បងប៉ូលីស សួរសុខទុក្ខគ្រួសាររបស់លោក Ro Chom Brong (រូបថត៖ Ngoc Anh) |
ឃុំ Ia Bang មានប្រជាជនចំនួន ៧០ នាក់ដែលបានបញ្ចប់ការជាប់ពន្ធនាគារ ហើយក្នុងចំណោមអ្នកទាំងនោះ ពេលត្រូវបានដោះលែងពីពន្ធនាគារ វិលត្រឡប់ទៅមូលដ្ឋានវិញ ពួកគេបានចូលរួមក្លឹប “មិត្តជួយមិត្ត” ដោយស្ម័គ្រចិត្ត។ នៅពេលដែលទើបត្រូវបានបង្កើតឡើងដំបូង ក្លឹប “មិត្តជួយមិត្ត” មានសមាជិកត្រឹមតែ ២៨ នាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ មានសមាជិក ៣១ នាក់ហើយ។
នៅក្នុងការប្រជុំជីវភាពប្រចាំខែ កម្មាភិបាល ប៉ូលីសឃុំនិងតំណាងអាជ្ញាធរមូលដ្ឋាន បានធ្វើការឃោសនានិងផ្សព្វផ្សាយគោលនយោបាយនិងច្បាប់របស់រដ្ឋនិងលើកទឹកចិត្តប្រជាជនកុំអោយរំលោភច្បាប់ ជួយគ្នាជំនះការលំបាកដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជា ស្តាប់គំនិតនិងសេចក្តីប្រាថ្នារបស់សមាជិក ដើម្បីដោះស្រាយការលំបាកនិងស្ថេរភាពជីវភាពរស់នៅ។ វរសេនីយ៏ ឯក លោក Hoang Van Huan អនុប្រធាននគរបាលស្រុក Dak Doa បានឲ្យដឹងថា៖ “ប៉ូលីសនៅស្រុក Dak Do បានប្រមូលអ្នកដែលធ្លាប់ដើរតាមផ្លូវខុស ដើម្បីចូលរួមក្នុងក្លឹប “មិត្តជួយមិត្ត” ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍អាជីវកម្មនាំមកនូវជីវភាពកាន់តែប្រសើរឡើង។ បច្ចុប្បន្ន ក្លឹបបានជួយឲ្យសមាជិកចំនួន ២៥ នាក់ឱ្យខ្ចីប្រាក់ពីធនាគារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដោយមានប្រាក់កម្ចីចំនួន ៤៥០ លានដុង ហើយទន្ទឹមនឹងនេះ ជួយឲ្យសមាជិកដទៃទៀតស្វែងរកការងារធ្វើនិងចិញ្ចឹមសត្វ។ ប៉ូលីសស្រុក Dak Doa ក៏ធ្វើការជាមួយអង្គភាពអាជីវកម្មនៅតំបន់នោះដើម្បីដាក់ពាក្យសុំការងារសម្រាប់ពួកគេដែរ ដោយដោះស្រាយការងារប្រកបដោយចីរភាពសម្រាប់សមាជិកមួយចំនួន។ ចំពោះអ្នកដែលចង់រកការងារធ្វើនៅក្រៅខេត្ត Gia Lai យើងក៏បង្កើតលក្ខខណ្ឌល្អបំផុតអំពីបែបបទឯកសារ។ ឧទាហរណ៍លុបចោលកំណត់ត្រាព្រហ្មទណ្ឌសម្រាប់អ្នកទោសដើម្បីឱ្យអ្នកមានកំណត់ត្រាល្អ ធ្វើឲ្យអាជីវកម្មមានការជឿជាក់ នៅពេលជ្រើសរើសអ្នកចូលធ្វើការ”។
លោក Tran Chau Ho កំពុងបំពេញបែបបទខ្ចីប្រាក់កម្ចីពីធនាគារគោលនយោបាយសង្គមនៃស្រុក Dak Doa (រូបថត៖ Ngoc Anh) |
លោក Ro Chom Brong ជនជាតិ Jrai នៅភូមិ O Dat ឃុំ Ia Bang ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៩ ឆ្នាំពីបទឆ្លងដែនខុសច្បាប់ នៅពេលគាត់វិលត្រឡប់មកស្រុកកំណើតវិញ លោកបានចូលរួមជាមួយក្លឹប “មិត្តជួយមិត្ត” ចាប់តាំងពីថ្ងៃដំបូងដែលក្លឹបត្រូវបានបង្កើត។ លោក Ro Chom Brong បានចែករំលែកថា៖ “កាលពីមុន ពេលខ្ញុំរំលោភច្បាប់ខ្ញុំត្រូវបានរដ្ឋស្តារនីតិសម្បទាឡើងវិញ។ ពេលខ្ញុំវិលត្រឡប់មកផ្ទះវិញ ខ្ញុំបានចូលក្នុងក្លឹបមិត្តជួយមិត្តបានជិតមួយឆ្នាំហើយ។ រដ្ឋជួយយើងសាងសង់ផ្ទះថ្មី និងឲ្យគោមួយក្បាលសម្រាប់ប្រកបរបររកស៊ី។ បច្ចុប្បន្នផ្ទះខ្ញុំកំពុងដាំកាហ្វេចំនួន ៨ អារ និងដើមម្រេចចំនួន ៣០ ដើម។ ពីមុនលំបាកមែន ប៉ុន្តែឥឡូវខ្ញុំសប្បាយចិត្តណាស់ រកលុយបានគ្រប់គ្រាន់។ កាលពីឆ្នាំមុន ប្រាក់ចំណូលមានចំនួន ២៧ លានដុង”។
យ៉ាងណាមិញ អាជ្ញាធរមូលដ្ឋានតែងតែចុះសួរសុខទុក្ខលើកទឹកចិត្តនិងយកចិត្តទុកដាក់ចំពោះអ្នកដែលធ្លាប់ដើរតាមផ្លូវខុសដូចរូបលោក Ro Chom Brong ហើយបានបន្ទន់ចិត្តេពួកគេ។ លោកអនុសេនីយ៍ឯក Le The Nong នាយរងប៉ុស្តិ៍នគរបាលឃុំ Ia Bang បានឲ្យដឹងថា៖ “លោក Brong បានវិលត្រឡប់មកមូលដ្ឋានវិញក្នុងឆ្នាំ ២០១៧។ ចាប់តាំងពីវិលត្រឡប់មកមូលដ្ឋានវិញ លោកបានផ្តោតទៅលើការរកស៊ី នឹងនរចិត្តមើលថែរក្សាជីវភាពគ្រួសារ។ លោកក៏ជួយដល់ប៉ូលីសឃុំដើម្បីធានាសណ្តាប់ធ្នាប់និងសន្តិសុខនៅក្នុងតំបន់។ នៅក្នុងភូមិដែលមានក្រុមយុវជនអុកឡុក ចោលលួច ដែលរំខានដល់អ្នកភូមិ លោកបានផ្លាស់ប្តូរព័ត៌មានហើយរាយការណ៍ទៅប៉ូលីស។ លោក Brong ត្រូវបានផ្តល់ប្រាក់កម្ចីពីធនាគារគោលនយោបាយនៃស្រុក Dak Doa មុនពេលចូលរួមជាមួយក្លឹប “មិត្តជួយមិត្ត”។ ក្លឹបនេះចង់អោយអ្នកដែលធ្លាប់ដើរតាមផ្លូវខុស ផ្សាភ្ជាប់ជាមួយគ្នា បង្កើតការងារធ្វើសម្រាប់ជួយគ្នាទៅវិញទៅមក។ ឧទាហរណ៍ អ្នកដែលដាំដើមកាហ្វេច្រើនរហូតដល់រដូវប្រមូលផល គាត់បានហៅអ្នកផ្សេងឱ្យមកជួយធ្វើការវិញ”។
ក្លឹប “មិត្តជួយមិត្ត” គ្រោងនឹងសម្របសម្រួលជាមួយមជ្ឈមណ្ឌលណែនាំការងារខេត្ត Gia Lai ដើម្បីបណ្តុះបណ្តាលនិងបង្រៀនវិជ្ជាជីវៈសម្រាប់សមាជិកក្លឹបនិងសាច់ញាតិរបស់ពួកគេ។ ធនាគារគោលនយោបាយសង្គមនៃស្រុក Dak Doa បានជួយសមាជិកក្លឹប “មិត្តជួយមិត្ត” ខ្ចីដើមទុនដើម្បីវិនិយោគក្នុងផលិតកម្មនិងអាជីវកម្ម។ ដោយហេតុនេះ សមាជិកទាំងអស់ក្នុងក្លឹបមានជីវភាពរស់នៅស្ថិរភាព។ លោក Tran Thanh Ho អ្នកភូមិ ៥ ឃុំ Ia Bang គឺជាឧទាហរណ៍នៅពេលលោកបានចូលរួមក្នុងក្លឹប “មិត្តជួយមិត្ត” ពីរបីខែប៉ុណ្ណោះ។
“កាលពីមុន ខ្ញុំបានរំលោភច្បាប់ ប្លន់ទ្រព្យសម្បត្តិនិងបានទទួលការអប់រំឡើងវិញនៅពន្ធនាគារ Gia Trung អស់រយៈពេល ៤ ឆ្នាំហើយ។ វិលត្រឡប់មកមូលដ្ឋានវិញ ប៉ូលីសឃុំបានណែនាំឲ្យខ្ញុំស្គាល់ពីក្លឹប “មិត្តជួយមិត្ត”។ ដោយបងប៉ូលីសបានណែនាំខ្ញុំទើបបានដឹងថា ធនាគារគោលនយោបាយសង្គមកំពុងជួយប្រាក់កម្ចី។ ខ្ញុំបានខ្ចីប្រាក់ ៥០ លានដុង ហើយធនាគារគាំទ្រអត្រាការប្រាក់ទាបបំផុតគឺ ០,៦%/ឆ្នាំ។ ជាមួយនឹងប្រាក់កម្ចី ៥០ លានដុង ខ្ញុំបានទិញឡានដឹកទំនិញ និងមាស៊ីនភ្ជួរដីដើម្បីដឹកដំឡូងនិងធ្វើស្រែ។ គំរូក្លឹបមិត្តជួយមិត្តល្អណាស់។ យើងត្រូវបានផ្តល់ឱកាសឱ្យជួយនិងរៀនសូត្រពីគ្នាទៅវិញទៅមក យើងពិតជាត្រេកអរណាស់”។ នេះបើយោងតាមលោក Tran Thanh Ho។
ចាប់តាំងពីការបង្កើតក្លឹប “មិត្តជួយមិត្ត” មក គ្មាននរណាម្នាក់រំលោភច្បាប់ម្តងទៀតឡើយ។ សមាជិកក្លឹបក៏ជាអ្នកឃោសនាដែលប្រមូលផ្តុំប្រជាជនក្នុងមូលដ្ឋានយ៉ាងសកម្មដើម្បីគោរពគោលការណ៍ណែនាំនិងគោលនយោបាយរបស់រដ្ឋខិតខំធ្វើការនិងកែជីវភាពរស់នៅផងដែរ។
គំរូនៃក្លឹប “មិត្តជួយមិត្ត” ក្នុងឃុំ Ia Bang គឺជាទីបង្អែកដ៏រឹងមាំដើម្បីជួយអ្នកដែលធ្លាប់ដើរតាមផ្លូវខុស បានវិលត្រឡប់ទៅរកផ្លូវល្អវិញ។ ពីប្រសិទ្ធភាពនៃគំរូនេះ ស្រុក Dak Doa គ្រោងនឹងបង្កើតក្លឹប “មិត្តជួយមិត្ត” ចំនួន ២ បន្ថែមទៀតនៅឃុំផ្សេងៗផងដែរ៕