សកម្មភាពប្រមូលសំរាម |
នាចុងឆ្នាំ ២០១៨ ក្លឹបការពារបរិស្ថាន Saving Green ត្រូវបានបង្កើតឡើង ដោយមានសមាជិកចំនួន ២០ រូប មកពីសាលាវិទ្យាល័យជំនាញ Huynh Man Dat ទីក្រុង Rach Gia ខេត្ត Kien Giang។
ប្អូន Tran Tieu My ជាសិស្សថ្នាក់ទី ១០ និងជាប្រធាន ក្លឹប Saving Green បានឲ្យដឹងថា រូបប្អូនមានការជក់ចិត្តចំពោះឃ្លីបអំពីការរស់នៅបៃតង និងកិច្ចការពារបរិស្ថានរបស់និស្សតិវៀតណាមមួយរូបនៅឯបរទេស។ ហេតុដូច្នេះហើយ My មានគំនិតផ្ដូចផ្ដើមអំពីការបង្កើតក្លឹបផ្សព្វផ្សាយអំពីមនសិការរស់នៅបៃតង ដោយកាត់បន្ថយសំរាម។ My និងក្រុមមិត្តភក្តិដែលមានចំណង់ចំណូលចិត្តដូចគ្នាបានចលនាមិត្តរួមសាលាឲ្យចូលរួមក្លឹបនេះ។ នាខែធ្នូ ឆ្នាំ២០១៨ Tran Tieu My បានបញ្ចប់គំរោងស្ដីពីការបង្កើតក្លឹបនិងត្រូវបានគណនាយកសាលាអនុម័ត។ នាបច្ចុប្បន្ននេះ ក្លឹប Saving Green មានសមាជិកចំនួន ៨០ នាក់ ហើយថែមទាំងមាន fanpage មួយនៅលើហ្វេសប៊ុកទៀតផង។ ប្អូន Tran Tieu My ប្រធានក្លឹប Saving Green បានសំណេះសំណាលថា៖
“សិស្សានុសិស្សដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានបានប្រាប់តៗគ្នាថា មិនទិញបាយ ដែលខ្ចប់ក្នុងប្រអប់ស្នោទៀតទេ ពោលគឺ ទិញបាយដែលខ្ចប់ក្នុងប្រអប់ដាក់បាយវិញ ហើយថែមទាំងមិនប្រើប្រាស់ថង់ប្លាស្ទិចនៅពេលទៅផ្សារទៀតផង។ ហេតុដូច្នេះហើយ សិស្សានុសិស្សក្នុងសាលាបានធ្វើត្រាប់តាម ហើយចូលចិត្តការរស់នៅបៃតង។ នាងខ្ញុំសង្ឃឹមថា នាពេលអនាគត សាលា Huynh Man Dat នឹងក្លាយទៅជាសាលារៀនមួយ ដែលគ្មានសំរាមប្លាស្ទិច ហើយសិស្សានុសិស្សដែលបញ្ចប់ការសិក្សានៅសាលានឹងក្លាយទៅជាមនុស្ស
អរិយធម៌ រស់នៅបៃតង និងរស់នៅស្អាតផងដែរ“។
ចាប់តាំងពីពេលបង្កើតមក សមាជិកវ័យក្មេងនៃក្លឹប Saving Green បានរៀបចំតាមក្រុមផ្សេងៗ ដើម្បីទៅប្រមូលសំរាម ផ្សព្វផ្សាយអំពីមនសិការរស់នៅបៃតង អំពាវនាវឱ្យប្រជាជនគ្រប់រូបកាត់បន្ថយការប្រើប្រាសវត្ថុប្លាស្ទិក និងប្រមូលអត្ថបទសរសេរជាច្រើនអំពីផលប៉ះពាល់នៃសំរាម ប្លាស្ទិកនៅលើគេហទំព័រ fanpage ហើយទទួលបានការគាំទ្រជាវិជ្ជមានពីសំណាក់សិស្សានុសិស្សក្នុងសាលា និងសហគមន៍។ ប្អូន Doan Thi Minh Thu សមាជិការមួយរូបនៃក្លឹប Saving Green បានសំណេះសំណាលថា៖
"នាងខ្ញុំបានរៀនសូត្រនូវប្រការដ៏ល្អៗជាច្រើន នៅពេលចូលរួមក្លឹមនេះ។ នាគ្រាដំបូង នៅពេលទៅហាងលក់ទឹកនោះ នាងខ្ញុំតែងតែបោះបង់ ទុយោ ចោល។ ប៉ុន្តែក្រោយមក នាងខ្ញុំបានយកដបទឹកតាមខ្លួន ដើម្បីសន្សំសម្ចៃប្រាក់ផង និងការពារបរិស្ថានផង។ លើសពីនេះទៅទៀត នាងខ្ញុំបានប្រើប្រាស់ថង់ក្រណាត់ និងផលិតផលសរីរាង្គដើម្បីការពារបរិស្ថាន និងការពាសុខភាពសម្រាប់ក្រុមគ្រួសារផងដែរ“។
នៅពេលចូលរួម ក្លឹប Saving Green សមាជិកយុវជនវ័យក្មេងមានបទពិសោធន៍ដ៏ល្អជាច្រើន លើកកម្ពស់ការយល់ដឹង និងមានការទទួលខុសត្រូវចំពោះបរិស្ថានរស់នៅ។ លើសពីនេះទៅទៀត សមាជិក សមាជិកានៃ ក្លឹប Saving Green បានរួមចំណែកថវិកា ដើម្បីបង្កើតមូលនិធិប្រតិបត្តិកការសម្រាប់ខ្លឹបទៀតផង។ ប្អូនTruong My Anh អនុប្រធានក្លឹប Saving Green បានឲ្យដឹងថា៖
" នៅពេលចូលរួមក្លឹបនេះ ប្អូនបានយល់ដឹងបន្ថែមអំពីសកម្មភាពរស់នៅ បរិស្ថាន
និងយល់ថាបរិស្ថានកំពុងតែរងការបំផ្លាញដោយអំពើខុសឆ្គងរបស់មនុស្ស ហើយថែមទាំងមានការទទួលខុសត្រូវចំពោះខ្លួន និងចំពោះជីវភាពរស់នៅសង្គម។ នាងខ្ញុំសង្ឃឹមថា មនុស្សគ្រប់រូបអាចយល់ដឹងពីគោលដៅក្នុងការផ្សព្វផ្សាយ និងទប់ស្កាត់ការបោះសំរាមចោលផងដែរ“។
នាពេលខាងមុខ ក្លឹមការពារបរិស្ថាន Saving Green មានគម្រោងរួមសហការជាមួយសម្ព័ន្ធយុវជនទីក្រុង Rach Gia ដើម្បីរៀបចំកម្មវិធី "គ្មានសំរាម" នៅខេត្ត Kien Giang បើកយុទ្ធនាការ "តោះចាប់ផ្ដើមអនុវត្តន៍ទៅ នៅរង់ចាំអីទៀត" ដើម្បីការពារបរិស្ថាន។ ផែនការនេះនឹងអូសបន្លាយក្នុងរយៈពេល ១ ខែ ដោយមានសិក្ខាសាលា ស្ដីពីការផ្លាស់ប្ដូរទពិសោធអំពីរបៀបរស់នៅបៃតង ហើយថែមទាំងអញ្ជើញ Vlogger ដ៏ល្បីឈ្មោះ និងមានប្រជាប្រិយភាពក្នុងសង្គមចូលរួម ដើម្បីផ្សព្វផ្សាយយ៉ាងស៊ីជម្រៅដល់សហគមន៍ ជាពិសេសគឺយុវជន។ តាមរយៈសកម្មភាពទាំងនេះ សមាជិកនៃក្លឹប Saving Green អាចមានមោទនភាព ក្នុងការនាំមកនូវបរិស្ថានបៃតង អនាម័យ និងស្រស់បំព្រងផងដែរ៕