យ។ កម្មវិធីនេះជួយអ្នកប្រើប្រាស់អាចចុចចូលប្រព័ន្ធ ដើម្បីជ្រើសរើសមន្ទីរពេទ្យ ដោយផ្តល់ព័ត៌មានផ្ទាល់ខ្លួន និងស្នើសុំការពិនិត្យ និងព្យាបាលចាំបាច់។ ប្រតិបត្តិការត្រូវបានអនុវត្តទាំងស្រុងលើកម្មវិធី ព័ត៌មានត្រូវបានដំណើរការយ៉ាងរហ័ស និងត្រឹមត្រូវ ដែលនាំមកភាពងាយស្រួលជូនអ្នកជំងឺនៅតាមផ្ទះដោយមិនចាំបាច់ទៅមន្ទីរពេទ្យទេ។
“ខ្ញុំចុះឈ្មោះក្នុងកម្មវិធីភ្លាម មិនចាំបាច់ទៅពេទ្យទាន់ពេលដើម្បីតម្រង់ជួររង់ចាំទេ។ ក្រោយពេលចុះឈ្មោះរួចរាល់ ទើបបានទៅមន្ទីរពេទ្យ មកដល់ពេទ្យ សួរទៅបុគ្គលិកមន្ទីរពេទ្យបញ្ជាក់ បន្ទាប់មកចូលជួបគ្រូពេទ្យភ្លាមៗ មិនចាំបាច់រង់ចាំដូចពេលមុននោះទេ។ មានមន្ទីរពេទ្យជាច្រើននៅលើកម្មវិធី ដូច្នេះខ្ញុំគ្រាន់តែចូលប្រព័ន្ធអេឡិចត្រូនិក ជ្រើសរើសមន្ទីរពេទ្យ ហើយចុះឈ្មោះទៅពិនិត្យ”។
“តាំងពីមានកម្មវិធីនេះមក គ្រួសារខ្ញុំមានភាពងាយស្រួលជាងមុន។ កូនរបស់ខ្ញុំចុះឈ្មោះពិនិត្យជំងឺ។ ពីមុនយើងត្រូវតម្រង់ជួរ និងរងចាំគេហៅចូលពិនិត្យតាមលេខរៀង។ ប៉ុន្តែចាប់តាំងពីមានកម្មវិធីតភ្ជាប់នេះ ខ្ញុំឃើញថា វាល្អណាស់ ខ្ញុំសង្ឃឹមថាវានឹងបន្តរីកសាយភាយ”។
ក្នុងពេលជាមួយគ្នានោះ នៅភាគខាងជើង ដូចជានៅខេត្ត Lao Cai និង Thai Nguyen ការពិនិត្យសុខភាព និងការព្យាបាលជំងឺក្នុងបរិយាកាសឌីជីថលក៏ត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយដែរ។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ អត្រានៃអ្នកចុះឈ្មោះពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យពហុព្យាបាល Lao Cai តាមរយៈអត្តសញ្ញាណប័ណ្ណភ្ជាប់បន្ទះឈីបឈានដល់ ៦៤%។ ទន្ទឹមជាមួយគ្នានោះ លិខិតបញ្ជាក់សុខភាព ប័ណ្ណបើកបរ សំបុត្រកំណើត សំបុត្រមរណៈភាពត្រូវបានភ្ជាប់ អត្រានៃការបង់ប្រាក់មិនមែនសាច់ប្រាក់កើនឡើងជាលំដាប់។ មន្ទីរពេទ្យពហុព្យាបាល Lao Cai ក៏បានអនុវត្តន៍ការប្រើសប្រាស់កំណត់ហេតុវេជ្ជសាស្រ្តអេឡិចត្រូនិច រក្សាល្អបណ្តាញតភ្ជាប់អនឡាញ និងកម្មវិធីគ្រប់គ្រងការធ្វើតេស្ត ការគ្រប់គ្រងរូបភាពវេជ្ជសាស្ត្រ។ មន្ទីរពេទ្យបានអនុវត្តកម្មវិធីថែទាំសុខភាពប្រជាជន VNCARE តាំងពីដើមឆ្នាំ។ តាមនោះ គ្រូពេទ្យរបស់មន្ទីរពេទ្យដឹងពីកាលវិភាគតាមដានរបស់អ្នកជំងឺ ហើយទូរស័ព្ទទៅរំលឹកកាលវិភាគ កំណត់ពេលវេលាពិនិត្យសម្រាប់ករណីជាក់ស្តែងនីមួយៗ។ លោកស្រី Pham Thi Thu ប្រធានការិយាល័យរដ្ឋបាល-ហិរញ្ញវត្ថុ និងគណនេយ្យបានឲ្យដឹងថា៖
“នៅពេលឥឡូវនេះ ចំនួនអ្នកជំងឺចុះឈ្មោះពិនិត្យ និងរំលឹកពិនិត្យ មានច្រើនជាង ១០០នាក់/ថ្ងៃ ហើយជាពិសេសករណីដែលប្រើប្រាស់កម្មវិធី VNCARE គឺល្អណាស់”។
លោក Dang Ngoc Huy ប្រធាននាយកដ្ឋានសុខាភិបាល Thai Nguyen។ រូបថត៖ thainguyentv.vn |
នៅខេត្ត Thai Nguyen ទីតាំងពិនិត្យ និងព្យាបាលជំងឺក្នុងខេត្ត ១០០% បានផ្តល់ការពិនិត្យ និងព្យាបាលតាមរយៈប័ណ្ណធានារ៉ាប់រងសុខភាព ដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណភ្ជាប់បន្ទះឈីប។ ទីតាំងពិនិត្យសុខភាពនិងព្យាបាលជំងឺបានអនុវត្តន៍ការតភ្ជាប់ ជាមួយនឹងការចូលពិនិត្យជំងឺជាង ១,១លានដង។ ប្រជាជនជិត ៣៨០ ពាន់នាក់មានសំណុំឯកសារតាមដានសុខភាពអេឡិចត្រូនិក (ស្រូបយក ២៩,២% នៃចំនួនប្រជាជនទូទាំងខេត្ត) ។ ទាំងនេះគ្រាន់តែជាលទ្ធផលវិជ្ជមានពីរក្នុងចំណោមលទ្ធផលវិជ្ជមានជាច្រើនដែលវិស័យសុខាភិបាលរបស់ខេត្ត Thai Nguyen សម្រេចបានក្នុងការថែទាំសុខភាព ហើយនេះក៏ជាមូលដ្ឋានសម្រាប់ខេត្ត អនុវត្តគោលដៅកសាងវិស័យសុខភាពឌីជីថល។ លោក Dang Ngoc Huy ប្រធាននាយកដ្ឋានសុខាភិបាល Thai Nguyen បានឲ្យដឹងថា៖
“ក្នុងឆ្នាំនេះ និងបណ្តាឆ្នាំបន្តបន្ទាប់ ដើម្បីបំពេញល្អនូវការងារផ្លាស់ប្តូរឌីជីថលលើវិស័យសុខាភិបាល ពោលគឺវិស័យត្រូវផ្តោតលើការងារមួយចំនួនដូចជា ៖ ផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ពីថ្នាក់មូលដ្ឋានដល់កម្រិតថែទាំបឋមខេត្ត ដើម្បីគ្រប់គ្រងផ្នែកពិនិត្យនិងព្យាបាល; កសាងកម្មវិធីសម្រាប់ការគ្រប់គ្រងឌីជីថល; កសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានសុខាភិបាលដើម្បីជួយដល់ការគ្រប់គ្រងកាន់តែប្រសើរឡើង”។
ជាមួយនឹងប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មានគ្រប់ដណ្តប់ពីទីតាំងវេជ្ជសាស្ត្រមូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធកំពុងត្រូវបានធ្វើសមកាលកម្មជាបណ្តើរៗ ហើយធនធានមនុស្សដែលមានគុណភាពខ្ពស់ត្រូវបានបំពេញបន្ថែម វិស័យសុខាភិបាលកំពុងបោះជំហានទៅមុខក្នុងដំណើរការនៃការផ្លាស់ប្តូរឌីជីថល រួមចំណែកដល់ការផ្លាស់ប្តូរច្បាស់លាស់ក្នុងការងារពិនិត្យ និងព្យាបាលជំងឺ៕