ក្រុមហាណូយបៃតង - យុទ្ធជនរួមចំណែកធ្វើឲ្យទន្លេមួយចំនួននៅហាណូយ“រស់ឡើងវិញ“

Chia sẻ
(VOVWORLD) - ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ រៀងរាល់ ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ យុវជនមួយក្រុមបានប្រមូលផ្តុំគ្នាសម្អាតសំរាមនៅតាមដងទន្លេ នាំមកនូវភាពស្អាតស្អំ និងគ្រប់ដណ្តប់ពណ៌បៃតងនៅលើទន្លេជាច្រើនក្នុងទីក្រុងហាណូយ។ អ្នកទាំងនោះគឺជាសមាជិកនៃក្រុមហាណូយបៃតង។ 
 
 
ក្រុមហាណូយបៃតង - យុទ្ធជនរួមចំណែកធ្វើឲ្យទន្លេមួយចំនួននៅហាណូយ“រស់ឡើងវិញ“ - ảnh 1ក្រុមហាណូយបៃតងកំពុងសម្អាតទន្លេរ (រូបថត៖ VOV)

ពួកគេសង្ឃឹមថា ជាមួយនឹងកម្លាំងយុវវ័យ និងការស្រឡាញ់បរិស្ថាន ពួកគេនឹងរួមចំណែកធ្វើឱ្យរដ្ឋធានីមានពណ៌ខៀវស្រាងាត់ និងកាន់តែស្រស់ស្អាត។ ជាមួយនឹងការងារដ៏មានអត្ថន័យ និងជាក់ស្តែងសម្រាប់រដ្ឋធានី នាថ្ងៃទី ៣ ខែធ្នូ នៅទីក្រុងហាណូយ ក្រុមហាណូយបៃតង ជាក្រុមមួយក្នុងចំណោមក្រុមចំនួន ១០ ដែលទទួលបានពានរង្វាន់អ្នកស្ម័គ្រចិត្តថ្នាក់ជាតិឆ្នាំ ២០២៣។

មុនម៉ោង១២ថ្ងៃត្រង់ សមាជិកនៃក្រុមហាណូយបៃតង បានប្រមូលផ្តុំគ្នានៅតំបន់ទន្លេ Nhue (ឆ្លងកាត់ខ័ណ្ឌ Kien Hung) ដើម្បីទទួលភារកិច្ច និងពាក់ឧបករណ៍ការពារ។ មុននឹងធ្វើការ ប្រធានក្រុម លោក Nguyen Tien Huy បានប្រគល់ភារកិច្ច និងណែនាំក្រុមឱ្យមានការប្រុងប្រយ័ត្ន ជៀសវាងការរងរបួសក្នុងអំឡុងពេលដំណើរការប្រមូលសំរាមពីបាតទន្លេ។ ដោយសារលក្ខណៈការងារ តែងតែជួបប្រទះនឹងហានិភ័យដែលអាចកើតមានជាច្រើន ដូច្នេះសមាជិកដែលចូលរួមទាំងអស់ត្រូវបានបំពាក់ឧបករណ៍ការពារការងារដូចជា ស្រោមដៃ ស្បែកជើងកវែង សំលៀកបំពាក់ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គ្រប់គ្នាត្រូវតែចាក់វ៉ាក់សាំងការពារជំងឺតេតាណូស។

ពេលបំពេញការងារស្ម័គ្រចិត្តរបស់ក្រុមនីមួយៗ ជាធម្មតាចំណាយរយៈពេលប្រហែល ៤ ទៅ ៥ ម៉ោង ដោយចាប់ផ្តើមនៅម៉ោង ១២ ថ្ងៃត្រង់ និងបញ្ចប់នៅម៉ោង ៥ ល្ងាច។ ជាមួយនឹងលក្ខណៈវិនិច្ឆ័យ "កន្លែងណាដែលយើងឆ្លងកាត់ កន្លែងនោះសុទ្ធតែស្អាតបាត" ក្រុមនេះតែងតែសម្អាតជាផ្នែកខ្លីៗ ហើយតែងតែព្យាយាមធ្វើឱ្យប្រាកដថាមិនទុកចោលសូម្បីតែថង់ប្លាស្ទិកតែមួយ។ ក្រុមហាណូយបៃតងផ្តល់អាទិភាពដល់ទន្លេ និងប្រឡាយដែលបំពុល  ទន្លេ "ស្លាប់" ដូចជា៖ ទន្លេ To Lich ទន្លេ Nhue កន្លែងដែលត្រូវបំពុលដោយកាកសំណល់គ្រួសាររបស់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ។

ចែករំលែកអំពីគំនិតនៃការបង្កើតក្រុមហាណូយបៃតង ប្រធានក្រុម លោក Nguyen Tien Huy បាននិយាយថា នៅចុងឆ្នាំមុន Huy បានសម្រេចចិត្តលាឈប់ពីការងារការិយាល័យ ហើយប្តូរទៅធ្វើការងារអនឡាញមួយចំនួន ដើម្បីធ្វើការជាមួយ Le Minh Hieu ដោយដាក់ពង្រាយ និងបញ្ចុះបញ្ចូលមិត្តភក្តិដែលនៅជិតៗ ចូលរួមសម្អាតសំរាមនៅតាមប្រឡាយជុំវិញផ្ទះ។ ដំណើរការនោះត្រូវបានបងប្អូនទាំងពីរថតទុកនិងបង្ហោះលើបណ្ដាញសង្គមដោយមានបំណងចង់រក្សាទុកអនុស្សាវរីយ៍។ យ៉ាងណាមិញ ជាមួយនឹងភាពជោគជ័យដែលមិននឹកស្មានដល់ ឃ្លីបសម្អាតសំរាមរបស់យុវជនពីរនាក់នេះ ទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើន។ នោះគឺជាពេលដែលក្រុមហាណូយបៃតងបានបង្កើតឡើង។ លោក Nguyen Tien Huy បានឲ្យដឹងថា៖

“ខ្ញុំមើលឃើញកម្រិតនៃការបំពុលនៅក្នុងទន្លេ និងប្រឡាយជុំវិញរដ្ឋធានី។ ខ្ញុំជាមនុស្សដែលស្រឡាញ់បរិស្ថាន ហើយនៅក្មេង។ អាស្រ័យហេតុនេះ ខ្ញុំចង់រួមចំណែកដល់រដ្ឋធានី។ ហើយខ្ញុំបានសម្រេចចិត្តបង្កើតក្រុមហាណូយបៃតង ដើម្បីអំពាវនាវដល់អ្នកស្ម័គ្រចិត្ត និងនិស្សិតវ័យក្មេងឱ្យចូលរួមក្នុងសកម្មភាព និងសម្អាតទន្លេ និងព្រែកជាមួយខ្ញុំ។ បំណងប្រាថ្នារបស់ខ្ញុំគឺ តាមរយៈឃ្លីបនេះ ខ្ញុំអាចមានឥទ្ធិពលលើចិត្តសាស្ត្ររបស់អ្នកទស្សនាទាំងអស់។ ពួកគេបានឃើញយើង ដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដោយបានចុះទៅត្រាំទឹករយៈពេល ៤-៥ ម៉ោងនៅក្នុងទន្លេ និងប្រឡាយទាំងនោះ។ តាមរយៈនោះ សង្ឃឹមថា  មនុស្សម្នានឹងយល់ដឹងកាន់តែជ្រៅជ្រះអំពីការងារអនាម័យបរិស្ថាន”។

ក្រុមហាណូយបៃតង - យុទ្ធជនរួមចំណែកធ្វើឲ្យទន្លេមួយចំនួននៅហាណូយ“រស់ឡើងវិញ“ - ảnh 2លោក Nguyen Tien Huy ប្រធានក្រុមស្ម័គ្រចិត្ត “ហាណូយបៃតង”
(រូបថត៖ VOV)

ជាមធ្យម ក្នុងមួយសប្តាហ៍ ក្រុមនឹងដំណើរការសកម្មភាពបោសសំអាត ៤ ពេល ដែលមានសមាជីកពី ១០ ទៅ ២០ នាក់/ពេល។ ពេលនីមួយៗអាចមានរយៈពេលពីរបីម៉ោង ឬពេញមួយថ្ងៃ អាស្រ័យលើដី និងបរិមាណ និងកម្រិតនៃសំណល់ វានឹងចំណាយពេលច្រើនថ្ងៃដែរ។

“បរិមាណសំរាមជាមធ្យមអាស្រ័យលើតំបន់នោះ។ នៅពេលណាដែលមានសមាជិកច្រើននឹងមានធុងសំរាមប្រមាណពី ១០០ ទៅជាង ១០០ ថង់ ដែលថង់នីមួយៗមានទម្ងន់ប្រហែល ២០ គីឡូក្រាម។ វគ្គការងារដែលមានសមាជិកតិចតួចប្រហែលពី ១៥ ទៅ ២០ នាក់ នៅតំបន់ដែលមានសំរាមតិចតួចនឹងមានប្រហែល ៣០ - ៤០ថង់”។

ចាប់តាំងពីបង្កើតឡើងមក ក្រុមហាណូយបៃតង បានអំពាវនាវដល់យុវជនរាប់រយនាក់ដែលរស់នៅក្នុងរដ្ឋធានីចូលរួម។ Le Thi Yen Nhi សមាជិកក្រុមបានចែករំលែកថា៖

“ខ្ញុំឃើញមនុស្សរើសសំរាមតាមដងទន្លេ ខ្ញុំក៏ចង់ទៅជួយអ្នករាល់គ្នា ហើយរួមគ្នាការពារបរិស្ថាន។ លើកទីមួយដែលខ្ញុំទៅសម្អាតសំរាមក្នុងទន្លេ ខ្ញុំភ័យណាស់ ព្រោះខ្ញុំមិនដែលធ្វើការងារបែបនេះទេ។ បន្ទាប់ពីការចូលរួមលើកដំបូង ខ្ញុំមានគំនិតខុសគ្នា៖ ខ្ញុំកាន់តែភ័យខ្លាច ខ្ញុំកាន់តែត្រូវព្យាយាមយកឈ្នះលើការភ័យខ្លាចនោះ”។

ក្នុងរយៈពេលកន្លងទៅ ក្រុមអ្នកស្ម័គ្រចិត្ត "ហាណូយបៃតង" បានរៀបចំពេលប្រមូលសំរាមជាច្រើននៅទូទាំងទន្លេ ព្រែក និងប្រឡាយក្នុងទីក្រុងហាណូយ ដូចជា៖ ទៅទន្លេ To Lich ប្រឡាយ La Khe ទន្លេ Nhue ... ដើម្បីសម្អាតតំបន់ទន្លេ និងបឹងដែលមានសំរាម។ ការងារនេះធ្វើឱ្យមនុស្សជាច្រើនកោតសរសើរ។

ដោយត្រូវត្រាំទឹកអស់ជាច្រើនម៉ោងក្នុងទន្លេ និងប្រឡាយដែលបំពុលនោះ យុវជននៃក្រុមហាណូយបៃតង យល់ច្បាស់ជាងអ្នកណាទាំងអស់អំពីហានិភ័យរងគ្រោះថ្នាក់ ដែលប៉ះពាល់ផ្ទាល់ដល់សុខភាពរបស់ពួកគេយ៉ាងខ្លាំង។ ទោះជាយ៉ាងនេះក្តី ការងារនៅតែបន្តព្រោះពួកគេតែងតែមានជំនឿ និងសង្ឃឹមថា នឹងផ្សព្វផ្សាយឱ្យទូលំទូលាយនូវការយល់ដឹងអំពីការគោរព និងការការពារបរិស្ថានដល់សហគមន៍។ ពានរង្វាន់អ្នកស្ម័គ្រចិត្តថ្នាក់ជាតិឆ្នាំ ២០២៣ ដែលក្រុមទទួលបាននាពេលថ្មីៗនេះ គឺជាពានរង្វាន់ដែលលើកតម្កើងដល់ការងារដ៏មានអត្ថន័យ និងជាក់ស្តែងរបស់យុវជន ដែលនៅតែព្យាយាមនាំមកនូវភាពស្អាតស្អំដល់ទន្លេរបស់រដ្ឋធានី៕

ប្រតិកម្មទៅវិញ