សកម្មភាពក្រៅម៉ោងរបស់សាលាអនុវិទ្យាល័យអន្តេវាសិកជនជាតិភាគតិចក្នុងស្រុក Luc Yen ខេត្ត Yen Bai (រូបថត៖ yenbai.gov.vn) |
មានលក្ខណៈវិនិច្ឆ័យស្នូលចំនួន ៣ ដើម្បីកសាង “សាលារៀនរីករាយ” ដែលវិស័យអប់រំកំពុងបោះជំហានឆ្ពោះទៅ គឺ សេចក្តីស្រឡាញ់ សុវត្ថិភាព និងការគោរព។
ការកសាងសាលារៀនរីករាយ ចាប់ផ្តើមដោយរឿងសាមញ្ញៗ និងជិតស្និទ្ធ ពោលគឺសិស្សម្នាក់ៗដែលមកសាលារៀន មានអារម្មណ៍កក់ក្តៅ និងក្តីស្រលាញ់ដែលរាយចេញពីគ្រូនិងមិត្តភក្តិ។
“សម្រាប់ប្អូនៗ ថ្ងៃណាក៏ជាថ្ងៃដ៏រីករាយដែរ ព្រោះប្អូនបានរស់នៅនិងសិក្សាក្នុងបរិយាកាសនៃក្តីស្រឡាញ់ ការការពារ និងការគោរព។ ប្អូនតែងតែត្រូវបានការពារជៀសផុតពីអំពើហឹង្សាក្នុងសាលា មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងចូលរួមក្នុងសកម្មភាពមានប្រយោជន៍និងគួរឱ្យចាប់អារម្មណ៍ផងដែរ។ ក្នុងការសិក្សា យើងមិនត្រឹមតែរៀនទ្រឹស្តីប៉ុណ្ណោះទេ ថែមទាំងធ្វើលំហាត់ជាក់ស្តែងជាច្រើន។ សកម្មភាពក្រៅកម្មវិធីសិក្សារបស់យើងក៏មានច្រើនដែរ យើងក៏រៀនអំពីបំណិនជីវិតផងដែរ”។
“រាល់ពេលដែលខ្ញុំបានទៅសាលារៀន ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។ ពីព្រោះនៅទីនេះ លោកគ្រូអ្នកគ្រូមានភាពជិតស្និទ្ធ និងយកចិត្តទុកដាក់ចំពោះសិស្សខ្លាំងណាស់។ មិត្តភក្តិទាំងអស់គឺសាមគ្គីគ្នា ហើយនៅពេលដែលពួកខ្ញុំទៅសាលារៀន ពួកខ្ញុំអាចចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សាដែលមានប្រយោជន៍ និងត្រូវបានបំពាក់ដោយចំណេះដឹងអំពីសុខភាពទៀតផង”។
ការកសាងសាលារៀនរីករាយបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងច្បាស់នៅតាមសាលាជាច្រើនក្នុងខេត្ត Yen Bai។ មូលដ្ឋានសំភារៈត្រូវបានយកចិត្តទុកដាក់ បរិយាកាសបៃតង ស្អាត ទំនើប សុវត្ថិភាព ពោរពេញទៅដោយមិត្តភាព។ គ្រូបង្រៀនមានការផ្លាស់ប្តូរវិធីសាស្ត្របង្រៀនយ៉ាងសកម្ម រួមចំណែកដល់ការបង្កើតម៉ោងរៀនរីករាយ និងថ្នាក់រៀនរីករាយ។ អាណាមាតាបិតារបស់ប្អូនៗសិស្សបានចែករំលែកថា៖
“កូនៗរបស់យើងមកសាលារៀនជាមួយនឹងមេរៀនមានប្រយោជន៍និងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ ដូច្នេះហើយពួកយើងមានទំនុកចិត្តនិងរំភើបយ៉ាងខ្លាំងនៅពេលបញ្ជូនកូនទៅសាលារៀន។ យើងនឹងរួមដំណើរជាមួយសាលាដើម្បីកសាងបរិយាកាសសិក្សាកាន់តែល្អនិងរីករាយជាងមុន”។
“ដោយឃើញថា ប្អូនៗរមានបរិយាកាសសិក្សាសប្បាយរីករាយ និងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ យើងមានការជឿទុកចិត្តខ្លាំងណាស់”។
គិតត្រឹមឆ្នាំសិក្សា ២០២០-២០២១ ខេត្ត Yen Bai មានសាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន ១៣៦/៤៥២ កសាងគំរូ “សាលារៀនរីករាយ”។ គំរូនេះមិនជានិយមន័យឆ្ងាយទេឬសាលារៀនក្នុងក្តីស្រមៃទេ ប៉ុន្តែទាំងនោះជាសាលាពិត។ លោក Vuong Van Bang ប្រធានមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត Yen Bai បានឲ្យដឹងថា៖
“ក្នុងពេលខាងមុខ វិស័យអប់រំនឹងបន្តអនុវត្តការសាងសង់សាលារៀនរីករាយ។ អនុវត្តន៍ល្អចលនាប្រឡងប្រណាំង គ្រូផ្លាស់ប្តូរ - សាលារៀនសប្បាយរីករាយ ហើយប្អូនៗ ទៅសាលាថ្ងៃណាក៏ជាថ្ងៃរីករាយដែរ”។
សេចក្តីសប្បាយនិងគុណភាពត្រូវបានកំណត់ថាជាសន្ទស្សន៍សំខាន់បំផុតចំនួនពីរក្នុងការអប់រំរបស់សាលារៀននីមួយៗនាពេលបច្ចុប្បន្ននេះ។ ការសាងសង់ “សាលារៀនរីករាយ” គឺជាការប្តេជ្ញាចិត្តដ៏ធំធេងរបស់វិស័យអប់រំ-បណ្តុះបណ្តាលនិយាយរួម និងខេត្ត Yen Bai និយាយដោយឡែក ដោយផ្សព្វផ្សាយសញ្ញាវិជ្ជមាន បង្ហាញពីការខិតខំប្រឹងប្រែងច្នៃប្រឌិត ដើម្បីបំពេញតាមតម្រូវការរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលឱ្យកាន់តែប្រសើរឡើង។ ទាំងអស់នេះគឺសំដៅឆ្លើយតបទៅនឹងតម្រូវការលើកកម្ពស់គុណភាពអប់រំ ក៏ដូចជាការសម្រេចបាននូវសេចក្តីប្រាថ្នាក្នុងការកសាងមនុស្សជាតិ “រួសរាយរាក់ទាក់ ទឹកចិត្តសប្បុរស សាមគ្គី ច្នៃប្រឌិត និងធ្វើសមាហរណកម្ម”៕